35 C
Phnom Penh

អ្នកវិភាគថា ទាល់តែចេះបង្កលក្ខណៈឲ្យមានភាពស្មើគ្នារវាងបុរស និងស្ត្រី ទើបសិទ្ធិទាំងពីរនេះស្មើរគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម លើកឡើងថា បើពិតជាចង់ឲ្យមានភាពស្មើគ្នារវាងស្ត្រីនិងបុរស ដើម្បីឲ្យស្ត្រីអាចចូលរួមដឹកនាំប្រទេសមែន គេត្រូវតែនាំគ្នាបង្កលក្ខណ: និងបង្កើតឱកាសឲ្យស្រ្តីមានសិទ្ធិស្មើគ្នានឹងបុរស ជាពិសេសស្ត្រីខ្លួនឯងត្រូវទាមទារនូវកាតព្វកិច្ចនេះផងដែរ។

ការលើកឡើងនេះស្របពេលនៃការប្រារព្វខួបលើកទី១១០ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ ខែមីនា ដែលជាការបង្ហាញឲ្យឃើញអំពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ និងទាមទារឲ្យសិទ្ធិស្ត្រី ស្មើនឹងបុរស ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះថា គេអាចចាប់ផ្តើមពីការធ្វើច្បាប់មួយដែលនឹងតម្រូវឲ្យគណបក្សនយោបាយដាក់បេក្ខជនជានារី និងបេក្ខជនជាបុរសឆ្លាស់គ្នា គឺនារីមួយបុរសបន្ទាប់ ឬបុរសមួយ នារីបន្ទាប់ ពីក្បាលរហូតដល់ចុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនីមួយៗ។

លោក បញ្ជាក់ថា ចំនួនពាក់កណ្តាលនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ត្រូវមាននារីនៅក្បាលបញ្ជី ដើម្បីផ្តល់ឱកាសឲ្យស្ត្រី បានកាន់តែច្រើនក្នុងការបញ្ចេញសមត្ថភាពលើកិច្ចការសង្គមជាតិ ជាពិសេសការដឹកនាំគ្រប់ជាន់ថ្នាក់របស់រដ្ឋាភិបាល។

កាលពីខែកញ្ញា ឆ្នាំ១៩៩៥ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោក នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោម ប្រធានបទ សមភាព វឌ្ឍនភាព និងសន្តិភាព ដែលបានលើកឡើងនូវកង្វល់មួយចំនួនរបស់នារី រួមមាន ការអប់រំ អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី និងសិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដើម្បីអបអរសាទរទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា នៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់សិទ្ធិស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិថែមទៀត។

យ៉ាងណាសិទ្ធិស្ត្រីនៅកម្ពុជា ត្រូវបានគេមើលឃើញថាតែងការរំលោភបំពាន និងមិនមានភាពស្នើគ្នាដូចទ្រឹស្តីដែលបានចែងនោះឡើយ។

ជាក់ស្តែងក្រុមស្ត្រីដែលធ្វើការងារតស៊ូមតិ ស្ត្រីជាសកម្មជនដីធ្លី   បរិស្ថាន និងស្ត្រីជាសកម្មជន ឬសាច់ញាតិបក្សប្រឆាំងនៅតែរងការរំលោភបំពាន ការធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់ហិង្សានៅទីសាធារណៈ ការចាប់ឃុំខ្លួន ដោយគ្រាន់តែពួកគេធ្វើការសម្តែងមតិស្របតាមរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ 

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះ សមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា បានចេញលិខិតអបអរសាទរថា បើទោះបីជាពេលកន្លងទៅការអភិវឌ្ឍរបស់សង្គមបានផ្តល់ឱកាសឲ្យស្ត្រីកាន់តែច្រើនក្តី ប៉ុន្តែស្រ្តីក្នុងវិស័យព័ត៌មាននៅតែប្រឈមនឹងបញ្ហាជាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៨ មីនា នេះថា មនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នា ពីកំណើត  ដោយមិនមានការរើសអើង ភេទ ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនាអ្វីនោះឡើយ ជាពិសេសសិទ្ធិទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ ជាងនេះទៀត គឺមិនត្រូវមានការប្រកាន់ ឬរើសអើងដោយសារ និន្នាការនយោបាយណាមួយ នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស