29 C
Phnom Penh

សហរដ្ឋអាមេរិកបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការបំផ្លាញព្រៃឈើនៅតំបន់អភិរក្សក្នុងប្រទេសកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំង ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តកើតមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៨  ខែមីនានេះ បានប្រកាសគាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃប្រទេសកម្ពុជាដទៃទៀត ត្រូវបានអភិរក្ស។

ការអះអាងរបស់អាមេរិកនេះ ស្របពេលរដ្ឋាភិបាលត្រូវបានគេមើលឃើញថាបរាជ័យក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ ពិសេសនៅតំបន់ព្រៃឡង់ ព្រោះសហគមន៍បញ្ជាក់ថាបទល្មើសនៅតែកើតមានឥតឈប់ឈរ។

ព្រៃឡង់ ដែលមានទំហំជាង៤សែន ៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើខេត្តចំនួន៤រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃ កាលពីខែឧសភា ឆ្នាំ២០១៦។

កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអះអាងក្នុងរបាយការណ៍របស់ខ្លួនថា រយៈពេលមួយឆ្នាំកន្លងមក ពោលគឺនៅឆ្នាំ២០២០ ការកាប់ឈើខុសច្បាប់នៅកម្ពុជានៅតែកើតមានឥតឈប់ឈរ ស្របពេលការបង្ក្រាបសកម្មភាពការពារព្រៃឈើ និងហាមឃាត់អ្នកការពារបរិស្ថានមិនឱ្យចូលដែនជម្រកសត្វព្រៃព្រៃឡង់ពីសំណាក់អាជ្ញាធរកាន់តែអាក្រក់។

អង្គការនេះ លើកឡើងថា ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនព្រៃឈើ ប្រជាសហគមន៍ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឡង់ បណ្តាលឱ្យសកម្មភាពបំផ្លិចបំផ្លាញព្រៃអភិរក្សនេះកើតមានកាន់តែធ្ងន់ធ្ងរ ។ 

ប្រភពដដែល បន្តថា រូបភាពថ្មីៗ និងទិន្ន័យពីផ្កាយរណប បង្ហាញថាការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់កំពុងបន្តកើតមានយ៉ាងខ្លាំង ដោយមានការឈូសឆាយព្រៃឈើនៅតំបន់ព្រៃឡង់រីករាលដាលកាន់តែខ្លាំង។  ប្រភពដដែលឲ្យដឹងទៀតថា អាជ្ញាធរកម្ពុជាត្រូវតែអនុញ្ញាតឱ្យអ្នកការពារបរិស្ថានទាំងនេះបន្តចុះល្បាត និងអនុវត្តការងារដ៏សំខាន់របស់ពួកគេដើម្បីការពារកុំអោយមានការបំផ្លាញនូវព្រៃឈើក្នុងតំបន់ការពារមួយនេះបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស