34 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា ទង្វើក្រុមប្រឆាំងនៅក្រៅស្រុកមិនអាចរាប់ចូលជាសកម្មភាពតំណាងភាពយុត្តិធម៌បានទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅក្រៅប្រទេស មិនមែនជាជនដ៏អង់អាច និងមិនអាចតំណាងភាពយុត្តិធម៌បាននោះឡើយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៨មីនា នេះថា ថ្ងៃណាមួយ គេនឹងស្គាល់ច្បាស់ អំពីក្រុមមេដឹកនាំបក្សប្រឆាំងថាជាបុគ្គលកំសាក បុគ្គលអាត្មានិយម ឬជាអ្នកធ្វើនយោបាយ Live Show ឬក៏ជាមេគំនិតជេរប្រមាថ-លាបពណ៌ ប៉ុណ្ណោះ មិនមែនជាក្រុមតំណាងឲ្យភាពស្អាតស្អំនោះទេ។

លោក អះអាងថា អ្នកធ្លាប់គាំទ្រក្រុមប្រឆាំងក្រៅប្រទេសខ្លះ ដែលធ្លាប់ធ្លាក់ខ្លួនជ្រុលនិយម ជេរប្រមាថ-លាបពណ៌ ទៅលើអ្នកដែលទិតៀន អំពីកំហុសយុទ្ធសាស្ត្រ នៃក្រុមរបស់លោក សម រង្ស៊ី ក៏បានផ្ញើសារមកសុំទោសក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក ដោយបានសារភាពថាពួកគាត់ ពិតជាបានជេរប្រមាថ និងលាបពណ៌មកលើក្រុមអ្នកតស៊ូមតិទាំងនោះប្រាកដមែន។

លោក បញ្ជាក់ថា អ្នកគាំទ្រខ្លះទៀតបានដកខ្លួនបណ្តើរៗ ពីសកម្មជនគាំទ្រផ្កាប់មុខ នឹងបានចេញទៅវាយបកតបនឹងអតីតក្រុមមេដឹកនាំរបស់ខ្លួនថា បានប្រើមធ្យោបាយទុច្ចរិតនានា តាមរយៈការផ្តល់លុយកាក់បន្តិចបន្តួច ជាថ្នូរនឹងការរៀបចំបណ្តាញជាប្រព័ន្ធ ដើម្បីជេរប្រមាថ-លាបពណ៌គេឯង ដែលមិនគាំទ្រក្រុមរបស់ខ្លួនថែមទៀត។

ការអះអាងនេះធ្វើឡើង ស្របពេលសមាជិកបក្សប្រឆាំងភាគីលោក សម រង្ស៊ី មួយចំនួនបានចេញវាយប្រហារលើអតីតមេដឹកនាំរបស់ខ្លួនថាបានប្រើអំពើទុច្ចរិតជាច្រើនដូចជាការរៀបចំបណ្តាញដើម្បី ជេរប្រមាថ ឬលាបពណ៌ទៅលើក្រុម ឬបុគ្គណាដែលបកអាក្រាតល្បិចរបស់ពួកគេ។

កាលពីចុងឆ្នាំ២០២០ កន្លងទៅ ចាប់ពីផែនការយុទ្ធសាស្ត្រមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បរាជ័យជាបន្តបន្ទាប់មក ចលនាយុវជនសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង តែងរិះគន់ មន្ត្រីជាន់ខ្ពស់ទាំងនោះយ៉ាងធ្ងន់ធ្ងរថា បានប្រើយុទ្ធសាស្រ្តខុស ជាពិសេសពួកគេបាន តិទៀន សកម្មភាពជេរប្រមាថលើបណ្តាញសង្គមហ្វេសប៊ុកនានាថា អ្នកទាំងនោះសុទ្ធសឹងតែជាក្រុមឆ្កែរកាចដែលរងចាំលាបពណ៌អ្នកដែលរិះគន់ពួកគេប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily បន្ថែមនៅថ្ងៃនេះថា អ្នកដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមបណ្តាប្រទេសមួយចំនួន ដូចជា នៅប្រទេសកាណាដា និងនៅប្រទេសកម្ពុជាតែងត្អូញត្អែរប្រាប់លោកថា ជំនួយដែលអ្នកនៅក្រៅស្រុក រៃអង្គាសជួយជនរងគ្រោះនៅក្នុងស្រុកមិនដែលបានមកដល់ដៃរបស់ពួកគេទេ ប៉ុន្តែដល់ត្រឹមតែបក្ខពួកខាងលើប៉ុណ្ណោះ។

លោក អំពាវនាវ ឲ្យមេដឹកនាំប្រឆាំងគួររៀបចំរចនាសម្ព័ន្ធបក្សរបស់ខ្លួនឡើងវិញដើម្បីពង្រឹងគុណភាពដឹកនាំបន្តទៀត ជៀសវាងបណ្តែតបណ្តោយឲ្យរីកអំពើអគុណធម៌បែបនេះកាន់តែធំទៅៗ មិនអាចគ្រប់គ្រង ត្បិតធនធានបែបនេះមិនអាចដឹកនាំប្រទេសបានទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស