រលកបាតុកកម្មនៅប្រទេសភូមា ប្រឆាំងនឹងរបបសឹក មិនបានថមថយនោះឡើយ។ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា នៅថ្ងៃចន្ទទី៨ ខែមីនានេះ ឲ្យដឹងថា បាតុកម្មប្រឆាំងរបបរដ្ឋប្រហារ បានផ្ទុះឡើងនៅទូទាំងប្រទេស ធ្វើឡើងតាមការអំពាវនាវ របស់សម្ព័ន្ធសហជីពធំៗចំនួន៩ ដែលបានស្នើសុំឲ្យចុះដើរតាមដងផ្លូវនៅគ្រប់ទីតាំងទាំងអស់ ។
ប្រភពដដែលឲ្យដឹងថា ការធ្វើបាតុកម្មទូទាំងប្រទេស ជាលើកទី២នេះ គឺដើម្បី ទាញទម្លាក់សេដ្ឋកិច្ចប្រទេសដោយរុញឲ្យរបបរដ្ឋប្រហារ ដឹងថា ពលរដ្ឋមិនគាំទ្ររបបរដ្ឋប្រហារដ៏ព្រៃផ្សៃមួយនេះឡើយ ហើយបើពលរដ្ឋ មិនគាំទ្រ របបនេះក៏មិនអាចរស់បានដែរដែរ។
ក្នុងពេល បាតុកម្មកំពុងផ្ទុះនៅទូទាំងប្រទេស កងទ័ពស្មោះត្រង់នឹងរបបរដ្ឋប្រហារក៏នៅបន្តបាញ់បង្ក្រាបទៅលើពលរដ្ឋ។ សាក្សី ឃើញផ្ទាល់ភ្នែកបាននិយាយថា ពួកយោធាបានយករថយន្តយោធា មកឃាំងក្បួនរបស់បាតុករ។ តែបែបណាក៏ដោយ ក្រុមមនុស្សដ៏ច្រើនកុះកនៅតែប្រមូលផ្ដុំគ្នាបាន ហើយបានដើរតាមដងផ្លូវធំៗក្នុងទីក្រុង។
ទីក្រុងដែលប្រជាជនចេញធ្វើបាតុកម្ម គឺនៅទីក្រុងយ៉ាំងហ្គូន ទីក្រុង ម៉ាដាឡាយ និង ទីក្រុង ណៃភិដោរ ។ នៅតំបន់ដាច់ស្រយ៉ាល នៅតាមព្រំដែន នឹងនៅតំបន់ដែលមានជនជាតិដើមភាគតិចរស់ ដូចជា ជនជាតិការ៉េន និងកាឈីន ក៏បានផ្ទុះបាតុកម្មផងដែរ ប៉ុន្តែក្នុងតំបន់ទាំងនោះកងទ័ពរំដោះជាតិការ៉េន និងកាឈីន បានចូលរួមនឹងបាតុករ ហើយ ពួកកងទ័ពទាំងនោះសន្យាថាជួយរំដោះប្រទេសចេញពីរបបរដ្ឋប្រហារថែមទៀតផង។
បាតុករបានក្រវីទង់ជាតិរបស់ប្រទេស និងទង់ជាតិដែលជានិមិត្តរូបនៃការសាមគ្គីគ្នា ជុំវិញវីរភាព របស់មហាបាតុករដែលបានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធាភូមា ជាពិសេស យុវនារី២នាក់ ដែលបានស្លាប់កាលពីថ្មីនេះ។
ពួកបាតុករបានស្រែកថ្កោទោស ពួកយោធា ជាមួយនឹងការសច្ចាថា នឹងតស៊ូរហូតដល់ពួកយោធាព្រមទំលាក់អំណាចទៅឲ្យរដ្ឋាភិបាលប្រជាធិបតេយ្យវិញ។ តាមសេចក្ដីរាយការណ៍នេះ គឺនៅតំបន់ខ្លះមាន កងប៉ូលិស និងកងយោធាបានចូលរួមក្នុងក្បួនបាតុកម្មដើម្បីប្រឆាំងរបបរដ្ឋប្រហារ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ ពួកយោធាបាន ប្រកាសអំពីការដាក់ពង្រាយកងទ័ព នៅតាមសាកលវិទ្យាល័យ មន្ទីរពេទ្យ និងតាមសាលារៀន របស់សិស្សវិទ្យាល័យ។ ប៉ុន្តែ សាក្សីនិយាយថាការដាក់ពង្រាយកងទ័ព និងកងប៉ូលិស ទាំងនោះ គឺដើម្បីទប់ស្កាត់ការប្រមូលកម្លាំងរបស់ បាតុករ។
មេបាតុករម្នាក់គឺ លោក មួង សុងខា បានសរសេរនៅលើទំព័រហ្វេសបុក របស់លោកដោយទទូចអោយស្ត្រីចេញមកធ្វើបាតុកម្មព្រោះ ថ្ងៃ ៨មិនានេះ គឺជាថ្ងៃសិទ្ធិនារីអន្តរជាតិ និងជាសិទ្ធិនារីនៃការទាមទៀសេរីភាពរបស់ខ្លួនប្រឆាំងនិងរបបរដ្ឋប្រហារខុសច្បាប់ ។ លោក មួង សុងខា បានហៅចលនារបស់នារីគឺជាផ្នែកមួយនៃបដ្ដិវត្តន៍។
អ្នកទោសនយោបាយភូមាបានស្លាប់ជាបន្ដបន្ទាប់ដោយការធ្វើទារុណកម្ម និងអំពើហិង្សា ក្នុងពេលបាតុកម្ម ដែលស្ដែងឡើងពីភាពឃោរឃៅរបស់យោធាមួយកម្រិត ប៉ុន្ដែអំពើហិង្សាទៅលើជនដែលពុំមានសេរីភាពកំពុងរស់នៅក្នុងពន្ធនាគារ បានបង្កឱ្យសាធារណជនភូមាឡើងកំសួលកំហឹងជាខ្លាំង។ អ្នកនយោបាយយ៉ាងហោចណាស់ចំនួន៣នាក់ត្រូវបានស្លាប់ដោយការធ្វើទារុណកម្មពេលកំពុងជាប់ឃុំឃាំង។
នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានភូមា Irrawaddy ឲ្យដឹងថា ការស្លាប់របស់ក្រុមបាតុករកាន់តែកើនឡើង រហូតមានអ្នកទោស នយោបាយថែមទៀតផង។
រហូមមកទល់ពេលនេះ យ៉ាងហោចណាស់មានសម្ព័ន្ធសហជីពធំៗចំនួន៩ បានអំពាវនាវឲ្យពលរដ្ឋភូមា ទាំងអស់បញ្ឈប់ការងាររបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រឆាំងនឹងរដ្ឋអំណាចរបស់ពួកយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អុង សាន់ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ។
លោក Andrew Tillett Sachs នាយកកម្មវិធីប្រចាំប្រទេសភូមា និងជាអ្នកកែទម្រង់ ជាន់ខ្ពស់ប្រចាំតំបន់សម្រាប់មជ្ឈមណ្ឌលសាមគ្គីភាព នៃអង្គការសិទ្ធិកម្មករ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «សហជីពជាច្រើនចាប់ផ្តើមធ្វើកូដកម្មរបស់ខ្លួនចាប់ពីថ្ងៃនេះ។
សេចក្តីថ្លែងការណ៍រួមរបស់សហជីពកាលពីថ្ងៃទី៧ ខែមីនា បានលើកឡើងថា ដល់ពេលហើយ ដែលសហជីពត្រូវចេញមុខការការពារលទ្ធិប្រជាធិបតេយ្យរបស់ភូមា ។
កាលពីម្សិលម៉ិញមួយថ្ងៃមុនពេល សម្ព័ន្ធសហជីពធំៗទាំង៩ បានប្រកាសអោយមានកូដកម្ម ទូទាំងតប្រទេស គឺពួកយោធា នៅតែបន្តបង្ក្រាបលើបាតុករ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែងនិង គ្រាប់កាំភ្លើងជ័រជាដើម។ បាតុករយ៉ាងតិចណាស់ ជាង១០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសនៅថ្ងៃនេះ ហើយក្នុងមានសេចក្ដីរាយការណ៍មកថា មនុស្ស២នាក់ទៀតបានស្លាប់។ បើគិតចាប់តាំងពីរដ្ឋប្រហារយោធាមកទល់នឹងថ្ងៃនេះ យ៉ាងហោចណាស់មានមនុស្សចំនួន ១ពាន់ ៨រយនាក់ ហើយត្រូវបានចាប់ខ្លួន ហើយជាង៦០នាក់ទៀតបានស្លាប់ និងរងរបួសរាប់រយនាក់៕