នយោបាយ

អ្នកវិភាគថា រដ្ឋាភិបាលគួរតែធ្វើឲ្យចេញជាសកម្មភាពជាក់នូវទិវាជាតិអំណានរបស់កម្ពុជា ១១ មីនា

By ឌឹ ខេមបូឌា ដេលី

March 10, 2021

អ្នកឃ្លាំមើលសង្គម លើកឡើងថា រដ្ឋាភិបាលគួរនាំគ្នាធ្វើសកម្មភាពជាក់ស្តែងដើម្បីធ្វើឲ្យទិវាជាតិអំណាន ថ្ងៃទី១១ ខែមិនា មានន័យកាន់តែស៊ីជម្រៅ និងមានប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា។

ការអះអាងនេះធ្វើឡើងមុនថ្ងៃ ទិវាជាតិអំណាន លើកទី៦ ដែលនឹងខិតចូលមកដល់ គឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ដែលជាទិវាមួយជុំរុញឲ្យពលរដ្ឋខ្មែរ មានទម្លាប់អានឲ្យបានកាន់តែច្រើន។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីសម្រេចបាននូវកម្មវត្ថុ និងគោលបំណងដ៏ល្អប្រពៃមួយនៃទិវាជាតិអំណាននេះ នៅតាមបណ្តាគ្រឹះស្ថានអប់រំនានាត្រូវធ្វើសកម្មភាពងាយៗ នៅថ្ងៃទិវាអំណាននេះ ដូចជា សាស្ត្រាចារ្យនៅគ្រប់គ្រឹស្ថានសិក្សាទាំងអស់ តម្រូវឲ្យសិស្ស ឬនិស្សិតអានអត្ថបទខ្លីៗ ដែលមានរយៈពេល ១០នាទី នៅក្នុងថ្នាក់ មុននឹងបង្រៀនមុខវិជ្ជារបស់ខ្លួន។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការកំណត់ ទិវាជាតិអំណាន ដែលមាន៣មាត្រា ដែលបានកំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីបណ្តុះទម្លាប់អាន ជុំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធដើម្បីចូលរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីណែនាំមួយដោយជុំរុញឲ្យ អង្គភាពថ្នាក់ក្រោម ដូចជា អគ្គនាយកដ្ឋានអប់រំយុវជន និងកីឡា មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ ត្រូវបំផុស ទិវាជាតិអំណាននេះ ឲ្យបានទូលំទូលាយ។

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២០ ក្នុងទិវាជាតិអំណានលើកទី ៥ ក្រសួងអប់រំ យុវជន និងកីឡាបានប្រារព្ធកម្មវិធីលើកកម្ពស់ ពង្រឹង និងពង្រីកផ្នែកអំណានក្រោមប្រធានបទ ការអានបណ្តុះបញ្ញា និងការស្រាវជ្រាវ ដោយបានធ្វើឡើងនៅក្នុងរាជធានី-ខេត្ដចំនួន ១០ ដែលមានរយៈពេល ១០ ថ្ងៃ។ ក្នុងទិវានោះក៏មាន ការតាំងពិព័រណ៍សៀវភៅ ការធ្វើបទបង្ហាញពីសារៈសំខាន់នៃការអាន និងការចែកសៀវភៅដោយឥតគិតថ្លៃដល់អ្នកដែលបានចូលរួមផងដែរ។

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជានិស្សិតជាន់ខ្ពស់សិក្សានៅក្រៅប្រទេស បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ទិវាជាតិអំណាននេះ ជាវិធីលើកទឹកចិត្តដល់អ្នកអានឲ្យមានសមត្ថភាពពេញលេញក្នុងការស្វែងយល់ និងការពារវប្បធម៌ជាតិរបស់ខ្លួនឲ្យបានកាន់តែច្បាស់។

លោក សេក សុជាតិ លើកឡើងថា ទិវានេះក៍ជាការរំលឹកគុណដល់បុព្វបុរសខ្មែរផងដែរ ជាពិសេសសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលលោកបានបន្សល់ស្នារព្រះហស្ថដល់កូនខ្មែរជំនាន់ក្រោយ ដែលអាចឲ្យបណ្ឌិត បញ្ញវន្តខ្មែរ អាចសិក្សាស្រាវជ្រាវតាមរយៈស្នារព្រះហស្ថរបស់លោករហូតមកដល់បច្ចុប្បន្ននេះ៕