មន្ត្រីសិទ្ធិក្នុងស្រុករិះគន់ថា សិទ្ធស្រ្តីនៅកម្ពុជាមិនទាន់ត្រូវបានអនុវត្តឲ្យបានទូលំទូលាយនៅឡើយទេ ទោះមានការចង បដា នៅថ្ងៃ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា តាមក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាលច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។
មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ទោះស្ថិតក្នុងព្រឹត្តិការណ៍កូវីដ១៩យ៉ាងណាក៏ដោយ ក៏អង្គការសង្គមស៊ីវិលព្យាយាមប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ដោយគោរពតាមវិធានការសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាល។ យ៉ាងនេះក្តី នៅទីតាំងមួយចំនួននៅតែមានការរារាំង និងរឹតត្បិតការប្រារព្ធនេះ ពីសំណាក់អាជ្ញាធរយ៉ាងដាច់អហង្ការ។
លោក សឹង សែនករុណា ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តសកម្មភាពជាក់ស្តែងដើម្បីបើកសិទ្ធស្ត្រីឲ្យកាន់តែទូលំទូលាយដើម្បីឲ្យមានការចូលរួមពីស្ត្រីឲ្យបានកាន់តែច្រើន ជាពិសេសក្នុងវិស័យនយោបាយ និងសារព័ត៌មាន ជៀសវាងការលើកឡើងពីសិទ្ធិនារីក្នុងកិច្ចការសង្គមដែលមានតែលើក្រដាស។
ការអះអាងនេះធ្វើឡើងបន្ទាប់ពី កម្មករ-កម្មការិនីរោងចក្រ គ្រូបង្រៀន កសិករ និងអ្នកធ្វើការពលកម្ម បានជួបជុំគ្នានៅតាមតំបន់ផ្សេងៗគ្នាដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីរោងចក្រ គ្រូបង្រៀន កសិករ និងអ្នកធ្វើការពលកម្ម នៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ បានជួបជុំគ្នានៅតាមតំបន់ផ្សេងៗគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ លទ្ធិប្រជាធិបតេយ្យពិតប្រាកដនាំឱ្យមានប្រព័ន្ធគាំពារសង្គម និងយុត្តិធម៌សម្រាប់ស្រ្តី។
ទោះបីជាមានការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ១៩ក៏ដោយ ក៏ស្ត្រីនិង ពលរដ្ឋក្នុងសហគមន៍នៅតែបន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងលើកកម្ពស់យុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងសមភាពរវាងបុរសនិងស្រ្តី។
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានចេញលិខិតអបអរសាទរទិវាសិទ្ធិនារី អន្តរជាតី ៨មីនា ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ យ៉ាងរឹតមាំ។
ទោះជាបែបនេះក្តី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ អង្គការសមាគមន៍ជាង ២០ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្នើឲ្យរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលមានលក្ខណៈរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា ច្បាប់ស្តីសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ ពួកគេទាមទារឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវចាត់វិធានការអនុវត្តសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុក លើអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ដែលហៅកាត់ថា សីដ ផងដែរ។
ទិវាសិទ្ធិនារីបានចាប់ផ្តើមឡើង កាលពីអំឡុង ឆ្នាំ១៩០៩ ដែលគេហៅថា ទិវាជាតិនៃស្ត្រី National Woman’s Day ដែលដឹកនាំបំផុសបំផុលដោយ គណបក្សសង្គមនិយម របស់សហរដ្ឋអាមេរិក ក្រោមការប្រឹងប្រែងរបស់ស្ត្រីសកម្មជនទាមទារសិទ្ធិសេរីភាពដ៏ឆ្នើមម្នាក់ គឺអ្នកស្រី Theresa Malkiel ពលរដ្ឋអាមេរិកាំង ដើមកំណើត UKrain ដែលបាន តស៊ូទាមទារឲ្យមានការកែលំអលក្ខខណ្ឌការងារជាច្រើន របស់ពលការិនី និងកម្មការិនី នៅតាមរោងចក្រនានា ក្នុងសហរដ្ឋអាមេរិក៕