28 C
Phnom Penh

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្តៅទៅលើបុគ្គល ដែលល្មើសបំរាមឬគេចពីការធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរព្រះសីហនុ ប្រកាសចាត់វិធានការក្តៅតាមផ្លូវច្បាប់ ទៅលើបុគ្គលទាំងឡាយណា ដែលបានល្មើសបំរាម របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទាក់ទិនវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ការប្រកាសដាក់ចេញវិធានការផ្លូវច្បាប់នេះ បានកើតឡើងក្រោយពេល សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានសហការចាប់ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ កាលពីម៉ោងជិត ១២យប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចស្រុកកំពង់សីលា ដែលប្រចាំការតាមផ្លូវជាតិលេខ៤ បានឲ្យដឹងថា ស្ត្រីជនជាតិចិនខាងលើនេះ បានលួចគេចចេញពីខេត្តព្រះសីហនុ ធ្វើដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយជិះរថយន្តតាក់ស៊ី ហើយក្រោយមក ត្រូវម្ចាស់រថយន្តតាក់ស៊ីខាងលើនេះ បានសាងបន្តទៅឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259។

ប៉ុន្តែសកម្មភាពល្មើសបំរាម របស់អាជ្ញាធរខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យ នៅតាមគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ទាក់ឃាត់ស្ត្រីជនជាតិចិនរូបនោះ និងនាំមកសាកសួរ រួចក៏បានបញ្ជូនស្ត្រីជនជាតិចិនរូបនេះ ឲ្យត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើចត្តាឡីស័ក។ ចំណែក អ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើករថយន្តតាក់ស៊ី ព្រមទាំងអ្នកជាប់ពាក់ព័ន្ធដ៏ទៃទៀត នឹងត្រូវអនុវត្តតាមវិធានការច្បាប់ ឲ្យបានធ្ងន់ធ្ងរបំផុត។

ទាក់ទិនការបំពានបំរាមនេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជាវិធានការផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩រួមមាន៖

ទី១- ចំពោះស្ត្រីជនជាតិចិនរូបនេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត។

ទី២- ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០រៀល (ដប់លាន) ទៅ ៥០.០០០.០០០រៀល (ហាសិបលានរៀល) ។

ទី៣-ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬគេចវេះពីការធ្វើ          ចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយត្រូវផ្តន្ទាទោសតាមមាត្រា១១ នៃអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះ អនុវត្តចំពោះជនទាំងឡាយ ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បន្តក្រើនរំលឹកដល់ ពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់អាជ្ញាធរខេត្ត ក៏ដូចជាការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ កុំឲ្យរីករាលដាលកាន់តែធ្ងន់ធ្ងរថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស