26 C
Phnom Penh

កម្ពុជាប្រកាសត្រៀមខ្លួនជួយជំរុញឱ្យស្ថានភាពនៅប្រទេសភូមាវិលទៅរកប្រក្រតីភាពស្របតាមគោលការណ៍អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា បានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយជំរុញឱ្យប្រទេសភូមា វិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយ    ក៏ដោយ ជាពិសេសទម្រង់ដែលស្របតាមគោលការណ៍អាស៊ាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ក្នុងអន្តរាគមន៍របស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃ               រដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាបានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋ ជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយប្រទេសភូមា វិលទៅរកភាពប្រក្រតីឡើងវិញ ស្របតាមមាគ៌ាអាស៊ាន ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

ប្រភពដដែលបន្តថា ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា។

សេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឡើងក្រោយពីស្ថានការណ៍នៅប្រទេសភូមា កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ ក្នុងកម្រិតប្រកាសអាសន្ន បន្ទាប់ពីក្រុមយោធា បានបង្ក្រាបទៅលើក្រុមបាតុករអហិង្សាយ៉ាងចាស់ដៃ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ហើយមនុស្សជិត២ពាន់នាក់ផ្សេងទៀតត្រូវបានក្រុមយោធាចាប់ឃុំខ្លួន។

បាតុកម្មនេះ បានអូសអន្លាយរយៈពេលជាង១ខែមកហើយចាប់តាំងពីខែកុម្ភៈ បន្ទាប់ពីមានរដ្ឋប្រហារយោធា និងការចាប់ខ្លួនមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ អ្នកស្រី អោង សាន ស៊ូជី ដែលឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅ។

យ៉ាងណាស្ថានភាពអាក្រក់នៅភូមានេះ កម្ពុជាបានអះអាងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានផ្សេងទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍ក្នុងប្រទេសភូមា។ លើសពីនេះ កម្ពុជា មានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហិង្សា ដែលបណ្តាលឱ្យមានមនុស្សយ៉ាងច្រើនបាត់បង់ជីវិតជាបន្តបន្ទាប់។

អត្ថបទទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា មេដឹកនាំយោធាភូមា លោក មីង អួងហ្លាំង ប្រកាសថាលោកចង់ងាកទៅរកប្រទេសលោកខាងលិច ដោយចង់ងាកចេញឲ្យឆ្ងាយពីប្រទេសចិន។ ការលើកឡើងនេះ ក្រោយពេលស្ថានភាពនៅភូមាកាន់តែឈានទៅរកគ្រោះអាសន្ន ខណៈក្រុមបាតុកររាប់ម៉ឺននាក់កាន់តែសម្រុកថ្កោលទោសការធ្វើរដ្ឋប្រហារយោធាមួយនេះ។

អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងកាលពីថ្ងៃទី៨ខែមីនាថា ពួកផ្តាច់ការភ័យបារម្ភខ្លាំងណាស់ រឿងប្រជាពលរដ្ឋម្ចាស់ប្រទេស ចេញធ្វើចលនាមហាជនស្រុះគ្នា ដើម្បីប្រើសិទ្ធិធ្វើបាតុកម្មប្រឆាំងតវ៉ា  ទូទាំងប្រទេសថ្កោលទោសការដឹកនាំផ្តាច់ការ។

ប៉ុន្តែរឿងដែលពួកគេដឹកនាំផ្តាច់ការកាន់តែភ័យខ្លាចបំផុតនោះ គឺខ្លាចកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ពជាតិ បានយល់អំពីកាតព្វកិច្ច តួនាទីរបស់ខ្លួន និងករណីយកិច្ចការពារសិទ្ធិមនុស្ស ដោយមិនធ្វើខ្លួនជាឧបករណ៍ជនផ្តាច់ការ សម្រាប់ប្រើអំណាចបង្ក្រាបប្រជាពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស