31 C
Phnom Penh

លោកហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរខេត្ត រាជធានី រៀបចំកន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយសារកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានបញ្ជាទៅកាន់អាជ្ញាធរខេត្ត រាជធានីទាំងអស់ត្រូវរៀបចំកន្លែងបូជាសព សម្រាប់អ្នកដែលស្លាប់ដោយសារកូវីដ១៩ ប្រសិនបើមានករណីស្លាប់កើតឡើង។

ថ្លែងសារពិសេសនៅថ្ងៃទី៩ខែមីនានេះ លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងបណ្តាខេត្តទាំងអស់ ត្រូវរៀបចំកន្លែងសម្រាប់បូជាសព បើសិនមានករណីអ្នកជំងឺកូវីដ១៩ស្លាប់។ លោកអះអាងថា ការធ្វើដូច្នេះ ព្រោះត្រូវយកសពអ្នកកើតជំងឺដង្ហើមនេះទៅបូជា ដោយមិនត្រូវធ្វើការបញ្ចុះឡើយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

លោក ហ៊ុន សែន បន្តថា ប្រសិនបើមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំងអស់ បើទោះបីជាទំនៀមទម្លាប់ខុសគ្នា គឺមិនត្រូវយកសពទៅបញ្ចុះឡើយ ព្រោះនេះជាករណីចាំបាច់ ដែលត្រូវតែធ្វើការបូជា ដោយសារមិនមានដីដើម្បីកប់សព។

លោកថា ការធ្វើដូចនេះ  ដើម្បីគ្រប់គ្រងដីធ្លី និងដើម្បីបញ្ចៀសមិនឱ្យមានការដាក់សពគ្រប់កន្លែង ស្របពេលស្ថានភាពនៃជំងឺកូវីដ១៩ បច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។

ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងគួរឱ្យកត់សម្គាល់ ដោយករណីវិជ្ជមានត្រូវបានរកឃើញលើពលរដ្ឋដែលប្រកបរបរផ្សេងៗនៅតាមបណ្តារាជធានី និងខេត្តមួយចំនូន។ លោកហ៊ុន សែន ក៏បានបញ្ជាក់ថាស្ថានភាពឆ្លងជំងឺកូវីដ១៩ចូលទៅកាន់សហគមន៍ កាន់តែមានសភាពធ្ងន់ធ្ងរ ព្រោះបានកើតឡើងទៅលើមន្ត្រីរាជការ កងកម្លាំង រហូតដល់សិល្បៈករ សិល្បៈការិនីថែមទៀតផង។

ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤៨នាក់ និងអ្នកជំងឺម្នាក់ ជាករណីធ្វើដំណើរមកពីបរទេសខណៈអ្នកជាសះស្បើយចំនួន ២១នាក់។

គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ពាន់ ៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់។

មកទល់ពេលបច្ចុប្បន្ន មានជនជាតិចិនម្នាក់ដែលមានផ្ទុកជំងឺកូវីដ១៩ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថាការស្លាប់នោះដោយពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនប៉ុណ្ណោះ។

នៅថ្ងៃនេះផងដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់ចេញនូវវិធានការចំនួន៨ចំណុច ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។

វិធានការទាំងនោះ រួមមានការផ្អាកការពិធីជួបជុំដែលមានលក្ខណៈទ្រង់ទ្រាយធំ ទាំងការជួបសំណេះសំណាលនានា។ ពង្រឹងការយកចិត្តទុកដាក់ទៅលើស្ថានភាពអនាម័យ នៅក្នុងមណ្ឌលកែប្រែទាំងឡាយ ប៉ុន្តែមន្ត្រីធ្វើការជាធម្មតា។ ដោយឡែកមន្ត្រីនៅតាមស្ថានប័ន អង្គភាព អគ្គនាយកដ្ឋាន ត្រូវកាត់បន្ថយមន្ត្រីទៅបំពេញការងារ ចាប់ពីថ្ងៃទី៩ខែមីនា រហូតដល់ថ្ងៃទី១៦ខែមីនា ប៉ុន្តែត្រូវរៀបចំមន្ត្រីប្រចាំការ។ បន្ថែមពីនេះ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ហើយក្នុងករណី មានអាការៈក្តៅខ្លួន ក្អក ឬសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ពុំចាំបាច់មកបំពេញការងារជាដើម។

អ្នកវិភាគនយោបាយ  លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះថា វិធានការម៉ឺងម៉ាត់របស់ លោក ហ៊ុន សែន គឺដូចទើបភ្ញាក់ពីដំណែក។ លោកថា នោះគឺដោយសារយុទ្ធសាស្ត្រនយោបាយ មុខមាត់ និងលាភសក្ការៈ ដឹកមុខចំណាត់ការបច្ចេកទេសរបស់ក្រសួងសុខាភិបាល ដោយមិនខ្វល់ពីសុខភាពសាធារណៈរបស់ពលរដ្ឋ។

លោកលើកឡើងថា ជំងឺកូវីដ១៩ អាចនឹងរាតត្បាតកាន់តែខ្លាំង ប្រសិនបើល្ខោនយោបាយរបស់រដ្ឋាភិបាលកម្ពុជាមិនព្រមបញ្ចប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស