វៀតណាមគឺជាប្រទេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមិនទាន់បានប្រកាសជាផ្លូវការថានឹងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬក៏វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននោះទេ។
អ្នកវិភាគយល់ឃើញថា មនោអារម្មណ៍នៃការស្អប់ប្រឆាំងនឹងចិនជុំវិញភាពតានតឹងការទូត និងជម្លោះអធិបតេយ្យនៃប្រទេសនេះ គឺជាកត្តាដែលធ្វើឱ្យវៀតណាមមិនប្រើប្រាស់វ៉ាក់សាំងចិន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន South china morning post ចុះផ្សាយកាលពីថ្ងៃទី៧ ខែមិនា។
ពលរដ្ឋម្នាក់នេះ គឺកញ្ញា Hoang Cam Hang វ័យ២៥ឆ្នាំ ដែលបានផ្ដល់បទសម្ភាសឲ្យសារព័ត៌មាន ដែលមានមូលដ្ឋាននៅក្រុងហុងកុងមួយនេះថា កញ្ញាកំពុងរង់ចាំការចាក់វ៉ាក់សាំងកូវីដ។
វៀតណាមគឺជាប្រទេសមួយដែលត្រូវបានកត់ត្រាថាមានការឆ្លងកូវីដនៅមានចំនួនតិចទៅៗ បន្ទាប់ពីបើកយុទ្ធនាការចាក់វាំងសាំងចាប់ពីសប្ដាហ៍មុនជាង១១ម៉ឺនដុស តែជាវ៉ាក់សាំង AstraZeneca ផលិតដោយក្រុមហ៊ុនឱសថនៃប្រទេសអង់គ្លេស ។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុននោះត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុង ហូជីមិញ ពីប្រទេសកូរ៉េខាងត្បូង ហើយត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋ វៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
គួរឱ្យដឹងថាក្រុមហ៊ុនផលិតឱសថ SK Bioscience របស់កូរ៉េខាងត្បូង មានរោងចក្រផលិតឱសថមួយ ដែលទទួលបានការយល់ព្រមឲ្យផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នោះ។
ក្រសួងសុខាភិបាលវៀតណាម បានប្រាប់ឲ្យដឹងថា វៀតណាមគ្រោង ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៩០ លានដូស នៅក្នុងឆ្នាំនេះ ដែលក្នុងនោះមានវ៉ាក់សាំង ៣០ លានដូស តាមរយៈកម្មវិធី COVAX ចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ហើយក្រៅពីនេះវៀតណាមកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះពីក្រុមហ៊ុនឱសថអាមេរិក Pfizer ថែមទៀត។
ដំណើរការចាក់នេះត្រូវប្រព្រឹត្តនៅ១៨មន្ទីរពេទ្យដែលជាតំបន់មានការកើតឡើងជំងឺកូវីដ១៩ច្រើន។ នេះបើយោងតាមរដ្ឋមន្រ្ដីសុខាភិបាល វៀតណាមលោក Nguyen Thanh Long ។
កញ្ញា Hoang Cam Hang វ័យ ២៥ឆ្នាំនោះបានឱ្យដឹងថា កញ្ញាធ្វើការនៅក្រសួងសុខាភិបាលដែរ។
កញ្ញាបន្តថាកញ្ញានឹងចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលយល់ព្រមឲ្យប្រើ ហើយក្រៅពីវ៉ាក់សាំង AstraZeneca ជម្រើសបន្ទាប់សម្រាប់កញ្ញា គឺ វ៉ាក់សាំងមកពីរុស្ស៊ី បន្ទាប់មកអាមេរិក ហើយចិនចុងក្រោយបើគ្មានជម្រើស។ កញ្ញាថាការសម្រេចចិត្តបែបនេះគឺតាមរយៈការតាមដានព័ត៌មាន។
វ៉ាក់សាំង Pfizer/BioNTech គឺជាវ៉ាក់សាំងពេញនិយមបំផុតដែលត្រូវបានទទួលស្គាល់មុនគេ ហើយប្រសិទ្ធភាពរបស់វាគឺ៩៤%។ វាជាវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក។
បើធៀបនឹងវ៉ាក់សាំងស៊ីណូហ្វាម ដែលបង្កើតឡើងដោយក្រុមជីវសាស្រ្ដនៅអ៊ូហានមានប្រសិទ្ធភាព តែជាង ៧២% ប៉ុណ្ណោះ (72.5%)។
ដោយឡែក វ៉ាក់សាំងស៊ីណូវ៉ាក់ វិញការចាក់លើកម្មករនៅប្រទេស ប្រេស៊ីល មានប្រសិទ្ធភាព តែជាង៥០% (50.6%) ប៉ុន្ដែនៅប្រទេសតួកគី ក្នុងដំណើរការចាក់ទ្រង់ទ្រាយតូចថាមានប្រសិទ្ធភាពដល់ទៅ៩១% ឯណោះ។
តែទោះជាយ៉ាងណា ក្នុងចំណោមវ៉ាក់សាំងនៃបណ្ដាប្រទេសទាំងឡាយគឺវ៉ាក់សាំងចិនចែកចាយបានច្រើនជាងគេ ទោះបីជាមានការបារម្ភពីប្រសិទ្ធភាពបែបណាក៏ដោយ។
ជំហរតែមួយរបស់អ្នកដែលត្រូវបានកាសែត The South China Morning post សម្ភាសនេះត្រូវបានគេមើលឃើញថាជាកត្តាកំណត់ទំនាក់ទំនងរបស់ចិន បើទោះបីជាចិនបាននាំចូល វ៉ាក់សាំងរបស់ខ្លួនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណាក្តីនោះ។ ជាងនេះទៅទៀតមានតែវៀតណាម ទេដែល ប្រកាសថារដ្ឋាភិបាលសម្រេចប្រើប្រាស់ វ៉ាកសាំងរបស់ចិន។
ចំណែក Indonesia កាលពីខែមករាបានបើកកម្មវិធីទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដល់ទៅ ៣.២ លានដូស។
ឥណ្ឌូនេស៊ីជាប្រទេសដែលបញ្ចូនអ្នកស្ម័គ្រចិត្តរបស់ខ្លួន៤ពាន់នាក់ចូលរួមក្នុងដំណើរការនៃការផលិតវ៉ាក់សាំងមួយប្រភេទនេះរបស់ចិននៅក្រុមហ៊ុនជីវឱសថចិនឈ្មោះ អេនហុយ ហ្សីវហ្វី ឡងខំ (Anhui Zhifei Longcom)។ ចំណែកម៉ាឡេស៊ីវិញបានទទួលយកវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន ខណៈសិង្ហបុរីកំពុងតែស្វាគមន៍វ៉ាក់សាំងទាំងនោះដែលកំពុងដឹកមកកាន់ប្រទេសនេះដែរ។
សម្រាប់ព្រុយណេក៏បានទទួលការបរិច្ចាគពីចិន នៃវ៉ាក់សាំងស៊ីណូហ្វាមដែរ។ សម្រាប់ថៃ-ឡាវ-កម្ពុជា និងហ្វីលីពីនគឺប្រើទាំង វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ របស់ចិន។ ចំពោះភូមាបានសន្យានឹងប្រើវ៉ាំក់សាំងចិនដែរតែមិនទាន់មកដល់នៅឡើយ។
លោក Nguyen Phuong Linh នាយករងនៃក្រុមហ៊ុនប្រឹក្សាសកលទទួលបន្ទុកការគ្រប់គ្រងហានិភ័យបានឱ្យដឹងថាការ វៀតណាមមិនប្រើវ៉ាក់សាំងរបស់ចិននោះ ដោយសារសញ្ចេតនាប្រឆាំងចិនជាសាធារណៈតែម្ដង។
មេដឹកនាំវៀតណាមបានប្រកាសថាខ្លួនសម្រេចបានយ៉ាងជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩ ត្បិតថាប្រទេសនេះមានប្រជាជន៩៨លាននាក់ ហើយមានករណីឆ្លងចំនួន ២ពាន់ ៥រយនាក់ ស្លាប់៣៥នាក់ហើយមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសនោះទេ។
លោក Phuong Linh បន្តថា ចាប់ផ្ដើមពីការរីករាលដាលជម្ងឺកូវីដនេះគឺ វីរុសនេះត្រូវបានរាយការណ៍មកថា ប្រភពដើមមកពីប្រទេសចិនបន្ទាប់មកមកការស្អប់ខ្ពើមចិនកាន់តែខ្លាំងឡើងៗ គួបផ្សំ និងរឿងជាច្រើនទៀតដូចជា ករណី ជម្លោះដែនសមុទ្រជាដើម។
កុម្មុយនីស្ដវៀតណាម និងចិន កាលពីមុន មានទំនាក់ទំនងរកាំរកូសជាមួយគ្នាណាស់ ចាប់តាំងពីវៀតណាមបានផ្តាច់ខ្លួនចេញពីចិនបានសម្រេចនៅ ឆ្នាំ៩៣៩។
នៅឆ្នាំ១៩៧៩វៀតណាមមានជម្លោះព្រំដែនជាមួយនឹងមហាយក្សមួយនេះ ដែលជាឆ្នាំនៃការឆ្លើយតបចំពោះការដែលវៀតណាមលុកលុយចូលកម្ពុជា។
សច្ចេតនានេះកាន់តែបញ្ឆេះបញ្ឆួលឡើងនៅពេលដែលជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូងបានកើតឡើង រវាវៀតណាមជាមួយ ចិនហើយមួយទៀត គឺសកម្មភាពរបស់ក្រុងប៉េកាំងនៅក្បាលទំនប់ នៃទន្លេមេគង្គ ក៏បង្កឱ្យមានការថ្នាក់ថ្នាំងចិត្ត ពីវៀតណាមផងដែរ។
ហេតុដូចនេះហើយបានជាក្រុងហាណូយមានការប្រុងប្រយ័ត្នខ្លាំងក្នុងការកសាងទំនាក់ទំងនជាមួយនឹងចិន៕