27 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ការព្រមានលើមន្ត្រីនគរបាលចរាចរណ៍បំបៅដោះកូនតាមដងផ្លូវគឺជារឿងមិនត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស សំដែងការខកចិត្ត ចំពោះទង្វើអធិការស្រុកប៉ាងសៀម ខេត្តស្ទឹងត្រែង ដែលព្រមានលើស្ត្រីអនុសេនីយ៍ទោបំបៅដោះកូនតាមដងផ្លូវក្នុងពេលបំពេញការងារ ថាជារឿងមិនត្រឹមត្រូវ ព្រោះមិនបានវែកញែកឲ្យបានច្បាស់ពីកំហុស និងគុណសម្បត្តិ។

តាមរយៈលិខិតមួយដែលប្រធានក្រុមការងារយេនឌ័រ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានផ្ញើទៅកាន់អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១០ខែមីនានេះ ដោយជំទាស់ទៅនឹងឥរិយាបទអធិការស្រុក ប៉ាងសៀម ដែលបានធ្វើការព្រមានលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនទាក់ទិននឹងការបង្ហោះរូបបំបៅដោះកូនក្នុងពេលបំពេញបេសកកម្មថាជាទង្វើប៉ះពាល់ដល់អង្គភាពនោះ ថា ជាការបំបាក់ស្មារតីស្ត្រីក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិ។

អ្នកស្រី អះអាងថា ការថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនេះមិនបានបង្ហាញពីភាពស៊ិចស៊ី ដើម្បីបង្អួតសាធារណៈជន ដែលអធិការស្រុករូបនេះត្រូវព្រមាននោះទេ ប៉ុន្តែនេះជាភស្តុតាង និងជាគំរូមួយដែលអាចបង្ហាញឲ្យឃើញថា នេះហើយស្ត្រីជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន។

ការះអាងនេះធ្វើឡើងបន្ទាប់ពីស្ត្រីអនុសេនីយទោម្នាក់បានបំបៅដោះកូនក្នុងពេលបំពេញបេសកកម្មហើយថតបង្ហោះហ្វេសប៊ុក ដែលត្រូវបានអធិការស្រុង ជាថ្នាក់លើធ្វើការព្រមានភ្លាមៗ។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ អធិការស្រុក ប៉ាងសៀម ក្នុងខេត្តស្ទឹងត្រែង បានព្រមានជាលាយលក្ខណ៍អក្សរ ដើម្បីចាត់វិធានការ លើស្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុក ប៉ាងសៀម អ្នកស្រី ស៊ីថុង សុខា ដែលបានបំបៅដោះកូនក្នុងពេលបេសកកម្ម និងថតរូបបង្ហោះដោយគ្មានការអនុញាតិពីអង្គភាព។

ទាក់ទិននឹងបញ្ហានេះ អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ លោក ហ៊ឹម យ៉ាន បានប្រតិកម្មភ្លាមៗ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃថា ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាពជាមុនសិន។

ក្រោយពេលមានការស្តីបន្ទោសមកលើខ្លួនពីសំណាក់ថ្នាក់លើ អ្នកស្រី ស៊ីថុង សុខា បានធ្វើលិខិតកិច្ចសន្យាជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី៩ ក្រោយថ្ងៃសិទ្ធិនារីអន្តរជាតិមួយថ្ងៃ ដោយសូមទោសចំពោះការថតរូបបង្ហោះលើហ្វេសប៊ុកនៅពេលបំបៅដោះកូននេះ។

អ្នកស្រី សន្យាថា នឹងមិនធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ ខណៈមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបញ្ជាក់ថាការបំបៅដោះកូន ហើយការថតបង្ហោះរបស់អ្នកស្រីគ្មានអ្វីខុសនោះឡើយ។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែន ករុណា បានប្រាប់សារព័តមាន The Cambodia Daily នៅនេះថា ឥរិយាបទរបស់អធិការស្រុកសៀមប៉ាង និងមន្ត្រីជាន់ខ្ពស់ទទួលផែនចរាចរណ៍នៃក្រសួងមហាផ្ទៃ  លោក ហ៊ឹម យ៉ាន បែបនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាព ពិសេសសេរីភាពរបស់ស្ត្រី។ លោកថា មន្ត្រីនគរបាលបំបៅដោះកូននោះ មិនបានបង្ហោះរូបក្នុងទំព័រហ្វេសប៊ុករបស់អង្គភាពនោះទេ ដូច្នេះមិនចាំបាច់ត្រូវសុំការអនុញាតិពីថ្នាក់លើនោះឡើយ។

លោក អះអាងថា រូបដែលមន្ត្រីចរាចរណ៍រូបនោះបង្ហោះ គឺនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ប៉ុណ្ណោះ ដែលមិនប៉ះពាល់ដល់កិត្តិយស់អង្គភាពសូម្បីតែបន្តិច។ ជាងនេះទៀត អធិការស្រុករូបនោះគួរតែលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ជាស្ត្រីឲ្យបានល្អប្រសើរ។ ជាក់ស្តែងនៅពេលដែលឃើញមន្ត្រីជាស្រ្តីទាំងនោះ ធ្វើការបណ្តើរបំបៅកូនតូចបណ្តើរដូច្នេះនោះ។

លោក សឹង សែនករុណា អំពាវនាវ ឲ្យក្រសួងស្ថាប័នានា របស់រដ្ឋាភិបាលពិចារណាឡើងវិញ ដើម្បីជួយលើកទឹកចិត្តដល់ស្ត្រីឲ្យអាចចូលរួមកិច្ចការក្នុងសង្គមជាតិឲ្យបានកាន់តែច្រើន និងគ្មានការអើសអើង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស