28.4 C
Phnom Penh

គណបក្ស GDP ថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សក្រៅរដ្ឋាភិបាល ព្រមានថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់អាចការពារ និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងសង្គ្រោះ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ពួកគេថា រដ្ឋាភិបាលមួយដែលមានសមត្ថកិច្ចពេញលេញ គឺអាចបញ្ជៀសភាពគ្មានការងារដល់ពលរដ្ឋ និងការបាត់បង់ប្រាក់ចំណូលច្រើនជាងនេះ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋាភិបាល    កម្ពុជាចាំបាច់ ត្រូវដាក់ចេញនូវវិធានមួយចំនួនបន្ថែមទៀត ដូចជា ការដាក់ចេញនូវផែនការច្បាស់លាស់ ដោយផ្សារភ្ជាប់ជាមួយទំហំថវិការជាតិជាក់លាក់ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ដោយសារវិបត្តិកូវីដ១៩។

ប្រភពដដែលបន្តថា រដ្ឋាភិបាលត្រូវធានាចំពោះពលរដ្ឋថា ខ្លួនមានសមត្ថភាពពេញលេញ ក្នុងការទទួលយកអ្នកសង្ស័យវិជ្ជមានកូវីដ១៩មកធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ការឧបត្ថម្ភផ្សេងឲ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។ ជាងនេះទៀត រដ្ឋត្រូវកំណត់ចំនួនមនុស្ស ឬទីតាំងឲ្យបានជាក់លាក់ ឧបករណ៍ជំនួយដង្ហើម និងក្រុមគ្រូពេទ្យថែមទៀត។

ការអះអាងនេះ ធ្វើបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ក្រោយមានព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារបស់គណបក្សកាន់អំណាច បានបើកកិច្ចប្រជុំ អនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន ៦ ជំពូក និង ១៨មាត្រា។

ច្បាប់នេះ  ដើម្បីពិន័យលើបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋាភិបាលកម្ពុជា។

បើគ្មានអ្វីប្រែប្រួលទេ ច្បាប់ថ្មីនេះ នឹងត្រូវបានព្រឹទ្ធសភាអនុម័តជាផ្លូវការនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ខែមីនាថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាឧបករណ៍មួយដែលចាំបាច់ផងដែរក្នុងការជួយគ្រប់គ្រងការរាតត្បាតជំងឺកូវីដឲ្យមានប្រសិទ្ធិភាព។

ទោះជាបែបនេះក្តី បណ្ឌិត យ៉ាង សាំងកុមារ រិះគន់ថា ច្បាប់នេះ ហាក់ដូចជាតក់ក្រហល់ពេក និងមានលក្ខណៈរឹតបន្តឹងជ្រុលរហូតដល់ពិន័យឲ្យមានការដាក់ពន្ធនាគារ ជាដើម។

យ៉ាងណាក៏ដោយ លោក អំពាវនាវ ឲ្យរដ្ឋាភិបាលផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនមុននឹងអនុវត្ត ជៀសវាងការអនុវត្តដែលមានលក្ខណៈចាប់បង្ខំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស