28.4 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសកែប្រែបម្រាមរបស់ខ្លួនវិញ ដោយអនុញ្ញាតឱ្យឥស្លាមសាសនិកអាចបញ្ចុះសពបាន ករណីស្លាប់ដោយកូវីដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកែប្រែបម្រាមរបស់ខ្លួនដែលថ្លែងការពីថ្ងៃទី៩ខែមីនា ដោយបញ្ជាឱ្យអាជ្ញាធររាជធានី ខេត្តទាំងអស់ ត្រូវរៀបចំបច្ឆាសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយលោកហាមមិនឱ្យមានការបញ្ចុះសពនោះទេ។

យ៉ាងនេះក្តី ក្នុងសារពិសេសជាសំឡេងរបស់លោកហ៊ុន សែន នៅថ្ងៃទី១០ ខែមីនានេះ វិញ លោកបាន អនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមសាសនាអ៊ិស្លាម បើមានសាសនិកអ៊ិស្លាមណាម្នាក់ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

លោកបន្តថា ការបូជាសពរបស់សាសនិកអ៊ិស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ គឺត្រូវកំណត់ទីតាំងច្បាស់លាស់ និងគោរពវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។

តែយ៉ាងណា សាសនាអ៊ិស្លាម ពុំបានអនុញ្ញាតឲ្យបូជាចំពោះសពជាសាសនិកអ៊ិស្លាមឡើយ ពោលគឺរាល់សពជាសាសនិកអ៊ិស្លាម គឺត្រូវបញ្ចុះជានិច្ច។

កាលពីថ្ងៃអង្គារម្សិលមិញ លោក ហ៊ុន សែន ប្រកាសថា បើមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា គឺត្រូវបូជា ដោយមិនត្រូវបញ្ចុះឡើយ។

លោកអះអាងថា ការធ្វើដូច្នេះ ព្រោះត្រូវយកសពអ្នកកើតជំងឺកូវីដ១៩ ទៅបូជា ដោយមិនត្រូវធ្វើការបញ្ចុះឡើយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ បើទោះបីជាទំនៀមទម្លាប់ខុសគ្នា គឺមិនត្រូវយកសពទៅបញ្ចុះឡើយ ព្រោះនេះជាករណីចាំបាច់ ដែលត្រូវតែធ្វើការបូជា ដោយសារមិនមានដីដើម្បីកប់សពផង។ លោកថា ការធ្វើដូចនេះ  ដើម្បីគ្រប់គ្រងដីធ្លី និងដើម្បីបញ្ចៀសមិនឱ្យមានការដាក់សពគ្រប់កន្លែង ស្រពេលស្ថានភាពនៃជំងឺកូវីដ១៩ បច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៤នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះបានកើនដល់ជាង៦០០នាក់។ គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១ ១២៤នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៥៤៩នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន៥៧៤នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស