ក្នុងស្ថានភាពមិនច្បាស់លាស់ដោយមិនដឹងថារបបរបស់ខ្លួននឹងរស់បានដល់ពេលណា ពួកយោធា បានបន្តវាយបង្រ្កាបលើបាតុករ ដោយសម្លាប់បាតុករស្លាប់ជារៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្ដីបាតុកម្មនៅតែបន្តផ្ទុះឡើងជារៀងរាល់ថ្ងៃ ដោយមិនចុះចាញ់ទៅនឹងការបាញ់បង្ក្រាបពីសំណាក់ពួកយោធានោះទេ។
បាតុករភូមាមិនត្រឹមតែប្រឆាំងពួកយោធា ធ្វើរដ្ឋប្រហារប៉ុណ្ណោះទេ តែពួកគេខ្លះបានប្រឆាំងប្រទេសចិនផងដែរ។ បាតុករចោទថា ចិននៅពីក្រោយ រដ្ឋប្រហាររបស់ពួកយោធា។ នៅថ្ងៃនេះ សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសភូមា គឺសារព័ត៌មាន Irrawaddy បានចុះផ្សាយថា ពួកយោធាភូមា បានចាប់ពង្រត់ មន្ត្រីក្រសួងការបរទេស ២នាក់ ដែលបានបញ្ចេញ ដំណឹងពីការជួបសំងាត់ និងបន្ទាន់រវាង មន្ត្រីចិន និងពួកយោធាភូមា កាលពីចុងខែកុម្ភៈ។
ប្រភពដដែលឲ្យដឹងថា លោក U Chan Aye, ជានាយករងនៃក្រុមជំនួយការរបស់ក្រសួងការបរទេស ត្រូវបាននាំខ្លួន ពីលំនៅដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ទី៩ ខែមីនា ។
បើតាម Irrawaddy សាក្សីឃើញនឹងភ្នែកបានប្រាប់ថា បុរសនោះ ត្រូវបាននាំខ្លួនចូលរថយន្តមួយគ្រឿង ហើយច្រកមុខរបស់គាត់ទៀតផង។ ចំណែកឯបុរសម្នាក់ទៀត ឈ្មោះថា U Soe Thu Ra, គឺជាលេខាធិការកត់ត្រា នៃកិច្ចប្រជុំសំងាត់រវាងពួកយោធា និងតំណាងរដ្ឋាភិបាលចិន។
ក្រុមគ្រួសាររបស់ បុរស២រូបនេះ ក៏បានអះអាងថា ពួកគាត់ទាំង២នាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយ។ ឯកសារដែលបានបែកធ្លាយត្រូវបានមើលឃើញលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍នេះ បានបង្ហាញអំពី មន្ត្រីចិន ជួបសំងាត់ជាមួយមន្ត្រីយោធា ភូមា នៅក្នុងទីស្ដីការនៃក្រសួងការបរទេស។ ប៉ុន្តែក្នុងឯកសារនោះគឺតំណាងរដ្ឋាភិបាលចិនបានស្នើអោយពួកយោធា ជួយការពារអត្ថប្រយោជន៍របស់ចិន ដែលមាននៅលើទឹកប្រទេសភូមា ហើយជួយទប់ស្កាត់ការងើបឡើងរបស់ប្រជាជនភូមា និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងចិន ។
នៅក្នុងក្រសួងការបរទេស យ៉ាងហោចណាស់មានមន្ត្រីជាង ៣០%បានបោះបង់ចោលការងាររបស់ពួកគេ ដោយសម្រេចមកចូលរួមនឹងបាតុកម្ម ប្រឆាំងរបបរដ្ឋប្រហារ។ ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១កុម្ភៈ មក គឺ ឯកអគ្គរដ្ឋទូត ភូមាយ៉ាងតិច៩រូប ត្រូវបានពួកយោធាដកហូតតំណែង ហើយប្ដឹងទៅតុលាការពីអំពើក្បត់ជាតិ ព្រោះតែប្រឆាំងនឹងរដ្ឋាបាលរបស់ពួកយោធា។
ឯកអគ្គរដ្ឋទូតទាំងនោះ មាននៅសហរដ្ឋអាមេរិក នៅអង្គការសហប្រជាជាតិ នៅអង់គ្លេស នៅជប៉ុន នៅអាល្លឺម៉ង់ ប្រទេសស្វីស និងប្រទេស ណ័រវេស ជាដើមសុទ្ធតែជាប់ពាក្យបណ្ដឹងរបស់ពួកយោធា។
បណ្ដាញផ្សាយផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ពួកយោធាភូមា បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេសអោយត្រឡប់មកប្រទេសវិញ។ ប្រភពដដែលឲ្យដឹងថា របបរដ្ឋប្រហារបានកោះហៅឯកអគ្គរដ្ឋទូត Kyaw Zwar Minn បន្ទាប់ពីលោកបានបង្ហាញជំហរប្រឆាំងការឡើងកាន់អំណាចរបស់ពួកយោធា ហើយបានទាមទារឱ្យដោះលែងលោកស្រី អ៊ុង សាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំឱ្យមានសេរីភាព។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃចន្ទទី៨មីនា លោក Kyaw Zwar Minn បានលើកឡើងថាប្រទេសរបស់លោកកំពុងបែកបាក់ សាមគ្គីជាតិទៅហើយ ដែលងាយនឹងធ្លាក់ចូលក្នុងហានិភ័យនៃការផ្ទុះសង្រ្គាមស៊ីវិល។
លោក Kyaw Zwar Minn ដែលជាអតីតវរសេនីយ៍ឯកម្នាក់បាននិយាយថាលោកមិនចង់ ឃើញប្រជាជនភូមាស្លាប់នោះទេ។ លោកអំពាវនាវឱ្យក្រុមបាតុករ និងយោធាបញ្ឈប់ ហិង្សាព្រោះប្រទេសមួយនេះបានបែកបាក់រួចទៅហើយ ដែលលោកថាវាងាយនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។
លោកបានប្រាប់ទៅ BBCថា លោកស្រី ស៊ូជីជាអ្នកតែងតាំងរូបលោក ហើយសម្រាប់រូបលោកសន្យាបន្តអនុវត្តតាមរដ្ឋបាលរបស់លោកស្រីសូជី។ លោកទទូចថា ពួកយោធាត្រូវតែដោះលែងលោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint។
បើតាមឯកអគ្គរដ្ឋទូត Kyaw Zwar Minn ដំណោះស្រាយមិនមែនស្ថិតនៅលើទីក្រុងញូយ៉ក ឬក៏នៅក្នុងទីក្រុងឡុងដ៍នោះទេ តែវាស្ថិតនៅលើរដ្ឋធានីណៃពិដោនៃប្រទេសភូមា។
ភ្លាមៗបន្ទាប់ពី ការលើកឡើងរបស់លោក Kyaw Zwar Minn គឺរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បាន សរសើរយ៉ាងខ្លាំងចំពោះឯកអគ្គរដ្ឋទូតរូបនេះ។ លោក Dominic ចាត់ទុកលោក Kyaw Zwar Minn ជាជនក្លាហាន និងអ្នកស្នេហាជាតិ។
បើតាមការព័ត៌មានចុងក្រោយឲ្យដឹងថា មន្ត្រីប៉ូលិសនិងយោធា ប្រហែលជាមួយពាន់នាក់ បានសម្រេចចូលរួមបាតុកម្មរបស់ជនស៊ីវិល ។ ពួកគេ គឺជាកម្លាំងមួយដែលនាំអោយមានការព្រមានថា បើពួកយោធា និងប៉ូលិសបោះបង់ចោល ភារកិច្ចរបស់ខ្លួនកាន់តែមានចំនួនកើនឡើង ហើយមកចូលរួមនឹងបាតុកម្ម ប្រឆាំងរបបរដ្ឋប្រហារ នឹងធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ហើយ របបសឹកនឹងកាន់តែថមថយកម្លាំង។ ប៉ុន្តែស្ថានការណ៍នឹងងាយទាញទម្លាក់ក្នុងសង្រ្គាមស៊ីវិល៕