37.6 C
Phnom Penh

ពលរដ្ឋរស់នៅក្រុងព្រះសីហនុអះអាងថា គ្រឿងញៀនចែកចាយដល់មណ្ឌលធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានអះអាងថា បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចរាចរណ៍ចូលដល់មណ្ឌលធ្វើចត្តាឡីស័កមួយចំនួន ក្នុងក្រុងព្រះសីហនុ ដោយជនសង្ស័យបានលួចបង្កប់ នៅក្នុងចំណីអាហារ សម្រាប់នាំយកទៅជូនអ្នកជាប់ធ្វើចត្តាឡីស័ក នៅតាមមណ្ឌលទាំងនោះ។

ត្រង់ចំណុចនេះ ទាំងក្រុមអ្នកឃ្លាំមើលសង្គម និងអាណាព្យាបាលមួយចំនួន ថ្លែងហួសចិត្ត នៅពេលទទួលព័ត៌មានមកថា សូម្បីតែមណ្ឌលធ្វើចត្តាឡីស័ក ដែលមានកម្លាំងសមត្ថកិច្ចចម្រុះយាមប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក៏ជនល្មើសអាចហ៊ានចូលទៅធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានដែរ? ចុះទម្រាំទីតាំង ឬមូលដ្ឋាន ដែលមិនមានកម្លាំងសមត្ថកិច្ចប្រចាំការជាអចិន្ត្រៃន៍នោះ តើបទល្មើសគ្រឿងញៀននេះ ទៅជាបែបណាទៅវិញ?

ប្រភពបញ្ជាក់ថា ការធ្វើចរាចរណ៍គ្រឿងញៀន នៅតាមមណ្ឌលធ្វើចត្តាឡីស័កខាងលើនេះ គឺជនសង្ស័យ មិនញញើតនឹងកម្លាំងសមត្ថកិច្ចចម្រុះ ដែលយាមប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗនោះទេ ដោយជនសង្ស័យ បានប្រើប្រាស់គ្រប់មធ្យោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាបញ្ជូនគ្រឿងញៀនទាំងនោះ ចូលទៅក្នុងមណ្ឌលចត្តាឡីស័ក តាមបណ្តាញជួញដូរគ្រឿងញៀនរបស់គេ ដោយមានតាមរយៈ លួចបង្កប់ក្នុងម្ហូបអាហារ សម្រាប់នាំយកទៅឲ្យអ្នកជាប់ធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលជាដើម។

ទាក់ទិនបញ្ហានេះ សមត្ថកិច្ចចម្រុះប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័កមួយចំនួន ក្នុងក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មាន The Cambodia Daily ដឹងនៅល្ងាចថ្ងៃទី១១ ខែមីនានេះថា ពិតជាមានករណីជនសង្ស័យ បានលួចបង្កប់គ្រឿងញៀន ឬសារធាតុញៀន នៅក្នុងកញ្ចប់ចំណីអាហារ ដើម្បីនាំចូលទៅក្នុងមណ្ឌលធ្វើចត្តាឡីស័កមួយចំនួនពិតមែន។ ប៉ុន្តែបទល្មើសមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងនោះ បានឆែករកឃើញ និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួន នាំយកទៅសាកសួរ ដើម្បីរកប្រភពចរាចរណ៍គ្រឿងញៀននេះ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលលួចបង្កប់ថ្នាំញៀន នៅក្នុងកញ្ចប់ចំណីអាហារ បម្រុងនាំយកទៅឲ្យជនជាតិចិនដូចគ្នា ដែលកំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងឈានទៅបញ្ជូនសំណុំរឿង ទៅកាន់តុលាការចាត់ការតាមនីតិវិធី។

ដោយឡែក កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលយាមការពារនៅគោលដៅធ្វើចត្តាឡីស័កមួយកន្លែង ក្នុងក្រុងព្រះសីហនុ ក៏បានឃាត់ខ្លួនស្ត្រីជនជាតិខ្មែរ ចំនួន០២នាក់ ដែលនាំយកមីកំប៉ុង លួចបង្កប់គ្រឿងញៀន ឬសារធាតុញៀន បម្រុងនាំយកទៅឲ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក នៅក្នុងអគារបុគ្គលិកស្នាក់នៅ ឆាង ឆឹង ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្ត្រីសង្ស័យទាំង០២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅសាកសួរ និងស្រាវជ្រាវរកប្រភពគ្រឿងញៀន នាំចូលទៅក្នុងមណ្ឌលធ្វើចត្តាឡីស័កខាងលើនេះ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់។

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ និងជាសះស្បើយ០៥នាក់ (ខ្មែរ០២នាក់ ចិន០៣នាក់)។ ក្នុងនោះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងនៅក្នុងសណ្ឋាគារកាសាណា សរុបមានចំនួន ១១៦នាក់។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកម៉ោង ០៧ព្រឹក ថ្ងៃទី១១ ខែមីនានេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១១៦៣នាក់។ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៥នាក់។ ដោយឡែកចំពោះ ការឆ្លងជំងឺកូវីដ-១៩ នៅក្នុង“ព្រឹត្តិការណ៍២០កុម្ភៈ”វិញ សរុបមានចំនួន ៦៥២នាក់។

យ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនានេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ថា មានបុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរស្សី (អតីតមន្ទីរពេទ្យខ្មែរ-សូវៀត)។ ជនរងគ្រោះរូបនេះ គឺជាអ្នកបើកបររថយន្តឲ្យជនជាតិចិន ហើយមានអាស័យដ្ឋានរស់នៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស