35 C
Phnom Penh

មន្ត្រីក្រសួងសុខាភិបាលថា កម្ពុជាមានមនុស្សស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់មា្នក់ដោយសារ ជំងឺកូវីដ១៩ ដែលជាករណីលើកដំបូង។ ក្រសួងអះអាងថាអ្នកជំងឺដែលស្លាប់ដោយជំងឺកូវីដ១៩ ជាជនជាតិខ្មែរ ដោយសារគាត់មានជំងឺសួតធ្ងន់ធ្ងរ ដែលមិនអាចស្រូបយកអ៊ុកស៊ីស៊ែនដើម្បីដកដង្ហើមឲ្យបានគ្រប់គ្រាន់។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២១ នេះថា ក្រុមគ្រូពេទ្យបានថតសួតរបស់អ្នកស្លាប់ដែលបានបង្ហាញថា វាខូចទាំងសងខាងក្នុងកម្រឹតធ្ងន់ធ្ងរដែលមិនអាចវិវត្តមករកការជាសះស្បើយបានទៅហើយ ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមប្រើម៉ាស៊ីនជំនួយខ្យល់ដង្ហើមផងដែរ។

ការអះអាងនេះធ្វើឡើង ដើម្បីបញ្ជាក់ពីការស្លាប់របស់ជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នេះ។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២១ នេះថា បុរសជនជាតិខ្មែរម្នាក់អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា កាលពីវេលាម៉ោង១០ ព្រឹក។

ក្រសួង បញ្ជាក់ថា បុរសដែលបានស្លាប់ខាងលើ មានទីលំនៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ ដែលមានមុខរបរជាអ្នកបើកបររថយន្តឲ្យថៅកែជនជាតិចិននៅខេត្ត ព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។  ក្រសួងបានរកឃើញថាបុរសដែលស្លាប់នោះ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ នេះ ដែលចេញលទ្ធផលដោយមន្ទីរពិសោធន៍វិទ្យាស្ថានបាស្ទ័រកម្ពុជា។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានលម្អិតបន្ថែមពីបញ្ហានេះដើម្បីជួយកាត់បន្ថយភាពភ័យខ្លាយរបស់ប្រជាពលរដ្ឋ ជៀសវាងពួកគាត់មានការសង្ស័យតាមការលើកឡើងផ្សេងៗដែលបណ្តាលឲ្យស្ថានភាពភ័យខ្លាចកាន់តែធ្ងន់ធ្ងរជាងនេះ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតផងដែរ។

លោក បញ្ជាក់ថា ដើម្បីឲ្យប្រជាពលរដ្ឋអាចចូលរួមទប់ស្កាត់ជំងឺកូវី១៩កាន់តែមានប្រសិទ្ធ រដ្ឋាភិបាលកម្ពុជាគួតែផ្តោតការយកចិត្តទុកដាក់ទៅលើវិធានការតាមបច្ចេកទេសក្រសួងសុខាភិបាលដោយការផ្តល់ការឧបត្ថម្ភឲ្យបានគ្រប់គ្រាន់តាមមណ្ឌលចត្តាឡីស័ក ជាជាងប្រើចំណាត់ការច្បាប់ដើម្បីដាក់ពិន័យទៅលើប្រជាពលរដ្ឋរបស់ខ្លួន។

ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១១ មីនា នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៣៩នាក់ទៀត ដែលជាការឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈអ្នកឆ្លងវីរុសកូវីដ១៩នៅកម្ពុជាបានកើនឡើងដល់ ១១៦៣ នាក់។  ក្នុងនោះ អ្នកជាសះស្បើយមានចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់កំពុងសម្រាកនៅតាមមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស