ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក និងជាអ្នកវិភាគនយោបាយ អះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងស្ថិតក្នុងស្ថានការណ៍ទល់ផ្អក ព្រោះជារដ្ឋាភិបាលទំនងជាមានតែគ្រោងឆ្អឹង និងសល់តែសំបកខ្លួន ខណៈថវិការជាតិបានរលាយហិនហោចស្ទើរគ្មានសល់។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ប្រទេសចិនមិនអើពើនឹងគម្រោងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីចុងឆ្នាំ២០១៩ ដោយបានសុំខ្ចីលុយបរទេសប្រមាណជិត២ពាន់លានដុល្លារ សម្រាប់ថវិកាជាតិកម្ពុជាឆ្នាំ២០២០ ទាល់តែសោះ។
លោក អះអាងថា ការត្អូញត្អែរតាមក្រសួងស្ថាប័នមួយចំនួនជាសញ្ញាខ្លះៗ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន សារភាពថាក្រុមរបស់គាត់កំពុងរអិលធ្លាក់ក្នុងគ្រាអាសន្នជួបវិបត្តិអត់លុយសម្រាប់ ចំណាយលើដំណើរការប្រព័ន្ធរដ្ឋាបាលជាតិទាំងមូល។ ទោះបីជាលោក គឹម សុខ មើលឃើញបែបនេះក្តី ប៉ុន្តែលោកថារដ្ឋាភិបាល ប្រឹងទូងស្គរប្រាប់ពួកឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ ឲ្យត្រៀមលុយជួយជ្រោមជ្រែង បើមិនដូច្នោះទេ ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រជាជនកម្ពុជាអាចនឹងធ្លាក់ក្នុងគ្រោះមហន្តរាយជាមិនខាន។
លោកបញ្ជាក់ថាគេអាចប្រើយុទ្ធវិធីល្បែងថ្ពឹនភ្នែករឹបអូសទ្រព្យសម្បត្តិ ល្បិចដកហូតតំណែងតួនាទី និងឧបាយគំរាមសន្តិសុខ ប្រសិនបើពួកឧកញ៉ានិងមន្ត្រីធំណា ដែលមិនត្រៀមលុយ ដើម្បីជួយទប់ទល់នឹងស្ថានការណ៍នេះ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រសួងចំនួន២របស់រដ្ឋាភិបាលកម្ពុជាបានទម្លាយពីការភ័យព្រួយចំពោះថវិកាជាតិដែលជិតអស់ និងការប្រមូលពន្ធមិនបានច្រើនតាមផែនការកំណត់អំឡុងវិបត្តិកូវីដ១៩។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វិទ្យុបារាំងអន្តរជាតិ បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថា ចាប់តាំងពីដើមឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១នេះ ថវិកាជាតិជាង១ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់កូវីដ១៩ បានប្រើប្រាស់ជិតអស់ហើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានត្អូញត្អែរ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុង ព្រឹត្តិការណ៍២០កុម្ភៈ ដែលវាអាចជះឥទ្ធិពទៅដល់ចំណូលពន្ធរបស់កម្ពុជាធ្ងន់ធ្ងរ។
ក្រុមអ្នកឃ្លាំមើលសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញការសង្ស័យថា រដ្ឋាភិបាលកម្ពុជាកំពុងខ្វះលុយធ្ងន់ធ្ងរ ព្រោះរាល់ពេលកម្ពុជាជួបវិបត្តិម្តងៗ រដ្ឋាភិបាលមិនដែលបញ្ចេញថវិកាជាតិអនុម័តឲ្យប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិទាំងនោះម្តងណាឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលតែងប្រើវិធីរៃអង្គាសលុយពីឧកញ្ញា និងឈ្មួញធំៗគ្រប់ពេល ដូចជា គ្រោះទឹកជំនន់ និងការទិញថ្នាំបង្ការជំងឺកូវីដ១៩ ជាដើម។
កាលពីអំឡុងខែធ្នូប្រមុខរដ្ឋាភិបាលកម្ពុជា រៃអង្គាសថិវកាពីឧញ្ញា ឈ្មូញធំៗ និងសប្បុរសជនានា ដើម្បីទិញវ៉ាក់សាំងប្រឆាំជំងឺកូវីដ១៩បានជាង ៥៧ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែថវិការនេះមិនត្រូវត្រូវបានអនុម័តឲ្យប្រើប្រាស់ដើម្បីទិញវ៉ាក់សាំងនៅឡើយទេ៕