30 C
Phnom Penh

ព្រឹទ្ធសភាឯកបក្សសម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពេលពិនិត្យ និងផ្តល់យោបល់រួចរាល់ ព្រឹទ្ធសភាឯកបក្សដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដោយឥតកែប្រែអ្វីទាំងអស់ ក្នុងសំឡេង ៣៩ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងអស់។
ការអនុម័តសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅពេលព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។


ក្នុងកិច្ចប្រជុំនោះ តំណាងរាជរដ្ឋាភិបាលថ្លែងការពារសេចក្តីព្រាងច្បាប់នេះ ដោយថាច្បាប់នេះបង្កើតឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ។ លើសពីនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងទៀត ។
សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមជា លើកដំបូងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។


ក្រោយពេលព្រឹទ្ធសភាអនុម័តជាផ្លូវការ សេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កា ត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនេះ បានធ្លាក់ទៅដល់ដៃរដ្ឋាភិបាលវិញ មុននឹងបញ្ជូនទៅប្រមុខស្តីទីលោក សាយ ឈុំ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ខណៈព្រះមហាក្សត្រខ្មែរកំពុងជាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។


មកទល់ថ្ងៃទី១១ខែមីនានេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាស្ថិតនៅក្នុងភាពធ្ងន់ធ្ងរនៅឡើយ ដោយសារចំនួនអ្នកឆ្លងជំងឺនេះនៅតែបន្តកើនឡើងរហូតដល់ជាង១ពាន់នាក់ ហើយក៏បណ្តាលឱ្យអ្នកជំងឺកូវីដ១៩ម្នាក់ស្លាប់នៅពេលកំពុងព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ីទៀតផង។


យ៉ាងណាច្បាប់នេះ សង្គមស៊ីវិល និងអ្នកតាមដានសង្គម បារម្ភថាហាក់ដូចជាលឿនពេក ខណៈពលរដ្ឋជាច្រើនមិនបានដឹងសោះឡើយ ដែលធ្វើឱ្យការអនុវត្តអាចនឹងប៉ះពាល់ធ្ងន់ធ្ងរទៅលើពួកគាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស