27 C
Phnom Penh

ក្រុមប្រឹក្សាសន្តិសុខ UN ប្រាប់ទៅពួកយោធាភូមាអោយដោះលែងអ្នកចាប់ឃុំខ្លួននិង វិលទៅរកប្រជាធិបតេយ្យវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមីនា បានអនុម័ត លើសេចក្តីថ្លែងការណ៍មួយ ដែលសម្ដែងការព្រួយបារម្ភជាខ្លាំង អំពើហិង្សា នៅក្នុងប្រទេសភូមា ដោយបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមយោធា ចំពោះការប្រើប្រាស់ហិង្សាលើក្រុមបាតុករ។

ក្នុងសេចក្តីថ្លែងការណ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ដែលបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ  ក៏បានអំពាវនាវឱ្យពួកយោធា អោយស្ដារឡើងវិញ រដ្ឋាភិបាល ប្រជាធិបតេយ្យ របស់ប្រទេសភូមាអោយទៅរកសភាពដើមវិញ ។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ប្រទេស នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំប្រចាំខែមីនា គឺប្រធានជាសហរដ្ឋអាមេរិកដោយ លោកស្រី Linda Thomas-Greenfield  ។
ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានព្រាងដោយចក្រភពអង់គ្លេស ។ សេចក្ដីព្រាងនេះ បានជំរុញដល់ក្រុមប្រឹក្សាសន្តិសុខ  ផ្ញើសារទៅពួកយោធាភូមា អោយដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងអ្នកជាប់ឃុំទាំងអស់។

ក្នុងសេចក្ដីថ្លែងការណ៍ជាលើកដំបូង របស់ខ្លួន គឺក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏បានបានប្រាប់ទៅ ពួកយោធាភូមាអំ ពីជំហររបស់ខ្លួនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ ការចៀសវាងហិង្សាលើក្រុមបាតុករ ការគោរពសិទ្ធិមនុស្ស ។

ប្រទេសចិន ដែលតែងតែជំទាស់ ឬគេហៅថាវេតូ ក៏បានគាំទ្រ អោយចេញសេចក្ដីថ្លែងការណ៍ដូចនេះដែរ ។

តាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺតំណាងប្រទេសចិន នៅតែបង្ហាញឆន្ទៈចង់អោយមានស្ថានការណ៍ ប្រក្រតីនៅប្រទេសភូមា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun និយាយថាគឺជារឿងសំខាន់ណាស់សម្រាប់សមាជិកក្រុមប្រឹក្សាដែលត្រូវនិយាយក្នុងសំឡេងតែមួយ។

លោកបន្ថែមថា ចិនសង្ឃឹមថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ នឹងជួយបន្ធូរស្ថានការណ៍នៅភូមា។
តាមតំណាងរបស់ចិន រូបនេះ គឺចិន នៅតែបន្តជំរុញឱ្យភាគីពាក់ព័ន្ធ ចូលអង្គុយតុចរចាជាមួយគ្នា។

លោក Zhang អះអាងថាចិន បានត្រៀមខ្លួនជាស្រេច ក្នុងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងជួយសម្រួលស្ថានភាពនយោបាយនៅភូមា។
លោកស្រី Thomas-Greenfield អ្នកតំណាងអចិន្រ្តៃយ៍របស់អាមេរិក ដែលជាប្រធានកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ប្រចាំខែមីនា បានសាទរ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ដែលបានបង្ហាញឆន្ទៈសម្រាប់កិច្ចប្រជុំលើកនេះ ដោយមានសំឡេងតែមួយក្នុងការប្រឆាំងនឹងការបង្រ្កាបរបស់ពួកយោធា។

សម្រាប់ សហរដ្ឋអាមេរិក សន្យាបន្តធ្វើការជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីអោយពួកយោធាបោះបង់ចោល នូវអំណាចរបស់ខ្លួន ហើយ អោយមានរដ្ឋាភិបាលស៊ីវិលឡើងវិញ ។

ក្នុងពេលជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បាន និយាយយោងដែលដល់សមាគមអាស៊ាន ដោយទទូចជាថ្មីទៀតអោយសហគមន៍មួយនេះ ជួយជំរុញ អោយមាន ការបញ្ចប់ហិង្សានិងការវិលមកវិញនូវរបបប្រជាធិបតេយ្យនៅភូមា។

ក្នុងស្ថានភាពដែលសមាជិកក្រុមប្រឹក្សាសន្តិសុខ កំពុងដើរលើជំណុចរួមជាមួយគ្នា អំពីប្រទេសភូមាគឺអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានហៅ សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខថាជាសារមួយដ៏រឹងមាំប្រាប់ទៅរបបរដ្ឋប្រហារថា សហគមណ៍អន្តរជាតិ មិនបណ្ដោយអោយមានហិង្សា និងរបបមិនស្របច្បាប់មាននៅលើទឹកដីភូមានោះឡើយ។

លោកបានចាត់ទុកសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខគឺ ចាំបាច់ណាស់ ក្នុងការដោះលែងអ្នកជាប់ឃុំហើយត្រូវ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលកើតចេញពីឆន្ទៈរបស់ប្រជាជន។

លោកទទូចថា ពួកយោធា ត្រូវរៀបចំការផ្ទេរអំណាច ត្រលប់ទៅដូចដើមវិញ។

អ្នកសង្កេតការណ៍មើលឃើញថា សេចក្តីថ្លែងការណ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  គឺការចេញសេចក្ដីថ្លែងថ្កោលទោស លើរបបរបស់ពួកយោធា ដែលជាទំងន់រួមមួយដ៏ខ្លាំង ប្រឆាំងពួកយោធាហើយថាជាជំហានដំបូង ដែលក្រុមប្រឹក្សាសន្តិសុខ មុននឹងចេញដំណោះស្រាយ លើរបបសឹកនៅភូមា ហើយ នឹងឈានដល់វិធានការណ៍ការជាក់ស្ដែង បើពួកយោធានៅតែប្រើហិង្សា លើបាតុករ និងមិន ព្រមលះបង់អំណាចខុសច្បាប់របស់ខ្លួនទៅអោយរដ្ឋាភិបាល ប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស