ប្រមុខរដ្ឋស្តីទីដែលប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក សាយ ឈុំបានចេញព្រះរាជក្រមជំនួសព្រះមហាក្សត្រប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ព្រះរាជក្រមនេះធ្វើឡើងដោយប្រញាប់ប្រញាល់បន្ទាប់ពីទទួលបានការអនុម័តពីព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី១១ខែមីនា ហើយព្រះរាជក្រមនេះត្រូវបានផ្សព្វ ផ្សាយនៅយប់ថ្ងៃដដែលនោះ។
ច្បាប់ដែលមាន៦ជំពូក និង១៨មាត្រាបានចែងពីការដាក់ទោសធ្ងន់ធ្ងរចំពោះជនមិនចូលរួមអនុវត្តន៍តាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺដោយមានកម្រិតផាកពិន័យធ្ងន់ធ្ងរ និងដាក់ពន្ធនាគារទៀតផង។
ជាក់ស្តែង ក្នុងចំណុចទោសប្បញ្ញត្តិ បញ្ជាក់ថាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកលួចរត់ ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អ្នកនោះនឹងត្រូវ ជាប់ពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។
ចំណែកអ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាលត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។
ចំពោះជនទាំងឡាយណា ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនា គារពី៥ឆ្នាំទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ។
លើសពីនេះ ច្បាប់ស្តពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន៥ជំពូក និង១៨មាត្រាបានអនុញ្ញាតឲ្យរដ្ឋាភិបាល អាចដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រួមមាន ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និងហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ហើយរដ្ឋាភិបាល អាចបិទតំបន់ណាមួយដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលផងដែរ។
យ៉ាងណាក្នុងពេលថ្លែងការពារច្បាប់ថ្មីនេះកាលពីថ្ងៃទី១១ខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអះអាងថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បង្កើតឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។ រីឯទោសបញ្ញត្តិ គឺ ដាក់សម្រាប់តែជនទុច្ចរិតដែលមានបំណងបង្កការចម្លងជំងឺ ហើយមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ។
លោកបន្តថា ច្បាប់ដែលមានគោលបំណងសំខាន់ការពារអាយុជីវិតពលរដ្ឋសម្រាប់ប្រទេសជាតិមួយគ្មានហេតុផលណាមួយដែលបង្កើតឡើងមិនបាននោះទេ។ លោកអះអាងទៀតថា ច្បាប់ថ្មីនេះ បង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពបច្ចុប្បន្ន
ខណៈច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នដែលរដ្ឋាភិបាលប្រកាសប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២០ នឹងមិនយកមកប្រើប្រាស់ក្នុងស្ថានភាពកូវីដ១៩ឡើយ ព្រោះប្រសិនបើប្រើច្បាប់គ្រាអាសន្ននឹងសម្លាប់ដង្ហើមសេដ្ឋកិច្ចជាតិតែម្តង។
ទោះបីជាច្បាប់ថ្មីដែលប្រមុខរដ្ឋស្តីទីទើបប្រកាសឱ្យប្រើកាលពីថ្ងៃទី១១ខែមីនាមានសារៈសំខាន់យ៉ាងណាក្តី ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង់ សាំងកុមារ សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា ជាជំហានទី១
នៃការអនុវត្តច្បាប់ថ្មីនេះ សូមប្រើពេល និងរចនាសម្ព័ន្ធរដ្ឋពីថ្នាក់លើរហូតដល់ថ្នាក់ភូមិ ឃុំ ដើម្បីធ្វើការអប់រំប្រជាពលរដ្ឋជាមុនសិន៕