សហមេធាវីការពារក្តីប្រធានបក្សប្រឆាំង អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទោះមិនទាន់មានសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
មេធាវីប្រធានគណបក្សសង្គ្រោះជាតិមួយរូប គឺលោក ចាន់ ចេន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ទោះបីជា មិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ ។ ប៉ុន្តែ លោក កឹម សុខា រួមជាមួយសហការី បានធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួន ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពវិបត្តិកូវីដ១៩នេះកាន់តែជាក់ច្បាស់បន្ថែមទៀត។
លោក អះអាងថា ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោក កឹម សុខា បានចែកជូនសម្ភារៈសុខាភិបាលមួយចំនួន ដូជា ម៉ាស់ និងសាប៊ូលាងដៃ អាកុលជាដើម ដល់ប្រជាពលរដ្ឋងាយរងគ្រោះមួយចំនួន តាមលទ្ធភាពរបស់ខ្លួន ដែលជាការចូលរួមចំណែកដោយស្មារតីសាមគ្គីភាពក្នុងនាមខ្មែរជួយខ្មែរ។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បាននាំយកសម្ភារៈការពារជំងឺកូវីដ១៩មួយចំនួនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ទៅចែកជូនដល់ពលរដ្ឋដែលងាយរងគ្រោះដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាតមួយនេះដែលកំពុងផ្ទុះឡើងធ្ងន់ធ្ងរនៅតាមសហគមន៍ បណ្តាលមកពីព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។
ប្រធានគណបក្សប្រឆាំងរូបនេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បាននាំសម្ភារៈមួយចំនួន ដូចជាម៉ាស់ និងសាប៊ូ ព្រមទាំងថវិកាមួយចំនួន ដើម្បីចែកជូនទៅដល់មណ្ឌលចត្តាឡីស័កតាមបណ្តាខេត្តព្រំដែនផងដែរ។ លើសពីនេះ លោកបញ្ជាក់ប្រាប់អាជ្ញាធរខេត្តប៉ៃលិនថា លោកនឹងប្រាប់ទៅសហគមន៍អន្តរជាតិពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការងារទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។
ជាការឆ្លើយតបពីអាជ្ញាធរខេត្តប៉ៃលិន បានសម្តែងការត្រេកអរចំពោះទឹកចិត្តមនុស្សធម៌នេះ បើទោះបីជាលោកកឹម សុខា មិនទាន់មានសេរីភាពពេញលេញក៏ដោយ។
ជាងនេះទៀត កាលពីអំឡុងឆ្នាំ២០២០ លោក កឹម សុខា ក៏ធ្លាប់បានឧបត្ថម្ភថវិកាដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះពីគ្រោះទឹកជំនន់ និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ថែមទៀតផង។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនចាប់ ដោយចោទពីបទក្បត់ជាតិតាមប្រសាសន៍របស់លោកហ៊ុន សែន ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកនៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ៕