29 C
Phnom Penh

លោក សម រង្ស៊ី ថា ញត្តិសភាអឺរ៉ុបជុំរុញរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលសាលក្រមតុលាការលើមន្ត្រីបក្សសង្គ្រោះជាតិជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្គ្រោជាតិ លោក សម រង្ស៊ី អះអាងថា ញត្តិរបស់សភាអឺរ៉ុបស្តីពីកម្ពុជាបានអនុម័តហើយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ លោកថា ញ្ញត្តិនោះ តម្រូវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលជាបន្ទាន់នូវសាលក្រមតុលាការក្រុងភ្នំពេញ ដែលសម្រេចផ្តន្ទាទោសទៅលើលោក សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៨រូបផ្សេងទៀត ដោយថាមានលក្ខណៈនយោបាយ។

អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រ ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ញត្តិស្តីពីកម្ពុជា ដែលសភាអឺរ៉ុបបានអនុម័ត គឺតម្រូវឲ្យរដ្ឋការក្រុងភ្នំពេញ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង លើសកម្មជននយោបាយ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្សជាបន្ទាន់។

លោក អះអាង  ការចោទប្រកាន់កន្លងមក លើសមាជិកគណបក្សប្រឆាំង សមាជិកសហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនសង្គមស៊ីវិល គឺជាការធ្វើឡើងដោយមានចរឹកនយោបាយ ជាជាងការអនុវត្តច្បាប់ពិតប្រាកដ។  លើសពីនេះទៀត សភាអឺរ៉ុបបាន អំពាវនាវ ឲ្យកងសន្តិសុខកម្ពុជា ជៀសវាងការប្រើអំពើហិង្សា មកលើពលរដ្ឋដែលធ្វើបាតុកម្មដោយសន្តិវិធីផងដែរ។

លោក សម រង្ស៊ី បញ្ជាក់ទៀតថា ញត្តិសភាអឺរ៉ុបនេះ ក៏តម្រូវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ លុបចោលជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌផងដែរនូវ សាលក្រមតុលាការជាលក្ខណៈនយោបាយនេះ ដែលបានផ្តន្ទាទោស យ៉ាងងងើល ចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមាន លោកសម រង្ស៊ី អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង លោក ឡុង រី លោក នុត រំដួល លោក ហូរ វ៉ាន់លោក ម៉ែន សុថាវរិន្ទ្រ និងលោក អ៊ូ ចាន់ឫទ្ធិ ។

មេបក្សប្រឆាំង បញ្ជាក់ថា ញត្តិនេះត្រូវបានអនុម័ត ដោយទទួលបានសំឡេងគាំទ្រ ៦១០សំឡេង ខណៈសំឡេងប្រឆាំងបានទទួល ៤៣សំលេង និងសំលេងអនុបវាទបាន ៣៧សំលេង លើសំឡេងសរុបដែលមាន ៦៩០សំលេង។

ការសម្រេចរបស់សភាអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ខែខែមីនា ឆ្នាំ២០២១ បានចេញសាលក្រមផ្តន្ទាទោស មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង៩ រូប ឲ្យជាប់ពន្ធនាគារពី២០ដល់២៥ឆ្នាំ ពីបទឧបឃាតឬប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្រោមផែនការវិលទៅស្រុកខ្មែររបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រៅពីផ្តន្ទាទោសលោកពួកគេឱ្យជាប់ពន្ធនាគារពី២០ទៅ២៥ឆ្នាំហើយនោះ  តុលាការក៏បានដកហូតសិទ្ធិនយោបាយរបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៨រូបទៀតទាំងស្រុង ព្រមទាំងពិន័យប្រាក់រាប់រយលានរៀលថែមទៀតផង។

យ៉ាងណាមកទល់ម៉ោងផ្សាយនេះ នៅមិនទាន់មានប្រតិកម្មពីសំណាក់រដ្ឋាភិបាលកម្ពុជាចំពោះញត្តិរបស់សភាអឺរ៉ុបនៅឡើយទេ។

ទិន្នន័យសង្គមស៊ីវិល កាលពីចុងឆ្នាំ២០២០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដើម្បីរាំងខ្ទប់សំឡេងប្រឆាំង និងបំបាក់សា្មរតីក្រុមអ្នកតស៊ូមតិជាង ១០០ករណី។ បញ្ហានេះ បានធ្វើឲ្យសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស