28.4 C
Phnom Penh

លោក មាជ សុវណ្ណារ៉ាថា អ្នកនយោបាយប្រឆាំងត្រូវតែមានចក្ខុវិស័យនយោបាយច្បាស់លាស់ ដើម្បីបញ្ជៀសការធ្វើអត្ថឃាតនយោបាយរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយប្រឆាំងដើម្បីប្រទេសជាតិ និងប្រជាជន ពិតប្រាកដ ត្រូវតែមានចក្ខុវិស័យ និងបេសកកម្មនយោបាយច្បាស់លាស់ ប្រកបទៅដោយយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើអត្តឃាតនយោបាយដោយខ្លួនឯង។

លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា លោកមិនបានរត់ចោលប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរឹតត្បិតសេរីភាពគឺ លោក កឹម សុខា នោះឡើយ។ ជាងនេះទៀត លោកប្តេជ្ញាថានឹងមិនរត់ចោលលោក កឹម សុខា ជាដាច់ខាត ព្រោះការដឹកនាំនយោបាយផ្លាស់ប្តូរ តាមបែបអហិង្សា និងសន្តិវិធី ដោយមិនយកខ្មែរណាជាសត្រូវ មិនគុំគួន មិនសងសឹក និងមិនធ្វើឲ្យខ្មែរណាឈឺចាប់របស់លោក កឹម សុខា គឺជាបំណងប្រាថ្នារបស់លោកផងដែរ។

លោក អះអាងថា ឧត្តមគតិ មនសិការ និងសតិសម្បជញ្ញៈរបស់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា  មិនដែលមានចេតនាណាមួយចង់ក្បត់ឆន្ទ: និងគោលការណ៍នៃដួងព្រលឹងរបស់ គណបក្សសង្គ្រោះជាតិឡើយ។ លោកថា  បើតាំងខ្លួនជាអ្នកនយោបាយ សម្រាប់បុព្វហេតុជាតិ និងប្រជារាស្រ្ត សូមមេត្តាកុំធ្វើនយោបាយបែបតក់ក្រហល់ ព្រោះថា បើធ្វើអ្នកនយោបាយគិតផលប្រយោជន៍ជាតិប្រាកដមែន បើទោះបីជាមានការយឺតយ៉ាវបន្តិច ប៉ុន្តែវាមិនហួសពេលនោះទេ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា កិច្ចការចម្បងរបស់អ្នកនយោបាយជាតិគឺត្រូវ ពង្រឹង និងពង្រីកសកម្មភាព

ក្នុងការទាក់ទាញប្រជាប្រិយភាពពីសំណាក់មហាជន ដើម្បីជួយជ្រោមជ្រែងថ្នាក់ដឹកនាំរបស់ខ្លួនឲ្យឈានឆ្ពោះទៅរកការកសាងនូវឈាមថ្មី ជំនាន់ថ្មី និងអ្នកបន្តវេនថ្មី ដែលជាធនធានពិតប្រាកដ និងមិនចេះរីងស្ងួតសម្រាប់ជាតិ និងប្រជាជន។

ការអះអាងនេះធ្វើឡើង ដើម្បីប្រតិកម្មទៅនឹងមតិគរិះគន់មួយចំនួនដែលចោទថាមន្ត្រីបក្សប្រឆាំងរូបនេះថាបានដកខ្លួនចេញស្មារតីបក្សសង្គ្រោះជាតិ និងបានចាកចេញពីផ្លូវនយោបាយជាមួយប្រធានបក្សប្រឆាំងលោក កឹម សុខា បាត់ហើយ។

ក្រោយពេលលោកកឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជិត៣ខែ តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ និងបានហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន១១៨រូបមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ព្រមទាំងដកហូតតំណែងមន្ត្រីបក្សសង្រ្គោះជាតិតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភា។

បញ្ហានេះ បណ្តាលឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនដែលជាប់បម្រាមនយោបាយ នាំគ្នាសុំសិទ្ធធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់។ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយហើយ ពួកគេមួយចំនួន បានចាកចេញទៅបើកបក្សថ្មីដោយខ្លួនឯង។

អតីតមន្ត្រីបក្សប្រឆាំងដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយនាំគ្នាទៅបង្កើតបក្សថ្មីផ្សេងៗ គ្នា លោក ជីវ កត្តា លោក កង គឹម ហាក់ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ  លោក គង់ មូនីកា លោក គង់ គាំ បង្កើតគណបក្សឆន្ទៈខ្មែរ  លោក រៀល ខេមរិន្ទ បង្កើតគណបក្សខ្មែរអភិរក្ស និងលោក អ៊ូ ចន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា ជាដើម។

យ៉ាងណាក៏ដោយ អ្នកទាំងនោះនៅតែបន្តអះអាងថា ការបើកបក្សថ្មីនេះគឺដើម្បីបន្តឆន្ទៈគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។

មកទល់ពេលបច្ចុប្បន្ន មានគណបក្សចំនួន៣៩ ហើយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របទៅតាមច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស