26 C
Phnom Penh

កម្ពុជាសម្រេចរឹតបន្តឹងទិដ្ឋាការសម្រាប់ជនបរទេសជាថ្មី ក្រោយអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាបានសម្រេចរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសដែលចូលទៅកម្ពុជាសារជាថ្មី ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានកាន់តែអាក្រក់ឡើងៗនៅកម្ពុជា។

លិខិតរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស កាលពីថ្ងៃទី១១ខែមីនា បានសម្រេចដាក់ចេញវិធានការ៤ចំនុចបន្ថែមទៀត និងតម្រូវឱ្យមន្ត្រីទូតប្រចាំនៅបរទេសទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ ក្រសួងថាវិធានការរឹតបន្តឹងការផ្តល់ទិដ្ឋាការឬ វីហ្សានេះ  ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសចូលទៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ក្រសួងការបរទេស បានណែនាំទៅមន្ត្រីទាំងទូតរបស់កម្ពុជាទាំងអស់ ត្រូវអនុវត្តនូវវិធានការមួយចំនួនបន្ថែមទៀតលើវិធានការរបស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលសុំទិដ្ឋាការចូលទៅកម្ពុជា។

វិធានការទាំងនោះ រួមមាន ជនបរទេសដែលអាចទទួលបានទិដ្ឋាការចូលកម្ពុជា ត្រូវមានលិខិតធានាសុខភាពឱ្យបានច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា និងត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ពីទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា រួមទាំងលេខទូរសព្ទទំនាក់ទំនង។ បន្ថែមពីនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់ពីបំណងរបស់ជនបរទេសទាំងនោះ ក្នុងការធ្វើដំណើរទៅកម្ពុជា ដោយគួរភ្ជាប់នូវកម្មវិធីការងារ និងត្រូវគោរពវិធាននានាដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប១ ២២៥នាក់។ ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៧១២នាក់  ហើយមានអ្នកជំងឺម្នាក់ស្លាប់ផងដែរ។

ដោយឡែក អ្នកជាសះស្បើយពីជំងឺកូវីដ១៩មានចំនួន៦១៩នាក់ ហើយកំពុងសម្រាកព្យាបាលមានចំនួន៦០៤នាក់ទៀត។

ដោយសារស្ថានភាពឆ្លងជំងឺកូវីដ១៩ ពិសេសការឆ្លងចូលទៅក្នុងសហគមន៍កាន់តែមានសភាពអាក្រក់ឡើងៗ រដ្ឋាភិបាលឯកបក្សដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចកាលពីយប់ថ្ងៃទី១១ខែមីនា ដោយដាក់ឱ្យប្រើប្រាស់នូវច្បាប់ថ្មី ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាផ្លូវការហើយ។

មន្ត្រីរដ្ឋាភិបាលអះអាងថា ច្បាប់នេះធ្វើឡើងដើម្បីការពារអាយុជីវិត និងសុខភាពសាធារណៈរបស់ពលរដ្ឋ ព្រមទាំងដើម្បីកាត់ផ្តាច់នូវចរន្តចម្លងជំងឺកូវីដ១៩ផងដែរ។

យ៉ាងណា កាលពីយប់ថ្ងៃទី១០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងនូវជំងឺកូវីដ-១៩។ 

ជាមួយគ្នានោះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរ ត្រៀមដីសម្រាប់កប់សព រៀបចំក្តារមឈូស និងរៀបចំប៉ាឆាឬ ឈាបនដ្ឋានសម្រាប់បូជាអ្នកដែលស្លាប់ដោយសារជំងឺនេះផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស