28 C
Phnom Penh

មន្ត្រីនគរបាលខេត្តបាត់ដំបងចោទ លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោក សៅ សា ម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង ថាបានកិបកេងប្រាក់បៀវត្សរ៍ របស់អតីតមន្រ្តីនគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលមានឋានៈទាបមួយចំនួន កំពុងបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង របស់បានចោទ លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោកសៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថាបានកិបកេងប្រាក់បៀវត្សរ៍ របស់មន្រ្តីនគរបាលមួយចំនួន ដែលបានបោះបង់ការងារចន្លោះពី ៥ទៅ១០ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់កាត់ឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ហើយនៅទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែនៅឡើយ។

ផ្តើមពីបញ្ហានេះ មន្ត្រីនគរបាលមួយចំនួននោះបានស្នើឲ្យ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបញ្ជូនមន្ត្រីស្អាតស្អំ ចុះស្រាវជ្រាវ ឬស៊ើបអង្កេត ទៅលើសកម្មភាពអនុវត្តការងារមិនប្រក្រតី របស់ លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោក សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាក់ទងបទល្មើសលួចកិបកេងប្រាក់បៀវត្សរ៍ របស់មន្រ្តីនគរបាលដែលបោះបង់ចោលការងារចន្លោះពី ០៥ ទៅ ១០ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់បានកាត់ចេញពីក្របខណ្ឌរដ្ឋ ហើយនៅបន្តទទួលប្រាក់បៀវត្សរ៍រាល់ខែ នាំឲ្យបង់បង់ថវិកាជាតិអស់រាប់រយលានរៀល ក្នុងមួយឆ្នាំៗ។

ប្រភពពីមន្ត្រីសមត្ថកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង ស្នើសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី១២ ខែមីនានេះថា ក្នុងស្ថាប័នស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង់រាល់ថ្ងៃនេះ គឺនៅមានឈ្មោះអតីតមន្ត្រីនគរបាល ដែលបោះបង់ការងារមួយចំនួន គឺមិនទាន់បានកាត់ចេញពីក្របខណ្ឌរដ្ឋ ឬក្របខណ្ឌនគរបាលជាតិនៅឡើយទេ ពោលគឺឈ្មោះអតីតមន្ត្រីនគរបាលទាំងនោះ នៅមានឈ្មោះបើកប្រាក់បៀវត្សរ៍ជារៀងរាល់ខែថែមទៀតផង។

ប្រភពបន្តទៀតថា ចំពោះកាតអេធីអ៊ឹម (ATM) សម្រាប់បើកបៀវត្សរ៍ របស់អតីតមន្ត្រីនគរបាលបោះបង់ចោលការងារទាំងនោះវិញ គឺរាល់ថ្ងៃនេះ បានរក្សាទុកនៅជាមួយ លោក វេ គឹមស៊ីម នាយការិយាល័យយបុគ្គលិក និងលោក សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាអ្នកចាត់ចែង។

ប្រភពពីមន្ត្រីនគរបាលខេត្តបាត់ដំបងដដែល បានលើកយកឈ្មោះ អតីតអតីតមន្ត្រីនគរបាលដែលបោះបង់ចោលការងារមួយចំនួន ដែលធ្លាប់បំរើការនៅអង្គភាពអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានដូចជា៖ លោកស្រីអនុសេនីយ៍ឯក ពេជ្យ ដាណារី អត្តលេខ 22067 បានបោះបង់ចោលការងារចំនួន ១០ឆ្នាំមកហើយ, លោកអនុសេនីយ៍ឯក គង់ ដានី អត្តលេខ 22111 បានបោះបង់ចោលការងារចំនួន ១០ឆ្នាំ, លោកអនុសេនីយ៍ឯក អឿន រ៉ាដែន អត្តលេខ 59391 បានបោះបង់ចោលការងារចំនួន ១០ឆ្នាំ, លោកអនុសេនីយ៍ឯក រិទ្ធ សុជាតិ អត្តលេខ 62273 បានបោះបង់ចោលការងារ០៧ឆ្នាំ និងលោកអនុសេនីយ៍ឯក ស៊ាន សុផានិត ជាដើម គឺបានបោះបង់ចោលការងារ០៥ឆ្នាំកន្លងមកហើយ ប៉ុន្តែនៅមានឈ្មោះបើកប្រាក់បៀវត្សរ៍ បន្តរហូតមកដល់ពេលបច្ចុប្បន្ន។

ប្រភពបន្តថា សកម្មភាពមិនប្រក្រតី ឬអំពើពុករលួយខាងលើនេះ គឺគិតត្រឹមអង្គភាពតូចមួយនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង តែប៉ុណ្ណោះ ចុះទម្រាំនៅគ្រប់ការិយាល័យទាំង ៣២ជំនាញ នៃអធិការដ្ឋានក្រុង-ស្រុកចំនួន១៤ និង វិរៈចំនួន០៤ តើមានកងកម្លាំង ដែលបោះបង់ចោលការងារ ហើយត្រូវមន្ត្រីទទួលខុសត្រូវនៅតាមជំនាញនីមួយៗ ទុកឈ្មោះបើកប្រាក់បៀវត្សរ៍ប៉ុន្មាននាក់ទៀត ដើម្បីកឹបកេងថវិកាជាតិជារៀងរាល់ឆ្នាំនោះ?។

ផ្តើមពីបញ្ហានេះ មន្ត្រីនគរបាលមានឋានៈទាបកំពុងបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើឲ្យ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ (ACU)ជាដើម ជួយបើកការស៊ើបអង្កេតពីមិនប្រក្រី ដែល លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោក សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រព្រឹត្តិ ក៏ដូចជាឃុបឃិតលួចកិចកេងប្រាក់បៀវត្សរ៍ របស់អតីមន្ត្រីនគរបាល ដែលបោះបង់ចោលការងារទៅហើយ ប៉ុន្តែបែរជាមិនទាន់បានកាត់ចេញពីក្របខណ្ឌនគរបាលជាតិ ដោយអាចបន្តបើកប្រាក់បៀវត្សរ៍ជារៀងរាល់ខែបែបនេះ។

ជាងនេះទៀត ប្រភពពីមន្ត្រីនគរបាល ក៏បានចោទ លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស ថាដល់គ្រប់អាយុត្រូវចូលនិវត្តន៍ទៅហើយ ប៉ុន្តែនៅបន្តរត់ការសុំពន្យាអាយុចូលនិវត្តន៍ ដើម្បីបន្តកាន់តំណែងខ្លាញ់របស់ខ្លួនជាបន្តទៀត។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោក សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស