យ៉ាងតិចមនុស្ស កើនដល់៧០នាក់ ក្នុងការបាញ់បង្រ្កាបពីសំណាក់ពួកយោធា ក្រោមបញ្ជារបស់ឧត្តមសេនីយ៍មីនអ៊ីងឡាំង មេរដ្ឋប្រហារ។ ចំនួនអ្នកស្លាប់នេះ ចាប់តាំងថ្ងៃរដ្ឋប្រហារទី១កុម្ភៈ ដែលជារដ្ឋប្រហារបញ្ចប់របបប្រជាធិបតេយ្យ ទើបមានអាយុ៥ឆ្នាំ ។
ប្រេសិតសិទ្ធិមនុស្ស ម្នាក់របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្ដីរាយការណ៍នូវតួលេខនេះ ដោយដាក់ជូនសម័យប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបន្តបើកសម័យប្រជុំរបស់ខ្លួន ជាថ្មីទៀតអំពីប្រទេសភូមា កាលពីថ្ងៃទី១១មីនានេះ។
របាយការណ៍របស់ លោក Thomas Andrews បានអោយដឹងទៀតថា ចាប់តាំងពីរដ្ឋមកនោះ គឺពួកយោធាបានចាប់ឃុំខ្លួន មនុស្ស ជាង២០០០នាក់ ជាមួយនឹងអំពើហិង្សាកាន់តែ កើនឡើងក្រោមការបាញ់បង្រ្កាបពីសំណាក់ពួកយោធា។ លោក Andrews ដែលធ្លាប់ជាសមាជិកសភា សហរដ្ឋអាមេរិក បានលើកឡើងថា ទោះជាអាមេរិក និងប្រទេសជាច្រើនទៀត ដាក់ទណ្ឌកម្មលើពួកយោធាក៏ដោយ តែ នៅតែមិនមានប្រសិទ្ធភាព នោះទេពោះ ប្រទេសចិន និងរុស្ស៊ី នៅតែប្រឆាំងនឹងការដាក់ទណ្ឌកម្មនេះ ។សម្រាប់លោក ចង់ឃើញវិធានការមួយជាក់ស្ដែងលើពួកយោធា។
កាលពីថ្ងៃទី១១មីនា ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្នុងនោះ មានទាំងចិននឹងរុស្ស៊ី ផងដែរ បានឯកភាពជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាមេរិកដោយបានសម្រេចចេញសេចក្ដីថ្លែងការណ័ថ្កោលទោស ពួកយោធាភូមា ចំពោះការប្រើហិង្សាទៅលើបាតុករនិងចាប់ខ្លួនអ្នកស្រីអ៊ុងសានសូជី និង មន្ត្រីរបស់អ្នកស្រី។
តែបើតាមរយៈសារព័ត៌មានUN News Age គឺលោកប្រេសិតរូបនោះបានសម្ដែងការខកចិត្តចំពោះសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្ដិសុខស្ដីពីករណីភូមា បើទោះបីជាសេចក្ដីថ្លែងការណ៍នោះបានចេញដោយពុំមានការជំទាស់ពីចិននិងរុស្ស៊ីម្ដងទៀតក៏ដោយ។
លោកខកចិត្ត ព្រោះតែលោករង់ចាំយ៉ាងអន្ទះសារ ដើម្បីដឹងលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ
ព្រោះស្ថាប័ននេះ មានឥទ្ធិពលខ្លាំងណាស់ តែ បានត្រឹមតែថ្កោលទោស ពួកយោធាភូមាប៉ុណ្ណោះ។
តាម ប្រេសិតThomas Andrews ក្រុមប្រឹក្សាគួរតែមានវិធានការមួយដ៏រឹងមាំនិងជាវិធានការដំបូងគឺការហំព័ន្ធសេដ្ឋកិច្ច និងការហំព័ន្ធការធ្វើចរាចណ៍អាវុធចូលទៅប្រទេសភូមា។
ជាថ្មីម្ដងទៀតលោក Andrews បានលើកឡើងថា ក្រុមយោធាភូមា នឹងប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកបានរៀបរាប់អំពីចំណុចនៃការបំពានច្បាប់អន្ដរជាតិរបស់ពួកយោធាភូមាមានដូចជា ឃាតកម្ម, ការបាត់ខ្លួន ,ការធ្វើទុក្ខបុកម្នេញ ,ការធ្វើទណ្ឌកម្ម និងការដាក់ពន្ធនាគារគឺសុទ្ធតែជាបទល្មើស ប្រឆាំងនឹងមនុស្សជាតិ។លោកថែមទាំងបញ្ជាក់ថាលោកមានភស្ដុតាងបង្ហាញ ហើយ ថាឧក្រិដ្ឋកម្មរបស់ក្រុមយោធា មានលក្ខណៈកាន់តែធំឡើង និងជាប្រព័ន្ធទៀតផង។
លោកបញ្ជាក់ថាមនុស្សដែលស្លាប់ចំនួន ៧០នាក់ ចាប់តាំងពីរដ្ឋប្រហារយោធាមកគឺភាគច្រើននៃអ្នកទាំងនោះ គឺមានអាយុក្រោម២៥ឆ្នាំ។
តែ លោក Andrews ថាលោកសូមទទូចឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើភូមាតែម្ដងដោយ មិនចាំបាច់ពឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។
គួរឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមីនា បានអនុម័ត លើសេចក្តីថ្លែងការណ៍មួយ ដែលសម្ដែងការព្រួយបារម្ភជាខ្លាំង អំពើហិង្សា នៅក្នុងប្រទេសភូមា ដោយបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមយោធា ចំពោះការប្រើប្រាស់ហិង្សាលើក្រុមបាតុករហើយក៏បានអំពាវនាវដល់ពួកយោធា អោយស្ដារឡើងវិញនូវ រដ្ឋាភិបាល ប្រជាធិបតេយ្យ របស់ប្រទេសភូមាអោយទៅរកសភាពដើមវិញ ។
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ប្រទេសក្នុងមានទាំងប្រទេសចិន រុស្ស៊ី ផងដែរ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំប្រចាំខែមីនា គឺប្រធានគឺជាសហរដ្ឋអាមេរិកដោយ លោកស្រី Linda Thomas-Greenfield ក្នុងការថ្កោលទោស ពួកដឹកនាំរដ្ឋប្រហារនៅភូមា។
ទោះជាការស្លាប់បាតុករ នៅតេកើនឡើង ជារៀងរាល់ថ្ងៃ ក៏ដោយ ក៏ក្រុមយុវជនភូមា នៅបន្តការប្រមូលផ្តុំគ្នានិងការធ្វើកូដកម្ម និងបាតុកម្មនៅថ្ងៃសុក្រនេះទៀតហើយសន្យានឹងមានបាតុកម្មធំទៀត នៅសៅរ៍និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។
កាលពីថ្ងៃព្រហស្បតិ៍ទី១១មីនា ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន ថា កងកម្លាំងយោធាបានបាញ់សម្លាប់ បាតុករចំនួន ១២នាក់ក្នុងថ្ងៃតែមួយ គឺចំថ្ងៃ ដែលក្រុមប្រឹក្សាសន្តិសុខ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ពួកយោធា៕