អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា មានអ្នកនយោបាយទុច្ចរិតខ្លះ ចង់បោកប្រាស និងទាញទម្លាក់ប្រជាប្រិយភាពរបស់លោក កឹម សុខា ទោះបីជាពួកគេដឹងច្បាស់ថា លោក កឹម សុខា បច្ចុប្បន្ននេះ កំពុងជាប់បម្រាម តុលាការក៏ដោយ។
សហមេធាវីកាពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺ លោក ចាន់ ចេន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះថា មានអ្នកនយោបាយមួយក្រុមកំពុងតាមដាន លោក កឹម សុខា ស្ទើតែគ្រប់ជំហ៊ាន និងគំរាមថាប្រយត្ន័ហួសបន្ទាត់ក្រហម បំពានបំរាមតុលាការ។ ដោយឡែក មួយក្រុមទៀត រិះគន់ពីក្រៅស្រុកថា លោក កឹម សុខា នៅសម្ងំស្ងៀមមិនព្រមចេញមកធ្វើសកម្មភាពតវ៉ា មិនជួយសកម្មជនដែលគេចាប់ដាក់គុកដោយសារលោក សម រង្ស៊ី ទាល់តែសោះ។
រីឯក្រុមទីបី បានចោទលោក កឹម សុខា ថា សម្ងំដេកសង្ឃឹមសហគមន៍អន្តរជាតិ គ្មានសកម្មភាព មិនចាត់តាំងអ្នកនេះ ឬអ្នកនោះឲ្យទៅបង្កើតគណបក្សថ្មី មិនរៀបចំបណ្តាញឲ្យទាន់ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ទាល់តែសោះ។
ទោះបីជាបែបនេះក្តី លោក ចាន់ ចេន បញ្ជាក់ថា សំឡេង នៅមូលដ្ឋានដែលជាឆន្ទៈអ្នកចង់ឲ្យមានការផ្លាស់ប្តូរពិត នៅរឹងមាំក្នុងស្មារតី សង្គ្រោះជាតិ មិនវង្វេងតាមគេពង្វក់ មិនឈ្លក់ចង់បានតំណែង នោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សអតីតបក្សសង្គ្រោះជាតិមួយចំនួនបានចាកចេញទៅបើកបក្សថ្មី ឈប់បន្តគាំទ្រស្មារតីសង្គ្រោះជាតិដូចកាលពីមុនទៀត។
គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ អតីតមន្ត្រីបក្សប្រឆាំងជិត ២០រូប ហើយដែលបានសុំសិទ្ធិធ្វើនយោបាយ ហើយពួកគេក៏ទទួលបានសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រឡើងវិញតាមរយៈក្រសួងមហាផ្ទៃ។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានគណបក្សចំនួន៤ ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំង ដូចជា គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្ស និងគណបក្សកំណែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្នរ័ត្ន ដែលបានដាក់ឯកសារផ្លូវច្បាប់ទៅក្រសួងមហាផ្ទៃរួចរាល់ហើយកាលពីពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងទាំងនោះ អះអាងថា ការបើកបក្សថ្មីរបស់ពួកគេ គឺដើម្បីរកច្រកចេញប្រកួតប្រជែងនយោបាយជាមួយគណបក្សកាន់អំណាច ជាជាងនៅស្ងៀមរយៈពេល៥ឆ្នាំបន្តទៀតដែលជាការបណ្តែតបណ្តោយឲ្យរដ្ឋាភិបាលធ្វើអ្វីស្រេចតែនឹងចិត្ត។ ជាងនេះទៀត ពួកគេអះអាងថា នៅតែរក្សាស្មារតីសង្គ្រោះជាតិដដែល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលបានចេញទៅបើកបក្សថ្មី ពិតជាធ្វើឡើងស្របទៅតាមផ្លូវច្បាប់ ប៉ុន្តែខុសយុទ្ធសាស្ត្រនយោបាយយ៉ាងសម្បើម និងអគុណធម៌យ៉ាងធ្ងន់ធ្ងរ។
លោក បញ្ជាក់ ប្រសិនបើមន្ត្រីដែលបានចាកចេញទៅបើកបក្សថ្មីទាំងនោះ ព្យាយាមលើក ឬទម្លាក់ប្រធានបក្សប្រឆាំងដើម្បីទាញប្រជាប្រិយភាពសម្រាប់ក្រុមថ្មីរបស់ខ្លួនមែន គឺពិតជាមិនអាចទៅរួចទេ ព្រោះអ្នកគាំទ្របក្សប្រឆាំងនៅមូលដ្ឋាន មិនជឿទុកចិត្តលើអ្នកទាំងនោះទេ ប៉ុន្តែគេជឿលើស្មារតីរួមរបស់សង្គ្រោះជាតិប៉ុណ្ណោះ។
លោក ម៉ែន ណាត អំពាវនាវ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលចេញទៅបើកបក្សថ្មីមិនគួរវាយប្រហារអ្នកប្រជាធិបតេយ្យដូចគ្នានោះទេ ដោយឡែកអ្នកដែលរក្សាបន្តស្មារតីសង្គ្រោះជាតិត្រូវរក្សាភាពអត់ធ្មត់បន្តទៀតដើម្បីធ្វើជាគំរូក្នុងការផ្សះផ្សាជាតិ និងប្រមូលអ្នកប្រជាធិបតេយ្យឲ្យបានជាកម្លាំងរួមក្នុងការជួយប្រទេសជាតិ។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ការចាប់លោក កឹម សុខា ទាំងយប់នោះ ដោយចោទពីបទក្បត់ជាតិតាមប្រសាសន៍របស់លោកហ៊ុន សែន។
រហូតមកទល់នឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ក៏ត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅគេហដ្ឋានរបស់លោកវិញនៅក្រោមហេតុផលសុខភាពមិនប្រក្រតី។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានចេញដីកាកែប្រែលក្ខខណ្ឌនៃការឃុំខ្លួនលោក ដោយតុលាការបានផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ពិសេសតុលាការហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសឡើយ។
បែបនេះក្តី មកទល់នឹងពេលនេះ លោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ស្របពេលតុលាការប្រកាសផ្អាកសវនាការរបស់លោកតាំងពីខែមីនាឆ្នាំ២០២០ ក្រោមហេតុផលការពារជំងឺកូវីដ១៩។
កាលពីថ្ងៃទី២៨ខែមករា លោក កឹម សុខា បញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត នៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរ៕