27 C
Phnom Penh

គណបក្ស GDP ជុំរុញឲ្យរដ្ឋាភិបាលត្រៀមអនុម័តថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួររៀបចំឲ្យមានថវិការជាតិដើម្បីប្រើប្រាស់ជួយពលរដ្ឋ ដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ១៩ ខណៈច្បាប់ និងអនុក្រឹត្យផាកពិន័យ និងផ្តន្ទាទោសពលរដ្ឋ ក្រោមហេតុផលដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះបានដាក់ចេញជាបន្តបន្ទាប់។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះឲ្យដឹងថា ក្រៅពីច្បាប់ និងអនុក្រឹត្យដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីស្តីពី វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលក៏ត្រូវត្រៀមថវិកាជាតិក្នុងដៃ ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស និងសេដ្ឋកិច្ចប្រជាជនពីជំងឺសកលនេះផងដែរ។

គណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏ បានជុំរុញ ឲ្យរដ្ឋាភិបាលអនុម័តថវិការជាតិដើម្បីប្រើប្រាស់ជាបន្ទាន់លើ កន្លែងសង្គ្រោះបន្ទាន់ មណ្ឌលចត្តាឡីស័ក និងការចាក់វ៉ាក់សាំងឲ្យបានទូទាំងប្រទេស។

លើសពីនេះ ត្រូវជួយដល់ដល់សហគ្រាសពាក់ព័ន្ធមួយចំនួន ដូចជា វិស័យទេសចរណ៍ជាដើម។ ជាងនេះទៀត ត្រូវឧបត្ថម្ភដល់គ្រួសារក្រីក្រដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

ប្រភពដដែល អះអាងថា រដ្ឋាភិបាលត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់លើវិស័យធនាគារ ដើម្បីជួយសម្រួលឲ្យមានការពន្យាពេលបង់សំណង និងកាត់បន្ថយ ការប្រាក់ ដល់អតិថិជន។ បន្ថែមពីនេះ រដ្ឋត្រូវបញ្ចេញថវិកាគាំទ្រដល់ផលិតផលក្នុងស្រុក ជាពិសេស វិស័យកសិកម្ម និងសិប្បកម្មដែលមានសក្តានុពល ដើម្បីពង្រឹងការផលិត សម្រាប់ជំនួសឲ្យការនាំចូលដែលអាចជួយដល់ប្រាក់ចំណូលជាតិ និងការងារក្នុង  ស្រុក។

ការអះអាងនេះធ្វើឡើង ធ្វើបន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យ និងបានប្រកាសឱ្យប្រើប្រាស់នូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ខែមីនា ដោយប្រមុខរដ្ឋស្តីទី។

ច្បាប់ថ្មីនេះ មាន ៦ជំពូក និង១៨មាត្រា ដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ លោក ហ៊ុន សែន លោក ម៉ម ប៊ុនហេង និងលោក កើត រិទ្ធិ។

នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលមានការពិន័យធ្ងន់ធ្ងរលើអ្នកដែលមិនបានគោរពតាមវិធានការរបស់រដ្ឋាភិបាល និងគេចវេះពីការណែនាំឬធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មានThe Cambodia Daily នៅថ្ងៃនេះថា ច្បាប់ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងទៀត គឺពិតជាត្រឹមត្រូវហើយ ដើម្បីឲ្យមានរបៀបរៀបរយ និងទប់ស្កាត់ជំងឺសកលនេះដែលបំផ្លាញអាយុជីវិតពលរដ្ឋ។

លោក បញ្ជាក់ថា ច្បាប់នេះ នៅមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែការត្រៀមរៀបចំថវិការជាតិដើម្បីជួយសេដ្ឋកិច្ចពលរដ្ឋក៏រឿងសំខាន់ផងដែរ ព្រោះពលរដ្ឋមួយភាគធំ កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលអនុម័តថវិកាច្បាស់លាស់ដើម្បីជួយប្រជាពលរដ្ឋ និងសហគ្រាសតាមវិស័យអាទិភាពមួយចំនួន នោះសេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងវិញបានយ៉ាងឆាប់រហ័សក្រោយបញ្ចប់កូវីដ១៩៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស