27 C
Phnom Penh

មេខ្យល់ជនជាតិខ្មែរ និងវៀតណាមចំនួន ១៣០នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានឱ្យដឹងថាអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរ និងវៀតណាមចំនួន១៣៤នាក់ ពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់ ក្នុងអំឡុងពេលរឹតបន្តឹងច្រករបៀងតាមព្រំដែនរយៈពេលជាងមួយខែមកនេះ។

សារព័ត៌មានVOD បានស្រង់សម្តីរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន នៅទី១៥ខែមីនានេះថា គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៤ខែមីនា  សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនបានស្រាវជ្រាវតាមចាប់មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់បានចំនួន៩៥ករណី ក្នុងនោះចាប់ខ្លួនជនសង្ស័យមានចំនួន១៣៤នាក់។

លោកបន្តថា ជនសង្ស័យជាមេខ្យល់ទាំងនោះត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

វិធានការនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន កាលពីថ្ងៃទី១៥ខែកុម្ភៈ បានបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវពង្រាយកងកម្លាំង ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ឬវិលទៅកម្ពុជាវិញ ដោយមិនបានធ្វើចត្តាឡីស័កឬគេចវេះពីវិធានការសុខាភិបាលដែលបានដាក់ចេញកន្លងមក។

លើសពីនេះ លោកព្រមានដកស័ក្កឬ ឋានៈមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធ ឬឃុបឃិតដោះលែងមេខ្យល់ទៀតផង។

ក្រោយការបញ្ជាមិនបានប៉ុន្មានម៉ោងផង អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបងលោកវរសេនីយ៍ឯក គឹម ពន្លក ត្រូវដកចេញពីតំណែង និងត្រូវបានបញ្ជូនសំណុំរឿងទៅកាន់តុលាការ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោកបានប្រព្រឹត្តខុសនីតិវិធី ព្រោះបានដោះលែងមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា គេចវេះពីការធ្វើចត្តាឡីស័ក។

សាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់អតីតអធិការនគរបាលស្រុកកំរៀងរូបនេះ ពីបទ «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» និងបានបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅឯពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ។

មាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ឬនាំយកទៅក្រៅពីប្រទេសកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ដល់១៥ឆ្នាំ។ សម្រាប់អំពើល្មើសប្រព្រឹត្តឡើងដោយមន្ត្រីសាធារណៈដែលបំពានដោយអំណាចរបស់ខ្លួន មន្រ្តីរូបនោះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១៥ទៅ២០ឆ្នាំ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស