កំហឹងជាតិសាសន៍ របស់ពលរដ្ឋភូមាប្រឆាំងចិនបានចាប់ផ្ដើមចេញជារូបរាងហើយ។ កុប្បកម្មរបស់មហាជនប្រឆាំងនឹងរបបរដ្ឋប្រហារ បានផ្ទុះឡើង នៅក្នុងតំបន់ឧស្សាហកម្មពិសេស មួយនៅជាយទីក្រុងធំៗ ដូចជាទីក្រុងយ៉ាំងហ្គន និងទីក្រុងណៃពិដោរ ដោយមានការដុតរោងចក្ររបស់ចិន ជាង៣០កន្លែង ក្នុងតំបន់នោះ ។
ស្ថានទូតចិន នៅប្រទេសភូមាបានជម្រុញឱ្យពួកយោធាភូមាចាត់វិធានការណ៍ក្នុងការបញ្ចប់ហិង្សា និងកាត់ទោសជនដៃដល់។ នេះបើតាម សារព័ត៌មានរបស់ចិន CGTN បានឱ្យដឹងថា ជនជាតិចិនរាប់សិបនាក់ក៏បានរងរបួសផងដែរ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនបានសរសេររៀបរាប់ដូចនេះថា ចិនទទូចឱ្យភូមាមានចំណាត់ការ ក្នុងការបញ្ចប់អំពើហិង្សា ដោយដាក់ទោសអ្នកប្រព្រឹត្តទៅតាមច្បាប់ ធានាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិន នៅភូមា។
ស្ថានទូតចិនក៏បានអំពាវនាវឱ្យពលរដ្ឋភូមាបង្ហាញការទាមទាររបស់ពួកគេ ឱ្យសមស្របទៅតាមច្បាប់ គឺមិនត្រូវអុជអាល បំផ្លាញទំនាក់ទំនងចិន និងភូមានោះទេ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិន ធ្វើឡើងបន្ទាប់ពីរោងចក្រដល់ទៅជាង៣០ ដែលជាវិនិយោគរបស់ចិន និងវិនិយោគរួមជាមួយភូមាមួយចំនួនត្រូវបានវាយបំផ្លាញ និងដុតកំទេចចោលក្នុងទីតាំង ឧស្សាហកម្មនៃក្រុងយ៉ង់ហ្កោន។
បើតាម CGTN ឲ្យដឹងថា យ៉ាងហោចណាស់មាន មនុស្សពី៤០ ទៅ៥០នាក់ កាន់បំពង់ដែក ញញួរ ហ្កាស ហើយក្រុមនោះក៏បានដុតរោងចក្រនោះ បន្ទាប់ពីបានវាយសន្ដិសុខ ដែលនៅយាមខាងមុខរោងចក្រឲ្យរបួស។
ចំណែកយានយន្ដ និងហាងលក់ទំនិញជិតៗនោះត្រូវបានរាយការណ៍មកថា ក្រុមបាតុករបានវាយកម្ទេច ហើយហាងទាំងនោះ ក៏ជារបស់ជនជាតិចិនផងដែរ ហើយក៏មានប្រជាជនចិនមួយចំនួនរងរបួស ។
ក្រុមហ៊ុនដែលបានក្លាយជាគោលដៅនៃការបំផ្លាញនោះគឺនៅក្នុងតំបន់ឧស្សាហកម្ម Shwe Lin Ban និងទីប្រជុំជន Hlaing Thar Yar។ រោងចក្រទាំងនោះភាគច្រើនជារោងចក្រសម្លៀកបំពាក់។
ស្ថានទូតចិនបានទាក់ទងទៅកាន់ក្រុមហ៊ុនដែលរងការខូចខាតហើយ ក៏កំពុងស្នើឱ្យអាជ្ញាធរយោធា ចាត់វិធានការការពារសុវត្ថិភាពក្រុមហ៊ុនរោងចក្រផ្សេងទៀត និងប្រជាជនចិនដែលរស់នៅលើទឹកដីភូមា។
ស្ថានទូតក៏បានបញ្ចាក់ដែរថា ការវិនិយោគរបស់ចិននៅក្នុងវិស័យឧស្សាហកម្មនៅភូមា គឺបានង្កើតការងារដល់ទៅជាង ៤ម៉ឺនការងារ ហើយថាអត្តចរិតបែបនេះវានឹងបំផ្លាញប្រយោជន៍ពលរដ្ឋភូមាទៅវិញទេ។
ស្ថានទូតបានវាយតម្លៃថា ព្រឹត្តិការណ៍នោះអាក្រក់ណាស់ ហើយជម្រុញឱ្យភាគីភូមាត្រូវមានចំណា់តការប្រកបដោយប្រសិទ្ធិភាព និងដាក់ទោសជនល្មើសដែលប្រើអំពើហិង្សានេះ។ ប្រភពក្នុងស្រុករបស់ភូមាបានប្រាប់សារព័ត៌មានរដ្ឋចិនមួយទៀតឈ្មោះ Global Timesឱ្យដឹងថាស្ថានការណ៍ ពេលនេះគឺអាក្រក់ទៅហើយដោយមិនអាចគ្រប់គ្រងបាន នោះទេ ហើយវាកាន់តែរីករាលដាលធំឡើងៗនិងអាក្រក់ឡើងៗ។
បើតាមសារព័ត៌មានក្នុងស្រុករបស់ ភូមា ឈ្មោះ Irrawaddy ឲ្យដឹងថានៅមុនការដុតរោងចក្ររបស់ចិន មានកាតអំពាវនាវឲ្យមាន ការថ្កោលទោសចិនដែលនៅពីក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ហើយក៏មានប្រជាជនភូមាជាង ៥ម៉ឺននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានជំរុញឱ្យមានចលនា ពហិការមិនទិញ ផលិតផលរបស់ចិននៅក្នុងប្រទេសភូមា។
ប្រជាជនភូមាដែលជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមធ្លាប់ប្រតិកម្ម ដាក់ចិនទៀតថា ប្រសិនបើចិននៅតែអះអាង ថាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសភូមា គឺជាកិច្ចការផ្ទៃក្នុង ហើយករណីនេះបាននាំឲ្យមានការព្រមានបំផ្ទុះគ្រាប់បែក បំពង់បង្ហូរឧស្ម័នធម្មជាតិដែលឆ្លងកាត់ប្រទេសភូមា បាតុករអះអាងថា វាក៏ជាបញ្ហាផ្ទៃក្នុងដែរ។
ក្រុមបាតុករធ្លាប់បានទៅប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូតចិន ដោយចោទចិនថា ជាអ្នកនៅពីក្រោយពួកយោធា ក្នុងការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតរបស់អ្នកស្រីអ៊ុងសានសូជី។ ពួកបាតុករ ភូមាប្រតិកម្មនឹងប្រទេសចិន ករណីដែលចិនជំទាស់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអោយចេញសេចកក្ដីថ្លែងការណ៍ថ្កោលទោស ពួកយោធា៕