33 C
Phnom Penh

លោក ហ៊ុន សែន សំដែងការហួសចិត្តចំពោះ ឧកញ៉ា ដួងឆាយ ដែលបានប្រើអំពើហិង្សាលអតីតភរិយា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រតិកម្មតាមបណ្តាញសង្គមហ្វេស ក្នុងប្រអប់ Comment លើវីដេអូរបស់អតីតភរិយា ឧកញ៉ា ដួង ឆាយ ដែលបានទម្លាយវីដេអូដែលអតីតស្វាម៉ីបានប្រើអំពើហិង្សាមកលើខ្លួនយ៉ាងធ្ងន់ធ្ងរ។

ក្នុងខ្ទង់បញ្ចេញយោបល់នោះ លោក ហ៊ុន សែន  ថា មិនគួរ ឧកញ៉ា ដួង ឆាយ សាហាវឃោឃៅដល់កម្រិតនេះសោះ

ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអតីតភរិយា ឧកញ៉ា ដួងឆាយ បានបញ្ចេញខ្សែវីដេអូប្រវែង៣០នាទី ដើម្បីលាតត្រដាងការពិតដែលបុរសជាអតីតស្វាមី ប្រើអំពើហិង្សា មកខ្លួនដោយការវាយធ្វើបាប លើរូបរាងកាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

មា្ចស់គណនីហ្វេសប៊ុកឈ្មោះ MLN brand by dalyss ត្រូវគេស្គាល់ថាជាអតីតភរិយា ឧកញ្ញ៉ា ដួងឆាយ គឺអ្នកស្រី ដេត មាលីណា បានបង្ហោះវីដេអូដែលយកមកពីកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពដែលអតីតស្វាម៉ី បានប្រើអំពើហិង្សាមកលើខ្លួនកាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងចេតនា ដើម្បីបកស្រាយការពិត និងទាមទារនូវយុត្តិធម៌សម្រាប់ខ្លួន។

ភស្តុតាងតាមរយៈខ្សែវីដេអូនោះ បានបង្ហាញពីសកម្មភាពប្រើអំពើហិង្សាធ្ងន់ធ្ងរដែល ឧកញ៉ា ដួងឆាយ បានប្រព្រឹត្តលើអតីតភរិយារបស់ខ្លួន ដោយការចាប់ក្របួចសក់ក្បាល ចាប់គ្រៀកក បង្ខំឲ្យចេញក្រៅបន្ទប់ និងរុញឪពុកក្មេកផ្ទប់នឹងជញ្ចាំងថែមទៀត។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ  ឧកញ៉ា ដួង ឆាយ បានផ្សាយផ្ទាល់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនដើម្បីបំភ្លឺអំពីវីដេអូបែកធ្លាយនោះថា មុននឹងឈានដល់ការប្រើអំពើហិង្សាបែបនេះ គឺមានហេតុផលខ្លះ ដែលអតីតភរិយារបស់លោក មានចេតនាញុះញង់ឲ្យលោកខឹងក្នុងបំណងដើម្បីថតវីដេអូនេះទុក។ លោកបន្តថា អ្នកស្រី មាលីណា បានប្រើពាក្យមិនសមរម្យដូចជា ឲ្យលោកទៅក្រៀវប្រដាប់ភេទ និងជេរប្រមាថលើក្រុមគ្រួសាររបស់លោក ដោយប្រើសម្តីយ៉ាងអសរស និងគ្រោធជាទីបំផុត។ ជាងនេះទៀត លោកបានចោទប្រកាន់ថា អតីតភរិយារបស់លោកបានលួចបង្កើតស្នេហាត្រីកោណ តាំងពីមុនលោកបានផ្តិតមេដៃលែងលះគ្នាមកម្លេះ។

យ៉ាងណាក៏ដោយ មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ច្បាប់មិនការពារអ្នកប្រព្រឹត្តល្មើសនោះទេ ទោះពួកគេជាមនុស្សមានឥទ្ធិពល ឬមានអំណាចក៏ដោយ។

លោកបន្តថា ការប្រើអំពើហិង្សារបស់លោក ឧកញ៉ា ដួង ឆាយ លើអតីតភរិយារបស់ខ្លួន គឺមានវីដេអូ ដែលជាភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីបទល្មើល ដែលជនបង្កបានប្រព្រឹត្ត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏ឧកញ៉ា ដួងឆាយ មិនត្រូវល្មើសច្បាប់រហូតដល់ថ្នាក់ប្រើអំពើហិង្សាលើស្ត្រីភេទនោះទេ។

មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងថា ករណីនេះគឺជាការរំលោភបំពានលើសិទ្ធិរបស់ស្រ្តីយ៉ាងធ្ងន់ធ្ងរ ខណៈកម្ពុជា និងពិភពលោកបានយកចិត្តទុកដាក់ លើកស្ទួយ និងការពារ សិទ្ធិស្ត្រីដែលជាភេទទន់ខ្សោយយ៉ាងពេញទំហឹង។ ដូច្នេះអាជ្ញាពាក់ព័ន្ធគួរតែចាត់វិធានការ ទប់ស្កាត់កុំឲ្យអ្នកដែលមានតួនាទីខ្ពស់ៗ និងមានអំណាចធំៗ បន្តប្រើទង្វើល្មើសច្បាប់ដដែលៗ ដោយសំអាង ការដោះស្រាយដោយការប្រើលុយកាក់ ឬបក្ខពួកជាដើម។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ការប្រើអំហិង្សា និងការតាមផ្តាច់ជីវិតស្ត្រីខ្មែរ ពីសំណាក់អ្នកមានអំណាច មិនដែលទទួលបានយុត្តិធម៌នោះទេ ចាប់តាំងពីឆ្នាំទសវត្សទី៩០ មក។ ឃាតកម្មទាំងនោះមានដូចជា ដូចជាករណី នាដការីរបាំ ព្រះរាជទ្រព្យ ដ៏ល្បីល្បាញមួយរូបគឺ អ្នកស្រី ពិសិដ្ឋ ពិលីកា ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីឆ្នាំ១៩៩៩ កញ្ញា តាត ម៉ារីណា ត្រូវបានភរិយារបស់លោក ស្វាយ ស៊ីថា  មន្រ្តីជាន់ខ្ពស់នៃទីស្តីការគណរដ្ឋមន្រ្តីវាយធ្វើបាប និងស្រោចទឹកអាស៊ីតបំផ្លាញរាងកាយ និងសម្ផស៍ កាលពីឆ្នាំ១៩៩៨។

លើសពីនេះ កញ្ញា ទូច ស៊ុននិច ដែលត្រូវជនមិនស្គាល់មុខ លួចបាញ់ប្រហារកាលពី ឆ្នាំ២០០៣ និងអ្នកនាង ពៅបញ្ញា ពេជ្រ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីសឆ្នាំ២០០៧ ហើយធ្លាក់ខ្លួនពិការរហូតមកដល់ពេលបច្ចុប្បន្ន។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានលើកឡើងថា មន្ត្រីមានសត្ថកិច្ចគួរតែអនុវត្តច្បាប់ឲ្យបានតឹងរឹង ជៀសវាងបណ្តែតបណ្តាយឲ្យអ្នកប្រព្រឹត្តល្មើសអាចធ្វើរឿងអាក្រក់សេរីក្រៅច្បាប់បន្តទៀត។ ជាក់ស្តែង ដូចជាករណីអំពើហិង្សារបស់ ឧកញ៉ា ដួងឆាយ ដែលមានខ្សែវីដេអូនភស្តុតាងគ្រប់គ្រាន់ដែលអាចកសាងសំណុំរឿងតាមនីតិវិធីច្បាប់បាន។

កញ្ញា អំពាវនាវ ឲ្យក្រសួងកិច្ចការនារី និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធផ្នែកសុខមាលភាពយេនឌ័រ គួរតែជួយលើកទឹកចិត្តស្ត្រីរងគ្រោះ និងជួយការពារសុវត្ថិភាពរបស់គាត់ឲ្យបានទាន់ពេលផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស