37 C
Phnom Penh

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ អ្នកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្តីទី លើកលែងទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យលើកលែងទោសចំពោះអតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា អ្នកស្រី       ថាក់ ឡានី ។

ព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ហើយThe Cambodia Dailyទទួលបាននៅថ្ងៃទី១៦ខែមីនានេះ បានត្រាស់បង្គាប់លើកលែងទោសចំពោះអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺអ្នកស្រី ថាក់  ឡានី។

ព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងអ្នកស្រី ថាក់ ឡានី ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨ លានរៀល ព្រមទាំងបង់ប្រាក់ជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន១០០រៀល។

តុលាការសម្រេចចោទប្រកាន់អ្នកស្រីពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

បណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពី អ្នកស្រី ថាក់ ឡានី កាលពីខែកក្កដា ឆ្នាំ២០១៦ បានថ្លែងនៅក្នុងវេទិកាសាធារណៈមួយនៅខេត្តរតនគិរី ដោយបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នករៀបចំការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

ក្រោយការថ្លែងនេះភ្លាម លោក ហ៊ុន សែន តាមរយៈមេធាវីរបស់លោកបានសម្រេចដាក់ពាក្យប្តឹងអ្នកស្រីទៅតុលាការតែម្តង។ លុះដល់ខែកុម្ភៈឆ្នាំ២០១៨ តុលាការតុលាការកំពូល បានសម្រេចចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអ្នកស្រី រយៈពេល ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល ព្រមទាំងសងជំងឺចិត្តលោកហ៊ុន សែន ចំនួន១០០រៀលប៉ុណ្ណោះ ។ ក្រោយរងបណ្តឹងនេះ អ្នកស្រី ថាក់ ឡានី បានភៀសខ្លួនទៅក្រៅប្រទេស និងបានសិទ្ធិររស់នៅប្រទេសស៊ុយអ៊ែតនាពេលបច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស