អ្នកឃ្លាំមើលបានវាយតម្លៃ អ្នកនយោបាយធំៗនៅកម្ពុជាបួនរូបមានលក្ខណៈសម្បត្តិនយោបាយខុសគ្នា ដោយម្នាក់ពូកែខាងចាប់ចង ម្នាក់ពូកែខាងលាបពណ៌ ម្នាក់ទៀតពូកែខាងថ្នមស្ថានការណ៍ ហើយម្នាក់ទៀតពូកែខាងធ្វើនយោបាយអហិង្សា។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្រុមលោក ហ៊ុន សែន អាចជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយអាជ្ញាទំនើងចិត្ត និងពន្ធនាគារនិយម។
ដោយឡែកលោកថា ក្រុមលោក សម រង្ស៊ី អាចយជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយប្រតិដ្ឋរឿងលាបពណ៌ និងពន្យុះនិយម។
រីឯ ក្រុមលោក កឹម សុខា អាចជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយអហិង្សា និងចាំតែផ្សះផ្សានិយម។
យ៉ាងណាសម្រាប់ ក្រុមសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក គឹម សុខថា អាចជាប់ឈ្មោះជា ម្ចាស់មនោគមន៍វិជ្ជានយោបាយនិយមថ្នមស្ថានការណ៍ជ្រុល រហូតដួលងើបលែងរួច។
ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅលើមេដឹកនាំគណបក្សនយោបាយនៅកម្ពុជាដែលតែងប្រកាន់ជំហរ និងការអនុវត្តបេសកកម្មនយោបាយរបស់ពួកគេ រៀងៗខ្លួន រហូតមកទល់នឹងពេលនេះនៅមិនទាន់មានមេដឹកនាំនយោបាយមួយណាអាចស្វែងរកការរួបរួមដើម្បីឯកភាពជាតិបាននៅឡើយ។
កន្លងមកគេសង្កេតឃើញថា ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ឆ្នាំ១៩៨៥ មកត្រូវគេមើលឃើញថា លោក ហ៊ុន សែន បានប្រើអំណាចហួសដែនកំណត់ ព្រោះតែរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ជាដើម។
ដោយឡែក លោក សម រង្ស៊ី ដែលជាអតីតមេដឹកនាំបក្សប្រឆាំង ត្រូវបានសមាជិកបក្សរបស់ខ្លួនដែលឈប់គាំទ្រខ្លះលាតត្រដាងថា ជាក្រុមដែលពូកែលាបពណ៌ និងក្រុមដែលពូកែជេប្រមាថ ក្រុមណា ឬបុគ្គលណាដែលរិះគន់ចំនុចខ្សោយរបស់ពួកគេដោយរៀបចំបណ្តាញសង្គមដើម្បីលាបពណ៌អ្នកទាំងនោះជាដើម។
តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៩ខែមីនា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោកគ្មានគំនិតណាមួយក្បត់ជាតិ ឬលួចជាតិដ៏កម្សត់នេះឡើយ។
លោកថារយៈពេល២០ឆ្នាំកន្លងទៅនេះ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសសរុប៤៧ឆ្នាំ ដោយចោទប្រកាន់ក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។
លោក សម រង្ស៊ី និយាយថា ក្នុងឋានៈជាមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា លោកត្រូវគេទទួលស្គាល់គ្រប់គ្នាថា លោកមិនដែលបៀតបៀនបុគ្គលណាម្នាក់ មិនដែលលួចនរណា សូម្បីតែមួយរៀល មិនដែលប៉ះពាល់នរណា ធ្វើបាបនរណា។ ជាពិសេសលោកមិនដែលមានគំនិតទៅលួចជាតិដ៏ក្រកម្សត់ម្តងណាឡើយ។
ចំពោះលោកកឹម សុខា វិញ ធ្លាប់អះអាងកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០០២១នេះថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត នៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ ពលរដ្ឋខ្មែរ។
លោក គឹម សុខ អះអាងថានៅពេលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវការក្រុមមេដឹកនាំនយោបាយប្រជាធិបតេយ្យ ដែលប្រកាន់យកនូវ ជំហរជាតិអហិង្សា ស្មារតីរឹងប៉ឹង ព្រមទាំងមានវិធានការដឹកនាំម៉ឹងម៉ាត់ និងពលិកម្មប្រតិបត្តិនិយមផងដែរ។
សហភាពអឺរ៉ុប និងបណ្តាប្រទេសលោកសេរីជាច្រើន នៅតែជំរុញឱ្យអ្នកនយោបាយខ្មែរវិលទៅរកការចរចារបញ្ចប់ជម្លោះនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិ ឱ្យធំជាងផលប្រយោជន៍បុគ្គល ឬ បក្សរបស់ខ្លួន។ ប៉ុន្តែមកទល់ពេលនេះ ពន្លឺនៃកិច្ចចរចារនយោបាយនៅកម្ពុជានៅមិនទាន់មាននៅឡើយទេ បន្ទាប់ពីប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់អះអាងថា លោកគ្មានអ្វីត្រូវចរចារនោះទេ ហើយលោកថែមទាំងហាមមិនឱ្យបរទេសជួយសម្របសម្រួលរឿងនេះទៀតផង៕