អាជ្ញាធរខេត្តព្រះសីហនុ តម្រូវឱ្យអ្នកចាក់ដីលុបចូលសមុទ្រដោយខុសច្បាប់ត្រូវកាយដីចេញវិញឱ្យអស់ជាបន្ទាន់ ប៉ុន្តែអាជ្ញាធរនៅមិនទាន់ចាត់វិធានការច្បាប់ចំពោះពួកគេនៅឡើយ បើទោះបីជាករណីនេះជាបទល្មើសព្រហ្មទណ្ឌក្តី។
សេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា លើកឡើងថា ក្នុងពេលថ្មីៗនេះ មាន ពលរដ្ឋមួយចំនួនបានធ្វើសកម្មភាពលួចចាក់ដីលុបសមុទ្រ នៅមុខក្រុមហ៊ុនតេលា ក្នុងភូមិ៤ ដោយគ្មានច្បាប់អនុញ្ញាត។
អាជ្ញាធរស្រុក បញ្ជាក់ថា អ្នកចាក់ដីលុបចូលសមុទ្រនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ព្រោះពួកគេបានឆ្លៀតឱកាស។ ប៉ុន្តែលោកថាអាជ្ញាធរកំពុងរកអត្តសញ្ញាណអ្នកដែលលួចចាក់ដីចូលសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។ ដីដែលចាក់ចូលសមុទ្រនោះមានទទឹង៦០ ម៉ែត្រ និងជម្រៅប្រហែល៤០ម៉ែត្រ ហើយបើតាមលិខិតដដែលថាសកម្មភាពចាក់ដីលុបសមុទ្រនោះធ្វើឡើងនៅពេលយប់។
ករណីចាក់ដីលុបសមុទ្រនេះ មិនមែនទើបតែកើតមានទេនៅខេត្តព្រះសីហនុ។ ជាក់ស្តែង ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានចាក់ដីលុបឆ្នេរសមុទ្រនៅតំបន់ឆ្នេរព្រែកត្រែង។ ប៉ុន្តែមកទល់ពេលនេះគ្មានអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយជុំវិញករណីនេះ ទោះបីជាសំណុំរឿងនេះលោក ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ឱ្យចាត់វិធានការច្បាប់ និងដោះស្រាយបន្ទាន់បែបណាក្តី។
ករណីចាក់ដី និងព័ទ្ធយកដីចំណីឆ្នេរសមុទ្រនេះ ក៏រីករាលដាលទៅកាន់បណ្តាខេត្តជាប់មាត់សមុទ្រផ្សេងទៀត រួមមានខេត្តកោះកុង ខេត្តកំពតជាដើម ប៉ុន្តែមកទល់ពេលនេះអ្នកប្រព្រឹត្ត តិចណាស់ដែលត្រូវបានអាជ្ញាធរចាត់វិធានការតាមច្បាប់។
ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥ ០០០ ០០០ រៀល ដល់ ៥០ លានរៀល និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ៕