41.3 C
Phnom Penh

មន្ត្រីជាន់ខ្ពស់បក្ស GDP ជុំរុញក្រសួងសុខាភិបាលបង្ហាញទីតាំងអ្នកឆ្លងកូវីដ១៩ឲ្យបានច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP លើកឡើងថា ក្រសួងសុខាភិបាលមិនគួរប្រកាសថារកឃើញអ្នកឆ្លងថ្មីទាំង៦៤ ករណី នៅខេត្តកណ្តាលនោះទេ ព្រោះករណីវិជ្ជមានវីរុសកូវីដ១៩ទាំងនោះ ផ្ទុះចេញតែពីភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ដែលជាតំបន់កាស៊ីណូ ប៉ុណ្ណោះ។

ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ខែមីនានេះថា ការផ្ទុះឡើងនៃវីរុសកូវីដ១៩ក្នុងភូមិ ព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលតំបន់ការស៊ីណូ នេះ អាចនឹងរីករាលដាលកាន់តែធំ ប្រសិនបើការគ្រប់គ្រងការធ្វើចត្តាឡីស័ក និងការឧបត្ថម្ភស្បៀងអាហារនៅទីនោះមិនបានល្អប្រសើរទេនោះ។

លោក អះអាងថា តំបន់ភូមិព្រែកស៊ឹង ជាកន្លែងការស៊ីណូដែលធ្លាប់មានភ្ញៀវបរទេសចេញចូលពីមុនមក ដូចជា ចិន និងវៀតណាម ជាដើម ចេញចូលជាហូរហែរ ហើយក៏អាចធ្វើដំណើរទៅមកតាមផ្លូវគោក និងផ្លូវទឹកទៀតផង។  ជាងនេះទៀត ផ្លូវទឹកនៅតំបន់នោះអាចធ្វើដំណើររហូតដល់ទៅខេត្តតាកែវឯណោះ។

ប្រធានគណកម្មាធិការនាយកបក្ស GDP រូបនេះ គាំទ្រឲ្យមានការបិទចរាចរណ៍នៅតំបន់នេះដើម្បីពិនិត្យសុខភាពអ្នកពាក់ព័ន្ធ និងធ្វើតេស្តរកមេរោគកូវីដ១៩ មទាំងដាក់ឲ្យអ្នកជំងឺសម្រាកព្យាបាលឲ្យបានត្រឹមត្រូវ។ យ៉ាងនេះក្តី លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវជួយផ្តល់អាហារហូបចុក និងថវិកាដល់គ្រួសារដែលក្រីក្រដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានចេញផ្សាយនៅថ្ងៃទី១៦ មីនា នេះបានអះអាងថា បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៦៤នាក់ ក្នុងខេត្តកណ្តាល ដែលមិនបានបញ្ជាក់ពីទីតាំងនៃការឆ្លងនេះឲ្យបានច្បាស់លាស់ឡើយ។

ប្រភពដដែលអះអាងថា បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន១០៥នាក់ ក្នុងនោះ រូមមាន ខេត្តកណ្តាល ៦៤ នាក់ ភ្នំពេញ ២៩ នាក់ ខេត្តព្រះសីហនុ ៨ នាក់ ខេត្តកោះកុង ០៣ នាក់ និងខេត្តព្រៃវែង ០១ នាក់។ គិតមកដល់ថ្ងៃអង្គារ៍នេះ អ្នកវិជ្ជវីរុសកូវីដ១៩ សរុបបានកើនឡើងជាង ១ពាន់ ៤រយនាក់។ ដោយឡែកអ្នកព្យាបាលជាសះស្បើយមានចំនួន ៨១៨នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ម្នាក់កាលពីពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលមានការពិន័យធ្ងន់ធ្ងរលើអ្នកដែលមិនបានគោរពតាមវិធានការរបស់រដ្ឋាភិបាល និងគេចវេះពីការណែនាំឬធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។

ច្បាប់ថ្មីនេះ បានកំណត់ពីការផាកពិន័យ និងកម្រិតដាក់ទណ្ឌទោសធ្ងន៉ធ្ងរទៅលើអ្នកល្មើស ខណៈអ្នកតាមដានសង្គមមើលឃើញថាច្បាប់ថ្មីនេះនឹងបង្កគ្រោះទ្វេរដងដល់ពលរដ្ឋខ្មែរ ។

អ្នកវិភាគនយោបាសង្គមបណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា ច្បាប់កូវីដ១៩បន្ថែមបន្ទុកធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ និងបង្ករការលំបាកដល់ការរកស៊ី និងបង្កលក្ខណ:ឲ្យមានការរំលោភអំណាចថែមទៀត ។

បណ្ឌិតឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ច្បាប់កូវីដ១៩មានលក្ខណ:ជាច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រោះវាបានរិតត្បិតសិទ្ធិនិងសេរីភាពជាច្រើនរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈយន្តការច្បាប់ និងមន្រ្តីអនុវត្តច្បាប់ នៅមិនទាន់បានបង្ហាញពីសុចរិតភាព អព្យាក្រឹតភាពនិងភាពមិនលំអៀងនិង ប្រសិទ្ធិភាពនៅឡើយ នៃការអនុវត្តនេះនៅឡើយ។

លោក ប្រតិកម្មថា ច្បាប់កូវីដ១៩ ដែលបានចូលជាធរមាននិងត្រូវអនុវត្ត ជាអចិន្ត្រៃយ៍ដោយមិនចាំបាច់ មានការប្រកាសភាពអាសន្ននោះ បានផ្តល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាតិ ដោយឥតកំណត់ព្រំដែន ដោយគ្មានយន្តការត្រួតពិន្យមើលការអនុវត្តច្បាប់ និងដោយអត់កំណត់រយ:ពេលជាក់លាក់នោះគឺ គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពលរដ្ឋ។

លោក បញ្ជាក់ថា ពលរដ្ឋខ្មែរបច្ចុប្បន្ននេះ ចេះដឹងច្រើន និងជាមនុស្សល្អត្រឹមត្រូវ អាចយល់ការពន្យល់ណែនាំដោយវិចារណញ្ញាណ មិនចាំបាច់ទាល់តែគេប្រើកម្លាំង ដាក់ទណ្ឌកម្មធ្ងន់ៗ បង្ខំឲ្យធ្វើតាម ដូចដែលគេចាំបាច់ត្រូវប្រើចំពោះមនុស្សទុច្ចរិត មនុស្សខិលខូច ឬមនុស្សព្រៃផ្សៃនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស