28 C
Phnom Penh

កងទ័ពថៃរៀបចំជំរុំជនភៀសខ្លួនឱ្យពលរដ្ឋភូមាខណៈបាតុករស្លាប់ក្រោមកាំភ្លើងរបស់ពួកយោធាកើនឡើង ១៩១នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ពការពារព្រំដែននៃប្រទេសថៃនៅតាមព្រំដែនជាប់ព្រំដែនភូមា គឺនៅខេត្ត រ៉ាណុង និងខេត្តឈុំផុន កំពុងរៀបចំជំរុំជនភៀសខ្លួនសម្រាប់ពលរដ្ឋភូមា ខណៈអំពើហិង្សានៅក្នុងប្រទេសភូមាកាន់តែមានសភាពអាក្រក់ឡើងៗ រហូតអ្នកស្លាប់មានចំនួន១៩១នាក់ទៅហើយ។

កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍កាលពីថ្ងៃទី១៥មិនាដោយស្រង់សម្ដីមេបញ្ជាការ  Santi Sakuntakនៃកងកម្លាំង Thep Satri អះអាងថា ស្រុក  La-un និងសង្កាត់ Kra Buri ក៏ដូចជា Ranong និងTha Sae នៃខេត្តឈុំផុនដែលជាខេត្តជិតខាងភូមាបានបង្កើតជម្រកបណ្ដោះអាសន្នឱ្យប្រជាពលរដ្ឋប្រទេសភូមា។

លោកបន្ដថាការទទួលជនភៀសខ្លួនទាំងអស់នោះក្រោមគោលការណ៍មនុស្សធម៌ ហើយថានឹងបញ្ជូនពួកគេទៅកាន់ប្រទេសភូមាវិញដរាបណាស្ថានការណ៍ត្រឡប់មកជាធម្មតាវិញ។ ប៉ុន្ដែលោកមិនបានបញ្ជាក់ថានឹងតម្លើងជំរុំជនភៀសខ្លួនជាអចិន្ដ្រៃយ៍នៅតាមព្រំដែនឬយ៉ាងណានោះទេ។

ថៃជាប្រទេសជិតខាងភូមាដែលមានព្រំដែនរួមគ្នាប្រវែង២ពាន់ ៤រយគីឡូម៉ែត្រ។

ការសម្រេចរៀបចំជំរុំជនភៀសខ្លួននេះ គឺកើតឡើងភ្លាមៗបន្ទាប់ពីចំនួនបាតុករ ស្លាប់នៅក្នុងប្រទេសភូមាឡើងដល់១៩១នាក់ ហើយការចាប់ខ្លួនកើតមានជាបន្ដបន្ទាប់រហូតដល់ជាង២ពាន់ ២០០នាក់។ ការសម្រេច រៀបចំជំរុំជនភៀសខ្លួននេះក៏កើតឡើងក្រោយពីអាជ្ញាធរថៃប្រកាសកាលពី បីថ្ងៃមុន នេះដោយឱ្យភាគីទាំងសងខាងនៃប្រទេសភូមា បើកកិច្ចសន្ទនានឹងគ្នាក្នុងការ កសាងទំនុកចិត្តដោយសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្ដិវិធីក្នុងជម្លោះនយោបាយ។

រដ្ឋមន្រ្ដីការបរទេសថៃ ដែលបានថ្លែងក្នុងពេលសម្ភាសនឹងសារព័ត៌មាន នានានៅបាងកកគឺលោករដ្ឋមន្រ្ដី Don Pramud-winai បានឱ្យដឹងថា លោកទទួលបានការស្នើសុំពីសហគមន៍អន្ដជាតិជាពិសេសប្រទេសជិតខាង ក្នុងការស្វែងរកដំណោះស្រាយ គឺស្វែងរកច្រកមួយក្នុងការស្ថាបនាទំនាក់ទំនងការងាររវាងគូភាគីទាំងពីរ។

លោកថាធ្វើដូចនេះគឺល្អសម្រាប់ភូមាក្នុងការបន្ដដំណើរទៅមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលពួកគេបានដើរផ្លូវរួមគ្នា ពឹងផ្អែកលើគោលនយោបាយអាធ្យាស្រ័យនឹងគ្នា ។

ចំណុចទាំងនេះគឺលោកសូមផ្ញើជូនម្ដងទៀតទៅកាន់តំណាងយោធាភូមាដែលជារដ្ឋមន្រ្ដីការបរទេសថ្មីរបស់ពួកយោធាគឺលោកអូ  Wanna Maung Lwin ព្រោះតែលោកថាលោកបាននិយាយជាមួយបុរសរូបនោះរួចហើយគឺនៅពេលបានជួបជាមួយនឹងរដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ី  អ្នកស្រី Retno Marsudi នៅក្រុងបាងកកកាលពីថ្ងៃទី២៤កុម្ភៈមកនោះ។

សម្រាប់លោករដ្ឋមន្រ្ដីការបរទេសថៃក៏បានព្យាករណ៏ថា ស្ថានការណ៍នៅភូមាទំនងមិនអាចបញ្ចប់បានភ្លាមៗនោះទេ ទោះបីគ្រប់គ្នាមានចិត្តចង់ឱ្យបញ្ចប់ឆាប់ក៏ដោយ។

ថៃធ្លាប់ជាប្រទេសមួយដែលរងនូវការរិះគន់លើបណ្ដាញសង្គមថា រក្សាភាពស្ងៀមស្ងាត់លើករណីវិបត្តិនៅភូមាដោយប្រើពាក្យថាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ខណៈបាតុកម្មទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅភូមាប្រឆាំងនឹងរបបរដ្ឋប្រហារ គឺពលករចំណាកស្រុកភូមានៅប្រទេសថៃ ក៏បានបង្ហាញការខឹងសម្បាររបស់ខ្លួន ជុំវិញការចូលកាន់អំណាចដោយពួកយោធានៅប្រទេសកំណើតរបស់ពួកគេ។

ពួកគេបានធ្វើបាតុកម្មនៅខាងមុខស្ថានទូតភូមានារាជធានីបាងកកគឺរៀងរាល់ចុងសប្ដាហ៍ហើយក៏បានចូលរួមក្នុងសម្ព័ន្ធតែទឹកដោះគោ មាន ប្រទេសថៃ ហុងកុងនិងតៃវ៉ាន់។ សម្ព័ន្ធនេះគឺប្រឆាំងនឹងរបបផ្ដាច់ការនៅអាស៊ី។

ប្រទេសថៃខ្លួនគេនេះក៏មានបាតុកម្មផ្ទុះញឹកញាប់ដែរគឺប្រឆាំងនឹងអតីតមេរដ្ឋប្រហារឆ្នាំ២០១៤។បាតុករបានទាមទារអោយលោកប្រាយុទ្ធចុះចេញពីតំណែងពីនាយករដ្ឋមន្ត្រី និងទាមទារឱ្យបន្ថយអំណាចស្ថាប័នរាជបល្ល័ង្គ។

បាតុកម្មនៅថៃកើតមានតាំងពីឆ្នាំ២០២០មកម្ល៉េះ។ ប៉ូលីសថៃក៏ជ្រើសរើសការបង្រ្កាបផងដែរ ប៉ុន្ដែមិនបណ្ដាលឱ្យបាតុករបាត់បង់ជីវិតនោះទេ។ ទោះយ៉ាងណាថៃក៏រងការរិះគន់នៅពេលដែលមេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍មីនអ៊ុងឡាងបានផ្ញើលិខិតទៅលោកប្រាយុទ្ធដើម្បីសុំឱ្យមានការណែនាំអំពីផ្លូវដើរទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញនៅប្រទេសភូមា។ អន្ដរាគមន៍របស់ថៃ និង អាស៊ានត្រូវបានគេដឹងថាមិនការមានជួយគ្នាប៉ុន្មាននោះទេ។ តំបន់នេះជ្រើសរើសមាគ៌ានៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលជារដ្ឋសមាជិក។

ប៉ុន្តែថៃនៅតែជឿជាក់ថា ហិង្សាបង្កឡើងកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា និង ទណ្ឌកម្មបន្ថែមច្រើនទៀតគឺជាផ្លូវដែលបង្កឱ្យមានភាពស្មុគស្មាញក្នុងការបើកកិច្ចសន្ទនាក្នុងចំណោមភាគីជម្លោះនៅភូមា។

ភាគីថៃយល់ឃើញថាដំណោះស្រាយតែមួយគឺត្រូវផ្អែកលើការគោរពភាពពិតនិងជាក់ស្ដែងតាមប្រវត្តិនយោបាយនិងប្រវត្តិសាស្រ្ដប្រទេសភូមា។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំជាតំណាងរាស្រ្ដជាប់ឆ្នោតរបស់បក្សអ្នកស្រីអ៊ុងសានស៊ូជីបានសម្រេចបង្កើតរដ្ឋាភិបាលស្រមោលក្នុងព្រៃនិងនៅក្រៅប្រទេសហើយក៏បានបញ្ជូនប្រេសិតពិសេសរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិដើម្បីសុំអន្ដរាគមន៍កងទ័ពមួកខៀវខណៈក្រុមកងទ័ពជនជាតិដើមភាគតិចភូមាមាន ដូចជានៅរដ្ឋកាឈីន សាន ការ៉េនបានប្ដេជ្ញាសងសឹកយោធាភូមាតាតម៉ាដាវ បើសិនមានការសម្លាប់ជនស៊ីវិលនៃរដ្ឋរបស់ពួកគេ។

ស្របពេលជាមួយគ្នានេះមានទាហាន កងប៉ូលីសភូមាជាច្រើនបានដាក់ពាក្យលាឈប់ពីការងារហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។បើតាមព័ត៌មានដាច់ដោយឡែកគឺ Channel News Asia បានឱ្យដឹងថា ពលរដ្ឋភូមារហូតដល់ទៅជិត៣០០នាក់ ក្នុងនោះមានប៉ូលិស ១៩៨នាក់បានឆ្លងដែនចូលទៅប្រទេសឥណ្ឌា ។

ជាមួយគ្នានេះក្រុមយោធាភូមាក៏ បានស្នើដល់ភាគីឥណ្ឌា ឲ្យបញ្ជូនកម្លាំងប៉ូលិសដែលបានភៀសខ្លួនទៅទីនោះ មកទទួលទោសដោយសារមិនទទួលបទបញ្ជាពីកម្លាំងយោធា ។

តែគេមិនទាន់អាចដឹងបាននៅពេលនេះទេពីខាងអាជ្ញាធរថៃក៏ដូចជាក្រុមយោធាតាតម៉ាដាវភូមាថាតើមានប្រជាពលរដ្ឋភូមាប៉ុន្មាននាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយក្នុងនោះមានទាហាន ប៉ូលីសប៉ុន្មាននាក់។ ប៉ុន្ដែថៃបានណែនាំឱ្យយោធាតាតម៉ាដាវបញ្ចប់អំពើហិង្សានិងបន្ថូរបន្ថយស្ថានការណ៍ដើម្បីទៅរកផ្លូវចរចា។

ថៃសម្ដែងការបារម្ភថា វាអាចនឹងនាំឱ្យអន្ដរជាតិប្រតិកម្មកាន់តែធ្ងន់លើភូមាជាពិសេសក្រុមប្រទេសលោកខាងលិចដែលអាចរងនូវទណ្ឌកម្មបន្ថែមទៀតធ្វើឱ្យសង្គមសេដ្ឋកិច្ចភូមាក្រឡាប់។

កាលពីចុងទសវត្ស១៩៧០ និងដើមទសវត្ស១៩៨០ ដែលខ្មែរក្រហមធ្វើសង្គ្រាមជាមួយវៀតណាម គឺរដ្ឋាភិបាលថៃក៏បានផ្ដល់ ទីជម្រកដល់ជនភៀសខ្លួនខ្មែររាប់សែននាក់ ឲ្យបានស្នាក់នៅ គឺ រហូតមានជនភៀសខ្លួនមួយចំនួនបានទៅរស់នៅប្រទេសទីបីដែលរួមមានអូស្ត្រាលី អាមេរិក និងអឺរ៉ុប ។ ជំរុំដែលថៃបានជួយរក្សាសុវត្ថិភាពឱ្យជនភៀសខ្លួនកម្ពុជានៅពេលនោះភាគច្រើនគឺនៅជាប់នឹងជួយរភ្នំដងរែក ដូចជាជំរុំជនភៀសខ្លួន សាយធី ខៃអ៊ីដាវ ណយសាមិត ជាដើម។ ប៉ុន្តែជនភៀសខ្លួនខ្មែរនៅពេលនោះស្ថិតនៅក្រោមការគាំពារ ដោយ អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សនិងជនភៀសខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស