34 C
Phnom Penh

ព្រះភិក្ខុ សាន សុជា មានថេរៈដីការថា ព្យុះភ្លៀងទាំងឡាយនឹងធ្វើឲ្យព្រះមហាវិមលធម្ម ពិន សែម កាន់តែធ្វើឲ្យរឹងមាំទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះគ្រូចៅអធិការវត្ត មុនីរ័ត្ន អះអាងថា ព្យុះភ្លៀងដែលបានបក់បោកលើព្រះកិត្តិនាមរបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម កាន់តែធ្ធើឲ្យព្រះថេរ:រឹងមាំ ថែមទៀត។

ព្រះគ្រូចៅអធិការវត្ត មុនីរ័ត្ន ព្រះតេជព្រះគុណ សាន សុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកផងទាំងពួងអាចគិតថា ព្រះថេរ: ពិន សែម មានសម្ពាធ ពីការវាយប្រហារដោយពាក្យសំដីរបស់មនុស្សគ្រប់មជ្ឈដ្ឋាន។ ប៉ុន្តែ បញ្ហាដែលកើតមាននេះនឹងកាន់តែធ្វើឲ្យព្រះអង្គរឹងមាំ និងនៅតែជាទីពឹងនៃសិស្សានុសិស្សតទៅ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី ព្រះគ្រូចៅអធិការវត្តរាជបូរណ៍ ហៅវត្តបូណ៌ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រងការចោទប្រកាន់ថាបានប្រើអំពើហិង្សាធ្ងន់ធ្ងរលើព្រះភិក្ខុសង្ឃ និងសាមណេរ ក្រោមឪវាទដោយការវាយនឹងរំពាត់ផ្តៅនាពេលកន្លងមក។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាបបានធ្វើកំណត់ហេតុសម្របសម្រួលករណីហិង្សាដែលបានកើតឡើងរវាងព្រះគ្រូចៅអធិការវត្តរាជបូណ៌ ពិន សែម និងព្រះសង្ឃក្រោមឪវាទ ស្ថិតក្នុងភូមិ វត្តបូណ៌ សង្កាត់សាលាកំរ៉ើក ក្រុងសៀមរាប ខេត្តសៀមរាប។

បញ្ហានេះ បានកើតឡើងរវាងភិក្ខុ សាមណេរ ៩អង្គ រវាងព្រះគ្រូចៅអធិការវត្តរាជបូព៌ ពិន សែម ប៉ុន្តែក្រោយការសាកសួររូចមក សមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីអំពើហិង្សាធ្វើទារុណកម្ម ឬទណ្ឌកម្មឃោឃៅនោះទេ តែគឺជាការប្រៀនប្រដៅ និងការដាក់ពិន័យលើភិក្ខុ សាមណេរដែលបានប្រព្រឹត្តខុស វិន័យព្រះពុទ្ធសាសនាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៩ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ក៏ធ្លាប់ត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីគណមហានិកាយ ទេព វង្ស សរសេរជាលាយលក្ខណ៍អក្សរ និងប្រថាប់ត្រាឈ្មោះសម្តេចសង្ឃរាជក្នុងលិខិតមួយ ដែលបានចោទថា ជាចោរសៀម ដែលបានរៀនសូត្រនៅប្រទេសសៀម ប៉ុន្តែមជ្ឈដា្ឋនជាច្រើនបដិសេធជំនួសព្រះអង្គ ដោយថានោះជាការលាបពណ៌ព្រះអង្គតែប៉ុណ្ណោះ។

បញ្ហានេះ បណ្តាលឲ្យមានប្រតិកម្មពេញបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់អតីតសិស្សគុណរបស់ព្រះភិក្ខុ ពិន សែម យ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងពីស្នាព្រះហស្ថ ដែលពួកគេធ្លាប់ទទួលបានការអប់រំទូន្មានប្រៀនប្រដៅសិស្ស របស់ព្រះអង្គ រហូតអាចនាំផ្លូវឲ្យពួកគេចេះរៀបចំវិថីជីវិតប្រកបដោយធម៌ និងស្គាល់ខុសត្រូវរហូតដល់សព្វថ្ងៃនេះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រតិកម្មទៅនឹងការចោទប្រកាន់ព្រះគ្រូចៅអធិការវត្តរាជបូព៌នៅថ្ងៃនេះ ថា មិនមែនគ្រូកាចធ្វើឲ្យសិស្សខូចនោះទេ ប៉ុន្តែសិស្សខូច ទើបគ្រូកាច។

លោកបានប្រៀបធៀបថា មិនមែនអ្នកវិភាគរិះគន់ចំៗធ្វើឲ្យអ្នកនយោបាយខូចទេ ប៉ុន្តែពួកអ្នកនយោបាយខូច ទើបអ្នកវិភាគត្រូវរិះគន់ឲ្យចំៗផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស