38 C
Phnom Penh

អាជ្ញាធរខេត្តព្រះសីហនុ បន្តផ្អាកទីតាំង៣កន្លែងទៀត បិទមិនឲ្យធ្វើអាជីវកម្ម ព្រោះមានជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តព្រះសីហនុ បានបន្តបិទទីតាំងមួយចំនួនទៀត នៅក្នុងក្រុងព្រះសីហនុ មិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ព្រោះមន្ត្រីសុខាភិបាល បានរកឃើញអ្នករស់នៅក្នុងទីតាំងមួយចំនួននោះ លទ្ធផលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ទីតាំងចំនួន ០៣កន្លែងទៀត ត្រូវបានបិទ និងផ្អាកមិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្នរួមមាន៖ ម្ចាស់ផ្ទះឈ្មោះ លោក ម៉ែន ប៊ុន មានទីតាំងនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ (MOSSO Bar&Restaurant)។ លោក ប្រាក់ ឡី ម្ចាស់ផ្ទះនៅជាប់បារ ភោជីយដ្ឋានម៉ូសូ និង លោក ម៉ែន ប៊ុន ម្ចាស់ផ្ទះមានបន្ទប់ជួល នៅជាប់បារ ភោជីយដ្ឋានម៉ូសូ ដោយទាំង០៣ទីតាំងខាងលើនេះ ស្ថិតនៅតាមផ្លូវលេខ២១១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងផ្ទះ ឬទីតាំងទាំង០៣ខាងលើនេះ ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក គ្រប់ៗគ្នាឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ ហើយក្នុងករណីម្ចាស់ទីតាំងនីមួយៗ មិនអនុវត្តតាមការណែនាំទេ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១  ក៏បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និង អនុញ្ញាតឲ្យទីតាំងចំនួន០៣កន្លែង អាចបើកធ្វើអាជីវកម្មរបស់ខ្លួនឡើងវិញ ប៉ុន្តែត្រូវអវត្តន៍ឲ្យម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

ទីតាំងទាំង ០៣កន្លែង ដែលរដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាត ឲ្យបើកធ្វើអាជីវកម្មឡើងវិញនៅពេលនេះ រួមមាន៖ សណ្ឋាគារ ជីនហ្វឹង នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ មន្ទីរពហុព្យាបាលអន្តរជាតិ ស្ថិតក្នុង ក្រុងព្រះសីហនុ និងសណ្ឋាគារ ស៊ីហ្សាវ័ន ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បាន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៥នាក់ និងមានអ្នកជាសះស្បើយចំនួន ២២នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស