31 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា អតីតមន្ត្រីបក្សប្រឆាំងដែល បើកបក្សថ្មី ដើម្បីបន្តស្មារតីសង្គ្រោះជាតិ គឺជាការបោកប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិតបញ្ញវន្តនៅក្រៅស្រុក រិះគន់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលបានចេញទៅបើកបក្សថ្មីដោយប្រើពាក្យថា ដើម្បីបន្តស្មារតីគណបក្សសង្គ្រោះជាតិ គឺជាការធ្វើប្រជាភិថុតប៉ុណ្ណោះ។

អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អតីតមន្ត្របក្សប្រឆាំងដែលមានសិទ្ធិធ្វើនយោបាយឡើងវិញ បើពួកគេពិតជាមានឆន្ទៈដើម្បីសង្គ្រោះជាតិពិតមែននោះ គួរតែនាំគ្នាតវ៉ាអំពីការរំលាយគណបក្សសង្គ្រោះជាតិដោយខុសច្បាប់ឡើងវិញទើបជារឿងត្រឹមត្រូវ។

លោក អះអាងថា ការទៅបើកបក្សថ្មីរបស់អតីតមន្ត្រីទាំងនោះ គឺដើម្បីរកប្រជាប្រិយភាពខ្លួនឯងពីពលរដ្ឋដោយកេងចំណេញពីឈ្មោះសង្គ្រោះជាតិទៅប្រើ ដើម្បីបោកបញ្ឆោត អ្នកគាំទ្រតាមមូលដ្ឋាន រកសំលេងឆ្នោតប៉ុណ្ណោះ។ លោកបន្តថា ទង្វើបែបនោះគឺបង្ហាញពីភាពទុច្ចរិតភាពនយោបាយ និងភាពអគុណធម៌ របស់អ្នកទាំងនោះ ព្រោះសិទ្ធិនយោបាយ ដែលពួកគេទទួលបានមិនមែនដើម្បីជួយប្រធានបក្សដែលកំពុងរងភាពអយុត្តិធម៌ទេ គឺដើម្បីតែបុគ្គលខ្លួនឯងទៅវិញ។

លោក អ៊ាប គឹមសេង ញ្ជាក់ថា រឿងដែលត្រឹមត្រូវសម្រាប់អតីតមន្ត្រីបក្សប្រឆាំងត្រូវធ្វើក្រោយទទួលបានសិទ្ធិនយោបាយ ពួកគេត្រូវសហការគ្នាដើម្បីធ្វើឲ្យមន្ត្រីដែលជាប់បំរាមនយោបាយដទៃទៀតអាចវិលមកឆាកនយោបាយវិញដើម្បីរកដំណោះស្រាយបញ្ជៀសពីវិបត្តិដែលកំពុងជាប់គាំងសព្វថ្ងៃនេះ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងនយោបាយនៅកម្ពុជា។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានសម្រេចឲ្យគណបក្ស កែទម្រង់កម្ពុជា «CAMBODIA REFORM PARTY» របស់លោក អ៊ូ ចន្ទរ័ត្ន ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាល នៅ ស្រុកសង្កែ ខេត្តបាត់ដំបង អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនជាផ្លូវការ។

លោក អ៊ូ ចន្ទរ័ត្ន ជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលតុលាការក្រុងភ្នំពេញបានប្រកាសរំលាយកាលពីឆ្នាំ២០២១៧កន្លងទៅ ខណៈ រូបលោកក៏ត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ៥ឆ្នាំផងដែរ។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៩ អតីតមន្ត្រីបក្សប្រឆាំងរងការបំបិទសិទ្ធិនយោបាយរូបនេះ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រតាមរយៈក្រសួងមហាផ្ទៃ រួមទាំងអតីតមន្ត្រីបក្សប្រឆាំងប្រមាណ២០រូបផ្សេងទៀត។

គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងប្រមាណ ២០នាក់ហើយ ដែលបានបញ្ឈប់ជីវភាពនយោបាយជាមួយបក្សសង្គ្រោះជាតិ។ ក្នុងនោះ អ្នកខ្លះបាននាំគ្នាទៅបង្កើតបក្សថ្មីដោយខ្លួនឯង រួមមាន គណបក្សឆន្ទៈខ្មែរ បង្កើតឡើងដោយលោក គង់ មូនីកា និងលោក គង់ គាំ។

ចំណែក គណបក្សខ្មែរស្រលាញ់ជាតិ ដឹកនាំដោយលោក ជីវ កត្តា និងលោក កង គឹមហាក់ រីឯគណបក្សខ្មែរអភិរក្ស បង្កើតឡើងដោយលោក រៀល ខេម រិន្ទ និងចុងក្រោយនេះ គណបក្សកែទម្រង់កម្ពុជា បង្កើតឡើងដោយ លោក អ៊ូ ចន្ទរ័ត្ន។ ពួកគេភាគច្រើន អះអាងថា ដើម្បីបន្តស្មារតីដើមរបស់អតីតគណបក្សសង្គ្រោះជាតិ។

មកទល់នឹងម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក អ៊ូ ចន្ទរ័ត្នដើម្បីសុំការបកស្រាយជុំវិញការលើកឡើងនេះបាននៅឡើយ។

របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា មកទល់នឹងពេលនេះមានគណបក្សនយោបាយប្រមាណជិត៤០ហើយដែលទទួលបានសិទ្ធិស្របច្បាប់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស