ស្ថាប័នកំពូលរបស់ជាតិចំនួនពីរ រួមមានរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សភាអឺរ៉ុប បានចេញសេចក្តីសម្រេចមួយទាក់ទងនឹងស្ថានភាពប្រទេសកម្ពុជា។ ក្នុងនោះសភាអឺរ៉ុប បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ក្តីជាលក្ខណៈនយោបាយ។ បញ្ឈប់ការធ្វើបាបអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ហើយដោះលែងពួកគេដែលកំពុងជាប់ឃុំ។ លើសពីនេះ ធ្វើយ៉ាងណាឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងបញ្ឈប់ការវាយប្រហារមកលើសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងអំពាវនាវឱ្យកងសន្តិសុខឬ អាជ្ញាធរកម្ពុជាជៀសវាងការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលតវ៉ាដោយសន្តិវិធីជាដើម។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា។ លើសពីនេះ រដ្ឋសភាបានទាមទារឱ្យអឺរ៉ុប បន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
ដោយឡែកស្ថាប័នព្រឹទ្ធសភាកម្ពុជាវិញ នៅថ្ងៃពុធទី១៧ខែមីនានេះ ក្រៅពីខកចិត្តស្ថាប័នកំពូលរបស់ជាតិមួយនេះ បានហៅការសម្រេចរបស់សភាអឺរ៉ុបនេះថាធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាប់ មានចរឹកលំអៀង និងក្រោមហេតុផលនយោបាយ។ បន្ថែមពីនេះ វាជាការលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនប្រឆាំងរដ្ឋាភិបាលស្របច្បាប់ តាមរយៈការប្រើរបៀបវារៈនយោបាយបរទេសប្រឆាំងនឹងជាតិឯង។
ដោយឡែក ការទាមទាររបស់អឺរ៉ុប ឱ្យទម្លាក់ចោលការចោទប្រកាន់ទៅលើជនជាប់ចោទ និងលុបចោលការផ្តន្ទាទោស ឬកាត់ទោសជលល្មើសដោយតុលាការកម្ពុជា ព្រឹទ្ធសភាហៅថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ។
ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានអះអាងថា ការជម្រះក្តី ឬកាត់ទោសទៅលើបុគ្គលជាអតីតមេដឹកនាំ និងសកម្មជនបក្សប្រឆាំង ព្រមទាំងសង្គមស៊ីវិលកន្លងមក គឺឈរនៅលើមូលដ្ឋានអង្គហេតុឬ ភស្តុតាងរឹងមាំ និងស្របតាមច្បាប់កម្ពុជា។
ស្ថាប័នកំពូលរបស់ជាតិទាំងពីរ បន្ថែមថា ការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់សេរីភាពហួសដែនកំណត់ដោយច្បាប់ ហើយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ មិនត្រូវបានចាត់ទុកថាជាការរឹតត្បិតខាងនយោបាយ ឬ លំហប្រជាធិបតេយ្យនោះឡើយ។
យ៉ាងណា អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី១២ខែមីនា បានអះអាងថា ការសម្រេចរបស់សភាអឺរ៉ុប ក៏បានជំរុញទៅប្រទេស២៧ ដែលជាសមាជិកឱ្យបដិសេធ ឬមិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨។
ការសម្រេចនោះ ក៏ជំរុញឱ្យមានការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅលើរដ្ឋាភិបាលលោកហ៊ុន សែន ដោយត្រូវបង្វែររាល់ជំនួយទៅឱ្យក្រុមអង្គការ សង្គមស៊ីវិលជាដើម។
លោកថា អឺរ៉ុប ក៏ជំរុញឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ លុបចោលនូវសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧ ហើយផ្តល់តំណែងឱ្យមន្ត្រីបក្សប្រឆាំងជាប់ឆ្នោតឡើងវិញ ព្រមទាំងវិធានការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ។
មកទល់ពេលបច្ចុប្បន្នអឺរ៉ុប នៅមិនទាន់សម្រេចដាក់ទណ្ឌកម្មលើបុគ្គល ឬ មន្ត្រីជាន់ខ្ពស់លោកហ៊ុន សែន នៅឡើយទេ ដោយអឺរ៉ុបគ្រាន់តែបានដាក់ទណ្ឌដកប្រព័ន្ធអនុគ្រោះ EBA ២០ ភាគរយទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ កាលពីខែសីហាឆ្នាំ២០២០ តែប៉ុណ្ណោះ។
យ៉ាងណា សម្រាប់សហរដ្ឋអាមេរិកវិញ កន្លងមក បានដាក់ទណ្ឌកម្មទៅលើបុគ្គលមានអំណាច និងមានទ្រព្យសម្បត្តិស្តុកស្តមដែលស្ថិតនឹងលោកហ៊ុន សែន មួយចំនួន ដូចជាអគ្គមេបញ្ជាការកងអង្គរក្សលោក ហ៊ីង ប៊ុនហៀង។ អនុប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម និងក្រុមគ្រួសារ។ អាមេរិកក៏បានដាក់ទណ្ឌកម្ម ឧកញ៉ាដែលល្បីល្បាញខាងជំនួញឈើនៅស្រុកខ្មែរ គឺលោក ទ្រី ភាព ព្រមទាំងក្រុមហ៊ុនជាច្រើនរបស់លោក។
ចុងក្រោយអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ឬ ញូញៀន ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សរបស់ចិនផងដែរ៕