26 C
Phnom Penh

ព្រះសង្ឃភូមាសុំ អោយពួកយោធាបញ្ឈប់ការបាញ់សម្លាប់បាតុករ ខណៈប្រធាន UNស្នើសុំអន្តរាគមន៍ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសង្គមស៊ីវិលមួយចំនួន ក្នុងប្រទេសភូមា ឱ្យដឹងថា បាតុករយ៉ាងតិចណាស់ ២២នាក់បានស្លាប់កាលពីថ្ងៃអង្គារទី១៦ ខែមីនា នៅក្នុងការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខនិងពួកយោធា នៃរបបរដ្ឋប្រហារថៃ្ងទី១កុម្ភៈ ដែលបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយអ្នកស្រីអ៊ុកសានសូជី។ អ្នកស្រី អ៊ុងសានសូជី និងមន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ជាង២រយនាក់ ត្រូវបានពួកយោធាចាប់ឃុំខ្លួន។

ពួកយោធា ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក, គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត បាញ់ទៅលើក្រុមបាតុករ ជារៀងរាល់ថ្ងៃ ខណៈចលនាតវ៉ានៅតែមានសន្ទុះខ្លាំងក្លានៅឡើយ។

សមាគមផ្តល់ជំនួយសម្រាប់ អ្នកទោសនយោបាយភូមា បានអះអាងថា មនុស្ស ២២នាក់បានស្លាប់ នៅក្នុងអំពើហិង្សា កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើង២០២ នាក់ ចាប់តាំងពីផ្ទុះបាតុកម្មពាសពេញប្រទេសនៅថ្ងៃទី២២ ខែកុម្ភៈ។

ក្នុងស្ថានភាពដ៏បង្ហូរឈាមនេះក្រុមព្រះសង្ឃ ក្នុងប្រទេសភូមា បានអំពាវនាវសុំឲ្យយោធា បញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាយ៉ាងអាក្រក់វាយប្រហារទៅលើជនស៊ីវិល។

Mahana គឺជាគណៈកម្មាធិការព្រះសង្ឃនៃប្រទេសអាស៊ីអាគ្នេយ៌មួយនេះ។ ក្នុងសេចក្តីថ្លែងការណ៍ព្រាងមួយរបស់ Mahana បានលើកឡើងថា ក្រុមព្រះសង្ឃមានបំណងនឹងផ្អាកសកម្មភាពនានា ដើម្បីសុំការចរចាជាមួយពួកយោធា ហើយបើអាចកើតបាន គឺគណៈកម្មាធិការ Mahana នឹងចេញសេចក្តីថ្លែងការណ៍ចុងក្រោយមួយជាផ្លូវការ ក្រោយពិគ្រោះជាមួយរដ្ឋមន្រ្តីកិច្ចការសាសនា នៅថ្ងៃព្រហស្បតិ៍ទី១៨មីនានេះ។

ក្រុមព្រះសង្ឃភូមាជាផ្នែកមួយនៃកម្លាំងសង្គម គឺជាកម្លាំងតស៊ូជួរមុខនៃចលនាបដិវត្តន៍ប្រឆាំងនឹងរបបយោធា កាលពីឆ្នាំ២០០៧ ដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០១៥។

ក្នុងពេលដែលពិភពលោកកំពុងតក់ស្លុតដោយការបាញ់សម្លាប់មនុស្ស ស្លាប់រង្គាលលើដងផ្លូវនៅកណ្ដាល ក្រុងធំៗនៃប្រទេសភូមាពីសំណាក់ពួកយោធា គឺ ពីទីក្រុងញ៉ូវយ៉កអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gutteresបានធ្វើសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់លោកមួយលើកទៀត។

ក្នុងឋានៈជាប្រធាននៃស្ថាប័នពិភពលោកមួយនេះ លោក Gutteres បានទទូចដល់សហគមន៍អន្ដរជាតិឱ្យធ្វើការរួមគ្នាឱ្យរឹងមាំឡើង គឺត្រូវបញ្ចប់ឱ្យបាននូវរបបរបស់ពួកយោធាដែលលោកហៅថា របបខុសច្បាប់។ លោក Gutteres បានទទូចទៀតថា ពេលនេះជនស៊ីវិលស្លាប់ជាង២០០នាក់ហើយ។

លោកបានប្រាប់ទៅស្ថាប័នជាន់ខ្ពស់មួយ របស់អង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខថា ត្រូវតែប្រាប់ទៅពួកយោធាឱ្យទទួលយកបេសកជនពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសភូមាត្រូវធ្វើដំណើរទៅកាន់ប្រទេសភូមា ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្ដែងហើយរុញឱ្យមាន ការបើកការចរចាជាបន្ទាន់ដើម្បីលើកប្រទេសទៅ រកប្រជាធិបតេយ្យឡើងវិញ។

លោកអគ្គលេខាធិការបានបញ្ជាក់ទៀតថាការសម្លាប់បាតុករ ការចាប់ខ្លួនយ៉ាងអាក្រក់ ការធ្វើទារុណកម្មទៅលើអ្នកទោសនយោបាយ ឬ ក៏អ្នកទោសណាក៏ដោយ គឺជាការរំលោភធ្ងន់ធ្ងរ ទៅលើ សិទ្ធិមនុស្សជាមូលដ្ឋានហើយជាការផ្គើននឹងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សា   សន្ដិសុខដែល ឱ្យពួកយោធាបញ្ឈប់ឱ្យបាននូវអំពើហិង្សារបស់ខ្លួនទៅលើបាតុករហើយត្រូវបើកការចរចាជាមួយភាគីទំនាស់របស់ខ្លួន។

អ្នកនាំពាក្យសម្រាប់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកStepan Dujarric និយាយថា លោកអង់តូនីញ៉ូហ្គូតារ៉េស ទទួលបានការអំពាវនាវ និងទទូចពីសហគមន៍អន្ដរជាតិ ជាពិសេសរូបលោកផ្ទាល់មើលឃើញច្បាស់ណាស់ថា ពួកយោធានៅក្នុងប្រទេសភូមា បានប្រើប្រាស់អាវុធបាញ់សម្លាប់បាតុករ ដ៏អាក្រក់បំផុត។

លោក អង់តូនីញ៉ូ បានថ្លែងដូចនេះគឺមិនខុសនឹងប្រធានាធិបតីអាមេរិកលោកចូបាយដិននោះទេ។ លោកចូបាយដិនបានប្ដេជ្ញាថា នឹងឱ្យពួកយោធាភូមា បោះបង់អំណាចរបស់ខ្លួនព្រោះតែការដណ្ដើមអំណាចនេះមិនធ្វើឱ្យពួកយោធាបានសេចក្ដីសុខនោះទេ ។

ឥលូវនេះសហគមន៍អន្ដរជាតិ ទាំងសហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន ក្រុមប្រទេសសហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មទៅលើពួកយោធាគឺទណ្ឌកម្មនៃការបង្កកទ្រព្យសម្បត្តិរបស់ពួកយោធា ដោយបិទពួកយោធាមិនឱ្យជាន់ទឹកដីរបស់ប្រទេសទាំងអស់នោះទេ ហើយទ្រព្យសម្បត្តិដែលមាននៅអឺរ៉ុបឬអាមេរិកក្ដិរបស់ពួកយោធាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដទៃទៀតគឹត្រូវតែបង្កកជាបន្ទាន់។

អ្នកសង្កេតការណ៍ មើលឃើញថា ក្រុមប្រឹក្សាសន្តិសុខអាចនឹងកោះប្រជុំ ម្ដងទៀត ហើយពេលនោះ ចិននិងរុស្ស៊ី ទំនងនឹងមិនរាំងខ្ទប់ សេចក្ដីសម្រេច ក្រុមប្រឹក្សាសន្តិសុខ ម្ដងទៀតនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស