31.8 C
Phnom Penh

ពលរដ្ឋនឹងរងគ្រោះទ្វេរដងដោយសារច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ពលរដ្ឋនឹងរងគ្រោះកាន់តែច្រើនថែមទៀត ដោយសារច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅពេលរដ្ឋាភិបាលមិនបានផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយដល់មហាជនទូទៅ។

ការលើកឡើងនេះ បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវដាក់ដាក់ឱ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅ។  

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គីមអេង សង្កេតឃើញថា ពលរដ្ឋនៅមិនទាន់យល់ដឹងអំពីខ្លឹមសារច្បាប់ថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នាពេលថ្មីៗនេះនៅឡើយទេ។ លោកបន្តថា ការប្រ កាសឱ្យប្រើប្រាស់ប្រញាប់ ដោយមិនបានធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះ នឹងធ្វើពលរដ្ឋរងគ្រោះទ្វេរដងពោល គឺរងគ្រោះដោយសារ ជំងឺកូវីដ-១៩ ផង និងរងគ្រោះដោយសារច្បាប់ថ្មីនេះផងដែរ។ 

លោក យង់ គឹមអេង អះអាងថា ការផាកពិន័យពី២០ ម៉ឺនរៀល ទៅ១លានរៀល ចំពោះអ្នកមិនពាក់ម៉ាស់នោះ មានភាពធ្ងន់ធ្ងរ សម្រាប់ពលរដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ ខណៈបច្ចុប្បន្នពួកគាត់កំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដោយមិនអាចរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានដូចពេលមុនៗ។ 

មន្ត្រីសង្គមស៊ីវិលដដែលបន្តថា ដើម្បីបញ្ជៀសកុំឱ្យពលរដ្ឋរងគ្រោះបន្ថែមទៀត ដោយសារ ច្បាប់ថ្មីនេះ ហើយអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាព  រដ្ឋាភិបាលត្រូវឱ្យអាជ្ញាធរធ្វើការផ្សព្វផ្សាយអំពីច្បាប់ថ្មី និងអនុក្រឹត្យថ្មីៗពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ នៅ តាមឃុំ-សង្កាត់ទីសាធារណៈ  អំពីការផាកពិន័យ និងការដាក់ទោសទណ្ឌផងដែរ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទូលំទូលាយ ដើម្បីឱ្យពលរដ្ឋបានយល់ដឹង ជាពិសេស ការផាកពិន័យ និងការដាក់ទោសទណ្ឌ  ព្រោះបើសិនជាពួកគាត់មិនយល់ និងមិនបានដឹងអំពីច្បាប់ថ្មីនេះ លោកថា អ្នកដែលរងគ្រោះគឺ ពលរដ្ឋ។ 

លោកបន្ថែមទៀតថា ប្រសិនបើពលរដ្ឋមិនបានដឹងច្បាស់អំពីច្បាប់ថ្មីនេះ អ្នកដែលត្រូវប្រឈមមុខច្បាប់នឹងមានច្រើន ប៉ុន្តែប្រសិនបើពលរដ្ឋបានយល់ដឹងអំពីច្បាប់ប្រឆាំងកូវីដ១៩បានទូលំទូលាយ វាអាចកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់សម្រាប់ពួកគាត់ ម្យ៉ាងពលរដ្ឋអាចចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាព។ 

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការដោយប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក សាយ ឈុំ កាលពីថ្ងៃទី១២ មីនា ២០២១។ 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឡើងបំភ្លឺច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹទ្ធសភាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ការធ្វើច្បាប់ថ្មីនេះ ឡើងដើម្បីការពារអាយុជីវិត និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ 

ចំណែកការដាក់ទោសទណ្ឌធ្ងន់ធ្ងរវិញ  លោកថា ធ្វើឡើងតែចំពោះជនខិលខូច និងជនទុច្ចរិកមួយចំនួនតូច ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរ ឬ ចង់បង្កគ្រោះថ្នាក់អាយុជីវិតប្រជាជននិងសុខភាពសាធារណៈតែប៉ុណ្ណោះ។

លោកបានចោទជាសំណួរពេលនោះថា៖«ធ្វើច្បាប់មួយដើម្បីការពារអាយុជីវិត និងសុខភាពសាធារណជន តើខុសត្រង់ណា? ធ្វើច្បាប់មួយដើម្បីដាក់ទោសជនខិលខូច ទៅលើជនទុច្ចរិក ដែលចង់បង្កគ្រោះថ្នាក់ដល់សង្គមកម្ពុជា ជាពិសេសចង់បំផ្លាញអាយុជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជាតើខុសត្រង់ណា?»។

ច្បាប់ថ្មីនេះ មាត្រា៧ ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័កត្រូវដាក់ពន្ធនាគារពី ៦ ខែ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀលទៅ ១០ លានរៀល  ខណៈមាត្រា ៨ ក៏បានដាក់អ្នកគេចវេះពីការទទួលការព្យាបាល ឬកន្លែងព្យាបាលពី ១ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យប្រាក់ពីរ ៥ លានរៀលដល់ ២០ លានរៀលផងដែរ។

ចំពោះមាត្រា ៩  នៃច្បាប់នេះ ក៏ចែងដែរថា  អ្នកចម្លងដោយចេតនានូវជំងឺកូវីដ-១៩ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំ កាលបើអំពើខាងលើត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុមឬអង្គការចាត់តាំងនោះ។

បន្ទាប់ពីច្បាប់នេះចេញឱ្យប្រើជាផ្លូវការ  លោកនាយករដ្ឋមន្រ្តីចុះហត្ថលេខាដាក់លើអនុក្រឹត្យ ដោយកំណត់ការផាកពិន័យជនទាំងឡាយណា ដែលមិនពាក់ម៉ាស់ ទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលដែលបានកំណត់ទីតាំងមួយចំនួន និងមិនរក្សាគម្លាតសង្គមនោះ។

ក្នុងនោះ មាត្រា ១៩ នៃអនុក្រឹត្យ កំណត់ថាចំពោះអ្នកមិនពាក់ម៉ាស់ ត្រូវពិន័យជាប្រាក់ចាប់ពី ២០ម៉ឺនរៀល ដល់ ១លានរៀល ខណៈម្ចាស់អាជីវកម្ម សហគ្រាស និងទីតាំងដែលងាយនឹងឆ្លងកូវីដ-១៩ ប្រសិនបើរកឃើញថា មិនពាក់ម៉ាស់ និងមិនរក្សាគម្លាតសង្គមទេ  ត្រូវផ្តន្ទាទោសអន្តរកាលដោយពិន័យជាប្រាក់ចន្លោះពី ២លាន ទៅ ១០ លានរៀល។

ទោះបីជាយ៉ាងនេះក្តី នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Phil Robertson កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគួរតែដកមាត្រាដែលបានកំណត់ឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងការដាក់ទណ្ឌកម្មចេញពីច្បាប់ថ្មីនេះ ដោយហៅការដាក់ទោសនោះថា មិនសមហេតុផលចំពោះការរំលោភលើវិធានការដែលទាក់ទងនឹងជំងឺកូវីដ-១៩ ឡើយ។

លោក Robertson បន្តថា៖«មេដឹកនាំកម្ពុជា លោក ហ៊ុន សែន គួរតែស្វែងរកកិច្ចសហការពីប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយមិនត្រូវគំរាមកំហែងពួកគេជាមួយនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ចំពោះការរំលោភលើវិធានការសុខភាពនោះឡើយ»៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស