26 C
Phnom Penh

រដ្ឋអាជ្ញារតុលាការឧក្រិដ្ឋកម្មអន្តរជាតិបង្កើតបណ្ដាញស៊ើបអង្កេតករណីសម្លាប់បាតុករនៃរបបរដ្ឋប្រហារនៅភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មកដល់ពេលនេះអំពើហិង្សា សម្លាប់បាតុករនៅក្នុងប្រទេសភូមានៅតែបន្ដកើតមានទោះជាសហគមន៍ អន្ដរជាតិទាមទារឲ្យពួកយោធាទំលាក់អាវុធចុះហើយបើកឲ្យមានរបបប្រជាធិបតេយ្យឡើងវិញក៏ដោយនោះ។

សារព័ត៌មានរបស់ប្រទេសភូមា Irrawaddy បានចុះផ្សាយថាបាតុករត្រូវបានពួកយោធាសម្លាប់កាន់តែមានចំនួនកើនឡើងដោយអ្នកស្លាប់កើនឡើង ២១៦នាក់គិតត្រឹមថ្ងៃ១៧មីនា។

នៅតាមដងផ្លូវនៅទីក្រុងធំៗ នៃប្រទេសភូមា តំណក់ឈាមរបស់បាតុករនៅតែបន្ដធ្លាក់តាមដងផ្លូវ ហើយពួកយោធានៅតែបន្ដបាញ់សម្លាប់ជនស៊ីវិល។ ជាពិសេស ពួកយោធាតាមបាញ់សម្លាប់ជនស៊ីវិលនៅពេលយប់ គឺក្រុមណាដែលដើរបែកក្រុម។ តាមទំលាប់ប្រជាជនភូមាជាពិសេសនៅទីក្រុងYagoon និង ណៃពីដោ មិនត្រឹមតែធ្វើបាតុកម្មនៅពេលថ្ងៃនោះទេ គឺពេលយប់ក៏ធ្វើបាតុកម្មផងដែរ។

ក្នុងស្ថានភាពនេះពួកយោធាបានដើរល្បាត ហើយនៅពេលជួបប្រទះក្រុមណាមួយដើរបែកក្រុម គឺក្រុមនោះជាមុខសញ្ញាពួកយោធាបង្ក្រាប នឹងបាញ់សម្លាប់ ។ នេះបើយោងតាមសម្ព័ន្ធការពារអ្នកទោសនយោបាយនៅភូមា។

ក្នុងស្ថានភាពមួយវិញទៀតត្រូវបានរាយការណ៍មកថា ពួកយោធាក៏បានបើកការវាយបង្ក្រាបទៅលើពួកបាតុករ នៅតាមបណ្ដាលខេត្តមួយចំនួន។ ខេត្តទាំងនោះ ជាតំបន់ដែលមានកងទ័ព រំដោះឯករាជ្យដែលបានធ្វើសង្គ្រាមយូរឆ្នាំមកហើយ ដើម្បីទាមទារតំបន់របស់ខ្លួនជាតំបន់ស្វយ័ត។ រដ្ឋKachen រដ្ឋSan រដ្ឋ Karen និងនៅតំបន់ រ៉ាហ្ខាយ ដែលជាសហគមន៍រ៉ូហ៊ីនយ៉ាមូស្លីម។ តំបន់នេះត្រូវបានកងទ័ពភូមាវាយលុកកាន់កាប់នៅឆ្នាំ២០១៧ដោយសម្លាប់សហគមន៍នោះប្រមាណជា២០០០នាក់។

ក្នុងសំណុំរឿងទាំងនេះ កំពុងធ្លាក់នៅក្នុងការស៊ើបអង្កេតរបស់ក្រុមស៊ើបអង្កេតនៃតុលាការព្រហ្មទណ្ឌអន្ដរជាតិICC។

សេចក្ដីរាយការណ៍របស់សាព័ត៌មាន Yagoon Time បានចុះ ផ្សាយថាក្រុមរដ្ឋអាជ្ញាររបស់ ICC បានសំរេចបង្កើតក្រុមស៊ើបអង្កេតរបស់ខ្លួនរួចហើយ ដើម្បីសិក្សាអំពីការសម្លាប់មនុស្សនៅក្រោមរបបរដ្ឋប្រហាររបស់ពួកយោធាភូមា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលបានផ្ដាច់ជីវិតមនុស្សជាច្រើនរយនាក់។ ក្រុមអ្នកស៊ើបអង្កេតដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានអំពាវនាវទៅកាន់ប្រជាជនភូមា និងទៅកាន់ក្រុមសង្គមស៊ីវិលនៃប្រទេសភូមាឲ្យចង ក្រងសំណុំរឿងនិងស៊ើបអង្កេតបទឧក្រិដ្ឋទាំងឡាយណាដែលកើតចេញពីក្រុមរដ្ឋប្រហារនៃឧត្តមសេនីយ៍ មីនអ៊ុងឡាំង។

លោក Nicholas Koumjian ជាប្រធានក្រុមស៊ើបអង្កេតរបស់ICC បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា ជនទាំងឡាយណាដែលនៅពីក្រោយអំពើបាញ់សម្លាប់មនុស្សនៅរយៈពេលប៉ុន្មានថ្ងៃមកនេះគឺត្រូវតែទទួលខុសត្រូវនឹងប្រឈមមុខនឹងបទល្មើសរបស់ខ្លួនដូចដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ។

សេចក្ដីថ្លែងការណ៍របស់លោកបានបញ្ជាក់ដូចនេះថា ជនទាំងឡាយណាដែលបានប្រព្រឹត្ត បទឧក្រិដ្ឋ ទាំងនោះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ឧក្រិដ្ឋកម្មទាំងនោះត្រូវតែដាក់បញ្ជូលក្នុងសំណុំរឿងហើយធ្វើការចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដ៏ធ្ងន់ធ្ងរ។ ប៉ុន្ដែលោកទទួចថាដើម្បីឲ្យមានភស្តុតាងរឹងមាំគឺប្រជាជនភូមា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សជាតិនិងអន្ដរជាតិត្រូវចូលរួមស្រាវជ្រាវប្រមូលផុសតាងឲ្យមានភាពរឹងមាំដើម្បីបញ្ជាក់ថាអ្នកដែលប្រព្រឹត្តិបទ   ល្មើសនេះពុំអាចប្រកែកបានឡើយ។

តាមសេចក្ដីថ្លែងការណ៍របស់លោកបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិមិនត្រឹមតែបាញ់សម្លាប់មនុស្សស្លាប់នោះទេគឺការធ្វើទារុណកម្មការចាប់ខ្លួនទាំង កម្រោល ការចាប់ពង្រត់ ការប្រើប្រាស់កាំភ្លើងគ្រាប់ពិតបាញ់លើបាតុករ ដោយអហិង្សា គឺជាសំណុំរឿងឧក្រិដ្ឋកម្មកម្រិតអន្ដរជាតិ។

ស្របពេលដែលក្រុមរដ្ឋអាជ្ញារICCប្រកាសបង្កើតបណ្ដាញស៊ើបអង្កេតករណីសម្លាប់បាតុករនៅភូមាគឺអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអ្នកស្រី Christine Schraner Burgener និងលោកTom Andrews បានថ្លែងថាស្ថានភាពចុងក្រោយនេះដែលពួកយោធាបានបាញ់បង្ក្រាបទៅលើបាតុករ គឺជាទិដ្ឋភាពនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធ។

លោកបន្តថាការប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងពិតប្រាកដព្រោះរំលោភលើគោលការណ៍ច្បាប់អន្ដរជាតិ។ ប្រេសិតទាំងពីររូបនេះបានបញ្ជាក់ថាមនុស្សស្លាប់តាមដងផ្លូវជារៀងរាល់ថ្ងៃកើតចេញពីគ្រាប់កាំភ្លើងរបស់ពួកយោធា ហើយបទឧក្រិដ្ឋនេះកើតចេញពីការធ្វើរដ្ឋប្រហារថ្ងៃទី១កុម្ភៈ។

អ្នករាយការណ៍ពិសេសនេះ ក៏បានធ្វើរបាយការណ៍របស់ខ្លួនជារៀងរាល់ថ្ងៃដាក់ជូនទៅអ្នកស្រី Michelle Bachelet ដែលជាស្នងការសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិនិងជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ។

នៅថ្ងៃនេះសេចក្ដីរាយការណ៍ របស់បណ្ដាញសារព័ត៌មាន BBCបានចុះផ្សាយថាអ្នកស្រីស្នងការសិទ្ធិមនុស្ស Michelle Bachelet បានចេញសេចក្ដីថ្លែងការណ៍ ដោយអំពាវនាវជាថ្មីម្ដងទៀតទៅកាន់សហគមន៍អន្ដរជាតិនឹងទៅកាន់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្រោមចំណុះរបស់អង្គការសហប្រជាជាតិ ឲ្យជួយខ្នះខ្នែងដើម្បីបញ្ចប់ ការសម្លាប់ មនុស្សនៅតាមដងផ្លូវដែលកំពុងកើតមាននៅប្រទេសភូមាពីសំណាក់ពួកយោធា។អ្នកស្រីបានបញ្ជាក់ថាអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃហើយសូម្បីតែស្ដ្រីពរពោះក៏ស្លាប់ដោយសារពួកយោធាបាញ់សម្លាប់ផងដែរ។   អ្នកស្រីបានទទូចទៀតថាជនដៃដល់ និងមេឧត្តមសេនីយ៍ភូមា ត្រូវតែទទួលខុសត្រូវចំពោះការប្រព្រឹត្តិរបស់ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស