30.7 C
Phnom Penh

មន្ត្រីគណបក្ស GDP ថា ការដឹកនាំប្រទេសដោយរដ្ឋាភិបាលឯកបក្សប្រជាជននឹងមិនបានសុខទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP លើកឡើងថា ការដឹកនាំប្រទេសដោយឯកបក្ស ឬអំណាចផ្តាច់មុខ មិនអាចធ្វើឲ្យខ្មែរបានសុខនោះទេ។

ប្រធានគណកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះថា មេរៀនប្រវត្តិសាស្រ្តពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៃការធ្វើរដ្ឋប្រហារដណ្តើមអំណាចដែលបណ្តាលឲ្យមានភ្លើងសង្គ្រាមឆេះសន្ធោសន្ធៅនៅកម្ពុជា ហើយត្រូវបានបញ្ចប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

លោកបញ្ជាក់ថា បទពិសោធន៍សំខាន់ៗសម្រាប់ការដឹកនាំនយោបាយនៅកម្ពុជាគឺ ត្រូវរក្សាសន្តិភាពយូរអង្វែងដែលផ្សាភ្ជាប់ជាមួយសេរីភាពនយោបាយ។ ជាពិសេស ការគោរពសិទ្ធិសេរីភាពនយោបាយ និងតួនាទីគណបក្សកាន់អំណាច គណបក្សប្រឆាំង និងទាំងសង្គមស៊ីវិល ព្រមទាំងអំណាចសារព័ត៌មានផងដែរ។

លោក អះអាងថា ការជ្រើសរើសយកផ្លូវហិង្សានិយមនិងការធ្វើនយោបាយដោយខ្មែរចងគំនុំជាមួយខ្មែរ ដើម្បីដោះស្រាយផលប្រយោជន៍អំណាចនយោបាយបុគ្គល មិនមែនជាជម្រើសល្អសម្រាប់ជាតិខ្មែរទេ។  ជាងនេះទៀត ការធ្វើនយោបាយរបៀបបរទេសនិយមពឹងពាក់បរទេសពេក និងជឿបរទេសពេកគឺខាតតែប្រយោជន៍ជាតិប៉ុណ្ណោះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា មានតែការធ្វើនយោបាយនិងការដឹកនាំប្រទេសតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងតាមវប្បធម៌នយោបាយថ្មីដោយខ្មែរនិងខ្មែរគោរព យោគយល់ និងឲ្យតម្លៃនូវសិទ្ធិសេរីភាពនយោបាយគ្នាទៅវិញទៅមកនោះ ទើបខ្មែរអាចរួមគ្នាលើកស្ទួយសន្តិភាព សេរីភាព និងសាមគ្គីជាតិបានពិតប្រាកដ។

ការអះអាងនេះ ធ្វើឡើងចំថ្ងៃខួប៥១ឆ្នាំ ដែលក្រុមលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋសម្តេច នរោត្តម សីហនុ ពីតំណែងកាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ១៩៧០។

សៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលសរសេរដោយជនជាតិខ្មែរ និងបរទេសមួយចំនួនបានឱ្យដឹងថា ក្រោយរដ្ឋប្រហារបានជោគជ័យរបត់ប្រវត្តិសាស្ត្រខ្មែរត្រូវបានប្តូរពីរបបសង្គមរាស្ត្រនិយម ដឹកនាំដោយ                សម្តេច នរោត្តម សីហនុ គ្រានោះ មកជារបបសាធារណៈរដ្ឋខ្មែរ ដឹកនាំដោយក្រុមលោក លន់ នល់ ជំនួសវិញ។

របបគ្រប់គ្រងថ្មី ដែលមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក បានដឹកនាំប្រទេសបានរយៈពេល៥ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានក្រុមខ្មែរក្រហម ដឹកនាំដោយ សាឡុត សរ ហៅប៉ុល ពត ដែលមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម បានផ្តួលរំលំរដ្ឋាភិបាលរបស់លោកលន់ នល់ នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។

របបខ្មែរក្រហម ដឹកនាំប្រទេសបានជិត៤ឆ្នាំ ក៏ត្រូវបានកម្លាំងខ្មែរមួយក្រុម ដោយមានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់វៀតណាម លើកទ័ពផ្តួលរំលំ និងឈ្លានពានកាន់កាប់បានក្រុងភ្នំពេញនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩។

ចាប់ពីខែមករា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ កម្ពុជាបានធ្លាក់ទៅក្រោមនឹមអាណានិគមវៀតណាម ហើយកិច្ចការរដ្ឋស្ទើរទាំងអស់ត្រូវវៀតណាមជាអ្នករៀបចំ និងបានដាក់ជំនាញការរបស់ខ្លួនត្រួតត្រាខ្មែរស្ទើរទាំងស្រុង។ វៀតណាមគ្រាន់តែប្រើរូបភាពបិទបាំងខ្លះតាមរយៈលើកក្រុមខ្មែរមួយចំនួន ដែលបម្រើផលប្រយោជន៍របស់ខ្លួន បង្កើតជារដ្ឋាភិបាល ដែលអ្នកតាមដានសង្គមហៅថារដ្ឋាភិបាល អាយ៉ងរបស់  វៀតណាមនោះ។

ជម្លោះខ្មែរ និងខ្មែរ ដែលមានបរទេសនៅពីក្រោយ ក៏ត្រូវបានគេសម្មត់ថាបញ្ចប់តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ 

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅម៉ុងហៃ លើកឡើងថា ក្នុងទសវត្ស១៩៧០ កម្ពុជាមានការផ្លាស់ប្តូររបបនយោបាយ៣ដង ហើយរបបថ្មីបានធ្វើឲ្យខ្មែរវេទនាខ្ចេចខ្ទាំខ្លាំងជាងរបបចាស់ រហូតដល់បាត់បង់សមត្ថភាពគ្រប់គ្រងខ្លួនឯងបានជាប្រទេសឯករាជ្យ។

លោកបន្តថា របបដែលផ្លាស់ប្តូរក្រោយផ្តួលរំលំរបបខ្មែរក្រហម ពីសំណាក់កងព័ទវៀតណាមឈ្លានពានខ្មែរ ដើម្បីកម្ចាត់ខ្មែរក្រហមនោះ  គឺដើម្បីយកខ្មែរធ្វើជាអាណានិគម ដោយបង្កើតរដ្ឋាភិបាលមួយដែលអន្តរជាតិមិនទទួលស្គាល់ឡើយ។

លោកថា ការឈ្លានពានពីវៀតណាមពេលនោះ បង្កឱ្យមានសង្រ្គាម ធ្វើឱ្យខ្មែរវិនាសហិនហោច ក្ររហេមរហាម អស់រយៈពេលយ៉ាងយូររហូតដល់មាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ និងមានកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិ តាមរយៈអ៊ុនតាក់(UNTAC) រយៈពេល២ឆ្នាំនៅកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានប្រទេសជាហត្ថលេខីប្រមាណ២០ប្រទេសចូលរួម បានចែងអំពីឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងភាពមិនអាចរំលោភមកលើប្រទេស                 កម្ពុជាបាន។

កិច្ចព្រមព្រៀងនេះ ក៏បានកំណត់ពីគោលការណ៍ផ្លូវនយោបាយថ្មីសម្រាប់កម្ពុជាដើរ គឺលទ្ធិប្រជាធិបតេយ្យ ដែមានធាតុផ្សំមួយចំនួនទៀត ដូចជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយបក្សជាច្រើនចូលរួមប្រកួតប្រជែង។

ការបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល និងបានចែងពីគោលការណ៍គោរពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋជាដើម។

ប៉ុន្តែមកពេលបច្ចុប្បន្ន អ្នកឃ្លាំមើលយល់ឃើញថា គោលការណ៍ជាច្រើនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិសេសលទ្ធិប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាមានភាពមិនច្បាស់លាស់ ក្រោយពេលកម្ពុជាមានទំនោរកាន់ខ្លាំងទៅរកចិនកុម្មុយនីស្ត ហើយការដឹកនាំក៏ងាកទៅរករបបកុម្មុយនីស្តផ្តាច់ការកាន់តែខ្លាំងផងដែរ។

ជាក់ស្តែងតាំងពីរដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចចាប់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ និងរំលាយបក្សប្រឆាំងនេះ ព្រមទាំងដកហូតតំណែងបក្សជំទាស់ទាំងអស់ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់កំពូលរបស់ជាតិកាលពីចុងឆ្នាំ២០១៧ ហើយបន្តដឹកនាំប្រទេសដោយឯកបក្សមក ដែលសហគមន៍អន្តរជាតិបានវាយតម្លៃកម្ពុជាថា កំពុងដើរប្រាសចាកពីគន្លងលទ្ធិប្រជាធិបតេយ្យទាំងស្រុង។

ការដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យនេះ កម្ពុជាក៏ទទួលរងទណ្ឌកម្មផ្សេងៗពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទាំងទណ្ឌកម្មទៅលើរដ្ឋាភិបាល និងទៅលើបុគ្គលជាន់ខ្ពស់រដ្ឋាភិបាលជាបន្តបន្ទាប់៕             

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស