26 C
Phnom Penh

មេបញ្ជាការកងទ័ពជើងគោក កំពុងភ័យព្រួយការឆ្លងវីរុសកូវីដ១៩លើអ្នកដែលបានចាក់វ៉ាក់សាំងរួច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីយោធាជាន់ខ្ពស់នៃកងទ័ពជើងគោក បញ្ជាឲ្យមេបញ្ជាការកងទ័ពជើងគោកទាំងអស់យកចិត្តទុកដាក់ ដល់កងទ័ពក្រោមបង្គាប់ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បើទោះជាពួកគេបានចាក់វ៉ាកសាំងរបស់ចិន ហើយក៏ដោយ។

បទបញ្ជានេះធ្វើឡើងបន្ទាប់ពីនាយទាហានម្នាក់ ក្នុងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ បានឆ្លងជំងឺកូវីដ១៩ ស្របពេលសិក្ខាកាមរូបនោះបានចាក់វ៉ាក់សាំងទៅហើយក្តី។

មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានណែនាំឱ្យអង្គភាពទាំងអស់អនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងជំរុញឲ្យរៀបចំមណ្ឌលចត្តាឡីស័ក នៅទីតាំងកំពុងប្រតិបត្តិការ ក្នុងករណីដែលមន្ត្រីកងទ័ពវិជ្ជមានជំងឺកូវីដ១៩។

កាលពីពេលថ្មីៗនេះនាយទាហានម្នាក់ ឈ្មោះ ដារ៉ា សកល ជាមន្ត្រីយោធា ក្នុងអង្គភាពអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាម នៅសាកលវិទ្យាល័យការពារជាតិ បានឆ្លងវីរុសកូវីដ១៩ បើទោះបីរូបគេបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់ទៅហើយក្តី។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រោយរកឃើញថាមានការឆ្លងជំងឺកូវីដ១៩ ទៅលើមន្ត្រីយោធាក្នុងជួរកងទ័ពភ្លាម រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បាន ចេញបទបញ្ជា ទៅក្រុមការងារវ៉ាក់សាំងរបស់កងទ័ពទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារដែលពួកគេកំពុងប្រឈមជាក់ស្តែង ពិសេសពេលសម្ភាសអ្នកវិជ្ជមានកូវីដ១៩។

លោក ទៀ បាញ់ បញ្ជាក់ថា ទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានសុខាភិបាលដែរ ព្រោះវីរុសកូវីដ១៩ នៅតែអាចឆ្លង ទៅកាន់អ្នកដែលបានចាក់វ៉ាក់សាំងដូចអ្នកដែលមិនទាន់ចាក់ដែរ។ លោកបន្តថា  វិធានការដែលមានសុវត្ថិភាពបំផុត គឺការអនុវត្តតាមការណែនាំ ៣កុំ និង៣ការពារ ជានិច្ច ដើម្បីបញ្ជៀសការឆ្លងជំងឺនេះ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ក្នុងជួរ                      រដ្ឋាភិបាលដែលស្ម័គ្រចិត្ត ព្រមទទួលថ្នាំបង្កានេះ ដែលមានអាយុមិនលើសពី៥៩ឆ្នាំ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកដែលបានទួលថ្នាំបង្កាជំងឺកូវីដ១៩ ស៊ីណូហ្វាម ជាជំនួយរបស់ចិន ៦០ម៉ឺនដូសលើកដំបូង បានចំនួនជិត ២០ម៉ឺននាក់ហើយ ខណៈ៦០ម៉ឺនដូសទៀតនឹងបញ្ជូនទៅកម្ពុជា បន្តទៀត។

ត្រឹមថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប កើនឡើងដល់ជាង ១ពាន់ ៥រយនាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៨៤០នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៦៦២នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស