26 C
Phnom Penh

មន្ត្រីក្រសួងសុខាភិបាលអះអាងថា យ៉ាងហោចណាស់មានមនុស្សបីនាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិតមកដល់ថ្ងៃសុក្រទី១៩ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីក្រសួងសុខាភិបាលអះអាងថា មានអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ។

សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News  បានស្រង់សម្តីរបស់ក្រុមគ្រូពេទ្យនៅល្ងាចថ្ងៃទី១៩ ខែមីនានេះ ដោយបញ្ជាក់ថា អ្នកជំងឺម្នាក់ទៀតជាជនជាតិខ្មែររស់នៅរាជធានីភ្នំពេញ ដែលជាមនុស្សទី៣ បានស្លាប់ដោយសារជំងឺកូវីដ១៩។ 

ប្រភពដដែលបន្តថា អ្នកជំងឺរូបនោះ មានអាយុ៤៦ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែមិនមានជំងឺគួបផ្សំទេ។

សារព័ត៌មានដដែលបន្តថា សាកសពមនុស្សទី៣នេះ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៊ីន ជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ។ ប៉ុន្តែអ្នកជំងឺបានស្លាប់នៅម៉ោងជាង ៣រសៀល ថ្ងៃដដែលនេះ  ដោយសារសួតខ្សោយ ខ្លាំងពេក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ធ្លាប់បានអះអាងថា មនុស្សទី១ ដែលស្លាប់ដោយសារជំងឺកូវីដ១៩  មានវ័យ៥០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមីនា ។

ដោយឡែកមនុស្សទី២ គឺជាស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ ដែល  ជាភរិយាតារាចម្រៀងជើងចាស់ គឺ លោក ហួរ ឡាវី បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នៅព្រឹកថ្ងៃទី១៩ ខែមីនា នេះដែរ។

ដោយឡែក មនុស្សពីរនាក់ផ្សេងទៀត ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺនេះនៅមន្ទីរពេទ្យនៅឡើយនោះ ក៏បានស្លាប់ផងដែរ ប៉ុន្តែក្រសួងសុខាភិបាល បញ្ជាក់ថា ជាការស្លាប់ដោយសារជំងឺបេះដូងប៉ុណ្ណោះ។ 

គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់។ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៦៥៨នាក់។

ដោយសារស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា កាន់តែមានរូបភាពអាក្រក់ ក្នុងសារជាសំឡេងមួយនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ទៅមន្ត្រីពាក់ព័ន្ធឱ្យធ្វើយុទ្ធនាការរយៈពេល១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ អាស្ត្រាហ្សេណិកា ដែលសល់ជាង១១០ ០០០ដូស ជូនមនុស្សចាស់វ័យចាប់ពី៦០ឆ្នាំឡើងបន្ថែមទៀត ដោយផ្តោតតែពលរដ្ឋដែលនៅរាជធានីភ្នំពេញជាមុនសិន។

លោកបញ្ជាក់ថា ជំងឺរាតត្បាតនេះកំពុងវាយលុកខ្លាំងនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ដែលទាមទារឱ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្តទៀតទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះតាមវិធានការដែលបានដាក់ចេញ។

លោក ហ៊ុន សែន ក៏សុំការយោគយល់ផងដែរចំពោះ ពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំងនេះ ប៉ុន្តែលោកសន្យាថា ពួកគេនឹងទទួលបានដូចគ្នានៅពេលខាងមុខ។

ប្រមុខរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ចិនចំនួន១លាន ៥សែនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។

ក្រៅពីនេះលោករំពឹងថា សម្រាប់វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ចិននៅសល់ចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាមុនបុណ្យចូលឆ្នាំខ្មែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស