31.8 C
Phnom Penh

រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យសណ្ឋាគារ និងអគារចំនួន៦កន្លែងទៀត បើកធ្វើអាជីវកម្មឡើងវិញក្រោយបញ្ចប់ធ្វើចត្តាឡឺស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសណ្ឋាគារ និងអគារចំនួន ០៦កន្លែង បើកធ្វើអាជីវកម្មឡើងវិញ ក្រោយពីបញ្ចប់ធ្វើចត្តាឡឺស័ក ស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៩ ខែមីនា នេះ ឲ្យសណ្ឋាគារ ៦កន្លែងនៅក្នុងខេត្ត ដែលបានបញ្ចប់ធ្វើចត្តាឡឺស័ក រួមមាន អគារស្នាក់នៅរួម វ៉ាន់ឃឹឈឹង ជាអគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារកាស៊ីណូជីនប៉ី សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ សណ្ឋាគារហានហ្គ័ន (មីងគ័ន) សណ្ឋាគារអាលីយ៉ា អ៊ីនធ័រណេសិនណល សណ្ឋាគារ ប្រីលលានស៊ី និងកាស៊ីណូ ប៉ឡាយ សណ្ឋាគារ-កាស៊ីណូជីនប៉ីព័រអ៊ី (ជីន ប៉ី៣)។

ក្រោយអនុញ្ញាតឲ្យដំណើរការឡើងវិញ លោក គួច ចំរើន ណែនាំដល់អ្នកគ្រប់គ្រង ឬម្ចាស់សណ្ឋាគារ និងអគារស្នាក់នៅទាំងនោះ ត្រូវបន្តអនុវត្តវិធានការ “៣កុំ និង៣ការពារ”។ ប៉ុន្តែនៅថ្ងៃដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាបិទទីតាំងចំនួន ០២កន្លែងផ្សេងទៀត មិនឲ្យបើកធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នដើម្បីធ្វើចត្តាឡឺស័ក ព្រោះមានអ្នកឆ្លងជំងឺកូវីដ-១៩។

សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ នៅបន្តត្រួតពិនិត្យ រាលការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តនេះ តាមព្រំប្រទល់ខេត្ត តាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវផ្សេងៗទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បានស្នើការយោគយល់ពីពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ចំពោះសកម្មភាពរឹតបន្តឹងការធ្វើដំណើរចល័តចេញចូលខេត្តព្រះសីហនុ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថា វិធានការរឹតបន្តឹងការធ្វើចរាចរណ៍ ចេញ-ចូលខេត្តព្រះសីហនុ គឺជាវិធានការជោគជ័យដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ចូលសហគមន៍។

មន្ត្រីដដែលបន្តថា ការធ្វើចរាចរណ៍របស់ពលរដ្ឋ ចេញ ចូល ឆ្លងកាត់ខេត្តព្រះសីហនុ និងបើកឲ្យដំណើរការជាធម្មតាឡើងវិញ នៅពេលអាជ្ញាធរខេត្តព្រះសីហនុ និងក្រុមគ្រូពេទ្យជំនាញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស