38 C
Phnom Penh

លោក ផែង វណ្ណៈ សូមទោសសង្ឃទូទាំងប្រទេស ប៉ុន្តែពលរដ្ឋចង់ឱ្យមានចំណាត់ការច្បាប់ ករណីប្រមាថព្រះជន្មព្រះសង្ឃវត្តបូណ៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតម្ចាស់គេហទំព័រសារព័ត៌មាន Phengvannaknews និងជាមន្ត្រីយោធាលោក ផែង វណ្ណៈ ដែលធា្លប់គំរាមសម្លាប់លោក កឹម សុខា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើលិខិតមួយ សុំទោសព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស។ ការសុំទោសនេះ ចំពោះកំហុសរបស់លោកដែលជេរប្រមាថព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប។

ក្នុងលិខិតមួយ ដែលចែកចាយកាលពីយប់ថ្ងៃទី១៨ ខែមីនា លោក ផែង វណ្ណៈ បញ្ជាក់ក្នុងលិខិតសុំទោសនោះថា ដោយមើលឃើញមន្ត្រីពាក់ព័ន្ធចុះទៅ មិនមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលសង្ឃ ដែលប្រព្រឹត្តខុស។ ម្យ៉ាងទៀតដោយសារ មានចិត្តអាណិតអាសូរចំពោះជនរងគ្រោះដែលទទួលរងរបួសធ្ងន់ធ្ងរនោះ និងដោយសារតែលោក ពុំបានយល់ពីវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ ដែលតម្រូវឱ្យអប់រំដោយប្រើអំពើហិង្សាមិនខុសច្បាប់ លោកក៏បានរិៈគន់ខ្លាំងៗទៅលើមន្ត្រីមួយចំនួន ដែលចុះទៅសម្របសម្រួល និងបុគ្គលសង្ស័យដែលប្រើអំពើហិង្សា រហូតប្រើពាក្យប្រមាថធ្ងន់ធ្ងរ ទៅលើបុគ្គលសង្ឃអង្គនោះ។

លិខិតដដែល បញ្ជាក់ថា ប្រសិនបើអ្វីដែលលោកបានធ្វើនោះ ជារឿងខុសឆ្គង ឱ្យលោកសូមទោសចំពោះការជេរប្រមាថសង្ឃ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។

ការសុំទោសជាសាធារណៈពីលោក ផែង វណ្ណៈ នេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងព័ត៌មាន បានលុបអាជ្ញាបណ្ណគេហទំព័រ phengvannaknews.com  កាលពីរសៀលថ្ងៃទី១៨មីនា។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមហ្វេសប៊ុកថា ដោយខឹងចំពោះការប្រើទណ្ឌកម្មដោយរំពាត់ផ្តៅ ទៅលើព្រះភិក្ខុ និងសាមណេ ក្នុងវត្តរាជបូណ៌៩អង្គ ដែលបានប្រព្រឹត្តខុសវិន័យ។ ទណ្ឌកម្មនេះ លេចចេញ តាមរយៈវីដេអូឃ្លីបមួយដែលចែកចាយលើបណ្តាញសង្គម។

លោក ផែង វណ្ណៈ បញ្ជាក់ក្នុងពេលផ្សាយផ្ទាល់នោះ ដោយប្រមាថព្រះជន្មព្រះចៅអធិការវត្តបូណ៌ និងជេរប្រមាថទៅលើមន្ត្រីរាជការក្នុងខេត្តសៀមរាបផងដែរ។

លោកថា «ប្រសិនបើវ៉ៃកូនលោកដល់ថ្នាក់ហ្នឹង លោកនឹងទៅបាញ់ក្បាលចោលតែម្តង។ »

យ៉ាងនេះក្តី ក្នុងលិខិតសូមទោសនោះ សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មួយចំនួននៅមិនទាន់ពេញចិត្តនៅឡើយទេ ដោយថាការសុំទោសរបស់លោក ផែង វណ្ណៈ ធ្វើឡើងដោយមិនស្មោះ ហើយពួកគេក៏ចង់ឱ្យមានចំណាត់ការច្បាប់ចំពោះការប្រមាថព្រះជន្មព្រះសង្ឃផងដែរ។ 

កាលពីថ្ងៃទី១៧ ខែមីនា គណសង្ឃនាយកខេត្តសៀមរាបព្រះភិក្ខុ ជុំ គឹមឡេង បានប្រគេនថ្វាយលិខិតមួយស្នើសម្តេចសង្ឃនាយក នន្ទ ង៉ែត ឱ្យអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការច្បាប់លើ លោក ផែង វណ្ណៈ ឱ្យសមទៅតាមអ្វីដែលបុគ្គលនេះបានប្រព្រឹត្ត ចំពោះទង្វើជេរប្រមាថធ្ងន់ធ្ងរលើសមាជិកថេរៈសភាសង្ឃ និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។

ព្រះអង្គបញ្ជាក់ ថា ទង្វើរបស់លោក ផែង វណ្ណៈ នេះ បានធ្វើឲ្យប៉ះពាល់ដល់កត្តិយសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបាន។

លោក ផែង វណ្ណៈ ត្រូវបានគេស្គាល់ថាជាអតីតមន្ត្រីជាន់ខ្ពស់នគរបាលនៃក្រសួងមហាផ្ទៃ និង បច្ចុប្បន្នលោកបានផ្លាស់ប្តូរទៅក្រោមក្របខណ្ឌក្រសួងការពារជាតិវិញ។

កាលពីខែធ្នូឆ្នាំ២០១៣ គណនេយ្យហ្វេសប៊ុកឈ្មោះថា ផែង វណ្ណៈ ក៏ធ្លាប់បានបង្ហោះសារគំរាមសម្លាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយភ្ជាប់នូវរូបថតកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ ប៉ុន្តែករណីនេះមិនមានវិធានការច្បាប់លើលោក ផែង វណ្ណៈ ឡើយរហូតមកទល់ពេលបច្ចុប្បន្ន។

យ៉ាងណាលោក ផែង វណ្ណៈ ធ្លាប់ជាប់ពន្ធនាគារម្តងកាលពីឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្តឹងផ្តល់គ្នា ពីសំណាក់អគ្គនាយកអង្គភាពសារព័ត៌មានFresh News ក្រោយរងការចោទថា បង្ហោះសារលើហ្វេសប៊ុក ក្នុងចេតនាធ្វើឱ្យមានការយល់ច្រឡំថា លោក ហ៊ុន សែន ជាឃាតកសម្លាប់លោកបណ្ឌិតកែម ឡី ដែលត្រូវគេបាញ់សម្លាប់ខែកក្កដា ឆ្នាំ២០១៦នោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស