26 C
Phnom Penh

សកម្មជនការពារព្រៃឈើថា យុទ្ធនាការល្បាតព្រៃដោយសេរីធ្វើឡើង ដើម្បីស្នើទៅនាយករដ្ឋមន្ត្រីបានល្បាតព្រៃបន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារព្រៃ លើកឡើងថា យុទ្ធនាការល្បាតព្រៃដោយសេរី ធ្វើឡើងដើម្បីអបអរសាទរទិវាព្រៃឈើពិភពលោក និងមានបំណងដើម្បីឲ្យ លោក ហ៊ុន សែន ជួយបើកផ្លូវឲ្យសកម្មជនការពារបរិស្ថានចូលរួមចំណែកការពារព្រៃឈើខ្មែរ ដែលកំពុងរងការគម្រាមកំហែងសព្វថ្ងៃនេះ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា យុទ្ធនាការនេះគឺជាសកម្មភាពមួយ ដើម្បីទាមទារឲ្យមន្ត្រីបរិស្ថាន មន្ត្រីឧទ្យានរក្ស អនុញាតិឲ្យសកម្មជនព្រៃឈើ ក៏ដូចជាសកម្មជនបរិស្ថានអាចចូលល្បាតព្រៃដោយពុំមានការរារាំង។ លោកអះអាងថា រយៈពេល២ឆ្នាំចុងក្រោយនេះសកម្មជនការពារព្រៃឈើ រងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរក្នុងតំបន់អភិរក្សជាបន្តបន្ទាប់ ហើយបទល្មើស ក៏ត្រូវបានប្រជាសហគមន៍រកឃើញថាកើតមានឥតស្រាកស្រាន្តផងដែរ។

លោក អះអាងថា បន្ទាប់ពីមានការឹតត្បិតមិនឱ្យសកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍ ចូលល្បាតព្រៃបាន បទល្មើសកាប់ឈើធំៗ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងតំបន់ ព្រៃរការ និងតំបន់ព្រៃឡង់ជាដើម។

ដូច្នេះបើអាជ្ញាធរនៅតែបន្តការរារាំងពលរដ្ឋ និងសកម្មជនទាំងនោះមិនឱ្យល្បាតព្រៃបន្តទៀត ហាក់បង្ហាញថា បទល្មើសទាំងនោះមានការស៊ុមគ្រលំជាប្រព័ន្ធរវាងឈ្មួញឈើខុសច្បាប់ និងមន្ត្រីពុករលួយនៅតំបន់នោះ។

លោក ហេង ស្រស់ អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជួយថែរក្សា ព្រៃឈើខ្មែរ និងធនធានធម្មជាតិរបស់កម្ពុជា ដោយគ្រាន់តែជួយបំផុសស្មារតី សរសេរលើដើមឈើ ឬថតបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុកដោយសរសេរពាក្យថា ល្បាតព្រៃឈើដោយសេរី ដើម្បីចូលរួមជួយការពារព្រៃឈើ ដែលមានតម្លៃមហាសាល ឲ្យបានគង់វង្ស។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីបណ្តាញសកម្មជនការពារព្រៃឈើបានបង្ហោះសារលើបណ្តាញសង្គម ហ្វេសប៊ុក ដោយមានអត្ថន័យថា សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ ។

សារមួយទៀត មានន័យថា ល្បាតព្រៃដោយសេរី ឬ ព្រៃឈើកាន់តែបាត់ រីឯសិទ្ធិអ្នកការពារកាន់តែរឹតត្បិត ហើយសារទាំងនេះ ដើម្បីអបអរសាទរយុទ្ធនាការតស៊ូមតិ និងទិវាព្រៃឈើពិភពលោក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ខាងមុខ។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សមាគមបណ្តាញយុវជនកម្ពុជា CYN បានសហការជាមួយក្រុមសកម្មជនព្រៃឈើ ដើម្បីធ្វើយុទ្ធនាការតស៊ូមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកដ៏ធំមួយ និងដើម្បីចូលរួមអបអរសាទរដល់ទិវាព្រៃឈើពិភពលោក  ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ក្រោមប្រធានបទ ល្បាតព្រៃដោយសេរី។

សមាគមបណ្តាញយុវជនកម្ពុជា បញ្ជាក់ថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ពុំមានមាត្រាណាមួយដែលតម្រូវឱ្យសហគមន៍មូលដ្ឋានត្រូវចុះបញ្ជីជាសហគមន៍តំបន់ការពារធម្មជាតិជាចាំបាច់ រួចត្រូវចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងបរិស្ថានជាមុនសិន ទើបមានសិទ្ធិចូលរួមល្បាត និងការពារព្រៃឈើនោះឡើយ។

ពាក់ព័ន្ធបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះថា GDP សូមសំដែងការគាំទ្រដល់ការផ្តួចផ្តើមគំនិតរបស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារព្រៃឈើ ដែលស្របទៅនឹងគោលនយោបាយរបស់ខ្លួន ដែលបានបង្កើតឡើងដើម្បីលើកស្ទួយ និងគាំទ្រទាំងផ្លូវច្បាប់ និងថវិកាដល់បណ្ដាញពលរដ្ឋក្នុងការឃ្លាំមើល និងការពារព្រៃឈើ។

បក្ស GDP ជំរុញ ឲ្យរដ្ឋាភិបាលត្រូវផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់បរិស្ថានដើម្បីធ្វើការអភិវឌ្ឍជីវភាពតាមរយ:មុខរបរចិញ្ចឹមជីវិតផ្សេងៗ ដូចជាកសិកម្ម សេវាទេសចរណ៍ធម្មជាតិ អនុផលព្រៃឈើ សិប្បកម្មកែច្នៃផ្សេងៗជាដើម។

គណបក្សក្រៅរដ្ឋាភិបាលមួយនេះ សង្កត់ធ្ងន់ថា មានតែការចូលរួមពី ពលរដ្ឋប្រកបដោយសុទ្ធចិត្តប៉ុណ្ណោះ ទើបព្រៃឈើ និងធនធានធម្មជាតិ របស់កម្ពុជាដែលនៅសេសសល់អាចថែរក្សាគង់វង្សយូរអង្វែងបាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស