32 C
Phnom Penh

ក្រសួងធម្មការ និងសាសនា ស្នើតុលាការចាត់វិធានការច្បាប់ លើលោក ផែង វណ្ណៈ ដោយគ្មានការលើកលែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងធម្មការ និងសាសនា បានដាក់លិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សុំចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណ ចំពោះការជេរប្រមាថ និងគំរាមសម្លាប់ព្រះតេជព្រះគុណ ពិន សែម  ។

លិខិតរបស់ក្រសួងធម្មការ និងសាសនា ដាក់ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះបញ្ជាក់ថា ទង្វើរបស់លោក ផែង វណ្ណៈ ល្មើសទៅនឹងក្រមព្រហ្មទណ្ឌ មាត្រា៥១៦ គឺពាក់ព័ន្ធការប្រមាថចំពោះព្រះសង្ឃ និងល្មើសទៅនឹងមាត្រា ៤៩៦ ស្តីពីបទញុះញង់ឲ្យមានការរ៉ើសអើង និងមាត្រា២៣៣ ពីបទគម្រាមកំហែងសម្លាប់ផងដែរ។

ក្រសួងធម្មការ បានអះអាងថា ការប្រើភាសាប្រមាថមើលងាយលើព្រះសង្ឃ រហូតប្រមាថ ជីវិតបុព្វជិត ដល់ការបាញ់សម្លាប់ ដែលជាការប្រើពាក្យ នាំឲ្យមានការរើសអើង ចំពោះព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាងនេះទៀត បុគ្គល ផែង វណ្ណៈ បានដៀលត្មិះមន្ត្រីថេរសភាសង្ឃ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។

បញ្ហានេះក្រសួង បានអំពាវនាវ ឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  កណ្តាល ចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈ ស្របតាមច្បាប់ជាធរមាន។ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមហ្វេសប៊ុកប្រើពាក្យមិនសមរមជេរប្រមាថព្រះសង្ឃ ព្រះគ្រូចៅ អធិការវត្តរាជបូណ៌ ហៅវត្តបូណ៌កាលពីពេលថ្មីៗកន្លងទៅនេះ។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ព្រះភិក្ខុ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ត្រូវបានសមត្ថកិច្ច មន្ត្រីធម្មការ និងសាសនាខេត្ត ព្រមទាំង មន្ត្រីសង្ឃ បានចុះធ្វើកំណត់ហេតុសាកសួរ ក្រោយបែកធ្លាយខ្សែវីដេអូដែលបង្ហាញពីការវាយ ព្រះវាយភិក្ខុ និងសាមណេរ៩អង្គ នឹងរំពាត់ផ្តៅ ។ យ៉ាងណាក៏ដោយ ក្រោយសាកសួរ អាជ្ញាធរ និងមន្ត្រីសង្ឃក្នុងខេត្តបានសម្រេចឲ្យព្រះអង្គធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿងនេះតែម្តង។

ក្រោយថ្ងៃកើតហេតុមួយថ្ងៃ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលបានប្រើពាក្យជេប្រមាថ រហូតប្រើពាក្យបាញ់សម្លាប់លើព្រះ តេជគុណ ពិន សែម ថែមទៀត។

ដោយសារតែបញ្ហានេះ នៅថ្ងៃទី១៨ ខែមីនា ក្រសួងព័ត៌មាន បានសម្រេចលុបចោលលុបអាជ្ញាប័ណ្ណសារព័ត៌ លោក ផែង វណ្ណៈភ្លាមៗ ដោយថាបានផ្សាយនូវព័ត៌មានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរពុទ្ធសាសនា និងបានធ្វើខុសទៅនឹងកិច្ចសន្យាដែលតម្កាល់ទុកនៅក្រសួងព័ត៌មាន។

យ៉ាងណាក៏ដោយ ក្រោយពីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណអាជីវកម្មរបស់ខ្លួន លោក ផែង វណ្ណៈ បានចេញលិខិតសុំទោសជាសាធារណៈ និងបានទៅក្រាបថ្វាយបង្គំសុំការអភ័យទោស ពីព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដោយផ្ទាល់ថែមទៀត។

យ៉ាងណាក៏ដោយ ព្រះមហាវិមលធម្ម ពិន សែម បានយល់ព្រមលើកលែងទោសឲ្យលោក ផែង វណ្ណៈ ដោយព្រះអង្គគ្រាន់តែអប់រំណែនាំតាមឱវាទរបស់ព្រះពុទ្ធតែប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើកកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កំហុសរបស់លោក ផែង វណ្ណៈ មិនទាន់ដល់កម្រិតអនុវត្តតាមផ្លូវច្បាប់នោះទេ គ្រាន់តែអប់រំណែនាំ គឺគ្រប់គ្រាន់ហើយ។

លោ ម៉ែន ណាត បញ្ជាក់ ការសុំទោសដែលលោក ផែង វណ្ណៈ បានធ្វើឡើងកន្លងមក គឺគ្រប់គ្រាន់ ដែលបង្ហាញថាគាត់បានទទួលស្គាល់កំហុស ហើយក៏សមល្មមនឹងគួរលើកលែងទោសដល់រូបលោកផងដែរ ។ដូច្នេះអាជ្ញាធរគួរតែសម្របសម្រួលដល់រូបគាត់ជៀសវាងការចាប់ខ្លួនដែលនាំស្ថានការណ៍ដែលកំពុងតែល្អប្រសើរឡើងវិលទៅរកភាពអាប់អួរសារជាថ្មី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស